រដ្ឋាភិបាលកម្ពុជា បានសម្រេចកសាងផ្លូវក្រវ៉ាត់ក្រុងថ្មីមួយខ្សែទៀត ដែលនឹងចំណាយថវិកា ៣០០លានដុល្លារ ដោយថា ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចកម្ពុជា។
ផ្លូវក្រវ៉ាត់ក្រុងទី៣ ប្រវែងជាង ៥២គីឡូម៉ែត្រ ដែលភ្ជាប់ផ្លូវជាតិលេខ ៤ ភាគខាងលិចរាជធានីភ្នំពេញ ទៅនឹងផ្លូវជាតិលេខ ១ នៅក្នុងទឹកដីខេត្តកណ្ដាលនោះ ត្រូវបានបើកការដ្ឋាននៅថ្ងៃនេះ ហើយគ្រោងនឹងចំណាយថវិកាយ៉ាងតិច ២៧៣លានដុល្លារអាមេរិក ដែលជាកម្ចីបានមកពីរដ្ឋាភិបាលចិន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងក្នុងពិធីបើកការដ្ឋាននៅថ្ងៃនេះថា៖ «អតុល្យភាពទៅលើវិស័យមួយចំនួន ក្នុងហ្នឹងមានអតុល្យភាពរវាងតម្រូវការរបស់ប្រជាជននៅក្នុងការធ្វើដំណើរ ជាមួយនឹងការខ្វះមធ្យោបាយ ប៉ុន្តែ ឥឡូវនេះ អតុល្យភាពនោះ វាត្រូវបានលុបបំបាត់ចោលហើយរវាងចំនួនប្រជាជន សេចក្តីត្រូវការនៃការធ្វើដំណើរ ជាមួយមធ្យោបាយនៃការធ្វើដំណើរ»។
លោក ហ៊ុន សែន ក៏បានអះអាងនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកផងដែរថា ក្រៅពីជួយសម្រួលដល់ចរាចរណ៍នៅរាជធានីភ្នំពេញ ផ្លូវក្រវ៉ាត់ក្រុងថ្មីនេះ គឺជាការតភ្ជាប់ទៅកាន់ផ្លូវហាយវ៉េអាស៊ាន និងច្រករបៀកសេដ្ឋកិច្ចនៃភាគខាងកើតប្រទេស។
ផ្លូវក្រវ៉ាត់ក្រុងចំនួន ២ខ្សែ ត្រូវបានកសាងរួចហើយ ដោយខ្សែទី១ ភ្ជាប់ពីស្ពានជ្រោយចង្វាទៅដល់ស្ពានស្ទឹងមានជ័យ និងខ្សែទី២ ភ្ជាប់ផ្លូវជាតិលេខ ៥ ទៅកាន់ផ្លូវជាតិលេខ ៤ ឬហៅថា ផ្លូវទំនប់កប់ស្រូវ។
បណ្ឌិតសេដ្ឋកិច្ច និងមន្ត្រីស្រាវជ្រាវនៅរាជបណ្ឌិតកម្ពុជា លោក គី សេរីវឌ្ឍន៍ បានទទួលស្គាល់ពីសារៈសំខាន់នៃផ្លូវក្រវ៉ាត់ក្រុងមួយនេះ ប៉ុន្តែ លោកបានចោទសួរអំពីគុណភាពផ្លូវ ដែលលោកថា រងការរិះគន់ពីមហាជនជានិច្ច។
លោកផ្តល់ជាអនុសាសន៍ថា៖ «ការទប់ស្កាត់ការរិះគន់ រដ្ឋាភិបាលត្រូវតែបង្ហាញថា ផ្លូវនេះ គឺយើងធ្វើក្នុងកម្រិតប៉ុណ្ណា។ ឧទាហរណ៍ថា ផ្លូវដែលយើងធ្វើ យើងអាចបញ្ជាក់គេថា ផ្លូវនេះ ដោយសារថវិកាវាមានកម្រិតប៉ុណ្ណា យើងធ្វើគុណភាពវាបែបនេះ។ ប្រសិនបើយើងបង្ហាញឲ្យដឹងច្បាស់ទៅ តម្លាភាពទៅ មិនមានបញ្ហាទេ ហើយទីពីរ កាត់បន្ថយអំពើពុករលួយក្នុងការធ្វើផ្លូវឲ្យបានកាន់តែច្រើន នោះធ្វើឲ្យមានការកោតសរសើរពីមហាជន»។
ចិនតែងតែផ្តល់ជំនួយដល់កម្ពុជាជាបន្តបន្ទាប់ ជាពិសេសជំនួយកសាងផ្លូវ ស្ពាន និងហេដ្ឋារចនសម្ព័ន្ធផ្សេងទៀត។ បើគិតមកដល់ចុងឆ្នាំ២០១៨នេះ កម្ពុជាបានជំពាក់បំណុលចិនដល់ទៅជាង ៤ពាន់លានដុល្លាររួចមកហើយ៕