អតីតមេដឹកនាំបក្សប្រឆាំងអះអាងថា សហភាពអន្តរជាតិនឹងមិនដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើកម្ពុជានោះទេ បើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ឈប់ការធ្វើនយោបាយគាបសង្កត់លើប្រជាពលរដ្ឋ និងស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញនោះ។
លោក សម រង្ស៊ី លើកឡើងបែបនេះ តែមួយថ្ងៃប៉ុណ្ណោះក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងព្រមានកម្ទេចបក្សប្រឆាំងនៅកម្ពុជាចោល បើសហគមន៍អន្តរជាតិដកហូតប្រព័ន្ធអនុគ្រោះពន្ធពីប្រទេសកម្ពុជា។
ក្នុងហ្វេសប៊ុករបស់អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានសរសេរថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនត្រូវខឹងសហភាពអឺរ៉ុប ដែលគ្រោងផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជាទេ។
អតីតមេបក្សប្រឆាំងរូបនេះ បានជំរុញទៅគូប្រជែងនយោបាយរបស់លោក ឲ្យគិតគូរដល់សុខមាលភាពប្រជាពលរដ្ឋ និងបើកលំហប្រជាធិបតេយ្យឡើងវិញ ដើម្បីបញ្ចៀសហានិភ័យណាមួយចំពោះសេដ្ឋកិច្ចកម្ពុជា។
លោក សម រង្ស៊ី សរសេរថា៖ «បើ ហ៊ុន សែន ឯងចង់បញ្ចៀសទណ្ឌកម្មទាំងនោះ ពីព្រោះ ហ៊ុន សែន ឯងចេះគិតគូរពីសុខមាលភាពប្រជារាស្ត្រខ្មែរ ហ៊ុន សែន ឯង គ្រាន់តែបញ្ឈប់នយោបាយគាបសង្កត់មកលើប្រជារាស្ត្រ ហើយចាប់ផ្តើមចរចាជាមួយសហភាពអឺរ៉ុប ដើម្បីបើកផ្លូវឲ្យលទ្ធិប្រជាធិបតេយ្យរស់ឡើងវិញនៅកម្ពុជាទៅ វាបានទៅហើយ»។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ នៅខេត្តកណ្តាល លោក ហ៊ុន សែន ថ្លែងថា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើប្រទេសកម្ពុជា គឺមិនខុសពីសម្លាប់បក្សប្រឆាំងនោះទេ ហើយក៏លែងមានដែរចំពោះការនិយាយពីបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា។
លោក ហ៊ុន សែន ថ្លែងថា៖ «ដោយសារអ្នកជ្រុលតែដាក់ទណ្ឌកម្មខ្ញុំហើយ អ្នកក៏គ្មានសិទ្ធិដើម្បីនិយាយប្រដៅខ្ញុំរឿងសិទ្ធិមនុស្ស ឬប្រជាធិបតេយ្យអីនោះដែរ គឺអត់ទេ ហើយខ្ញុំចង្អុលបង្ហាញថា បើសិនអ្នកឯងដាក់ទណ្ឌកម្មខ្ញុំ គឺស្មើនឹងវៃសម្លាប់គណបក្សប្រឆាំងនៅកម្ពុជា។ ខ្ញុំនិយាយប្រាប់អ្នកឯងឱ្យច្បាស់ ព្រោះគ្មានរឿងអីដែលខ្ញុំត្រូវថ្នាក់ថ្នម ព្រោះវាបានតែជ្រុលអីចឹងទៅហើយ ឱ្យវាទៅបណ្តោយទៅ។ ជាន់កហ្អែងថែម»។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោក មាស នី បានជំរុញទៅអ្នកនយោបាយ ឲ្យព្យាយាមស្វែងរកដំណោះស្រាយទម្លុះទម្លាយជម្លោះនយោបាយ ដើម្បីធានាថា ពលរដ្ឋ និងសេដ្ឋកិច្ចកម្ពុជា មិនរងផលប៉ះពាល់ដែលបណ្ដាលមកពីវិធានការរបស់សហគមន៍អន្តរជាតិ។
លោក មាស នី មានប្រសាសន៍ថា៖ «បើយើងខឹងគេ ហើយមកដុតផ្ទះឯងទៀត ក៏មិនមានដំណោះស្រាយអ្វីក្រៅដែរ។ បើដុតផ្ទះខ្លួនឯង ឆេះផ្ទះខ្លួនឯងអស់ គេមិនឈឺក្បាលជាមួយយើង។ សហគមន៍អឺរ៉ុបដែលគេសម្រេចថា ធ្វើ គឺគេធ្វើហើយ ជារឿងពិត»។
កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ សមាជិកព្រឹទ្ធសភាអាមេរិកចំនួន ២រូប បានស្នើទៅរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ឲ្យសើរើច្បាប់ពាណិជ្ជកម្ម ឬដកហូតប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មទូទៅ GSP ជាមួយកម្ពុជា ខណៈសហភាពអឺរ៉ុប ដែលជាទីផ្សារធំបំផុតនៃទំនិញនាំចេញពីកម្ពុជានោះ ក៏បានដំណើរការដកហូតប្រព័ន្ធអនុគ្រោះពន្ធ «អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ» (EBA) ពីកម្ពុជាផងដែរ ដែលប្រព័ន្ធនៃការអនុគ្រោះពន្ធទាំងពីរនេះ បានធ្វើឲ្យកម្ពុជាចំណេញថវិកាជាង ១ពាន់លានដុល្លារក្នុងមួយឆ្នាំ៕