ពលរដ្ឋនិងអាជ្ញាធរមូលដ្ឋាននៅខេត្តកំពង់ធំ បានលើកឡើងថា ឈ្មួញនៅតែបន្តដឹកឈើពីខេត្តនេះរាប់សិបឡាននិងគោយន្ត ជារៀងរាល់យប់ ដើម្បីយកទៅចែកចាយនៅចំការលើខេត្តកំពង់ចាម។
ពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានទាំងនោះ បានរៀបរាប់ប្រាប់ VOD នៅថ្ងៃនេះថា ជារៀងរាល់ថ្ងៃ ជាពិសេសនៅពេលយប់ចន្លោះម៉ោង៩ រហូតទៀបភ្លឺ មានរថយន្តយីឌុក និងគោយន្តកែឆ្នៃ ដឹកឈើផ្តៀក ឈើទាល រាប់រយគីបចេញពីតំបន់ព្រៃឡង់ ឆ្លងកាត់ស្រុកសន្ទុក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដើម្បីយកទៅចែកចាយបន្តនៅចំការលើ ខេត្តកំពង់ចាម។
ប្រភពដែលផ្តល់រូបនិងរាយការណ៍ប្រាប់ វីអូឌី ហើយសុំមិនបង្ហាញអត្តសញ្ញាណបាន ស្នើទៅអាជ្ញាធរពាក់ព័ន្ធ ជាពិសេសរដ្ឋាភិបាលជួយអន្តរាគមន៍ជុំវិញបញ្ហានេះ ដើម្បីកាត់បន្ថយកុំឲ្យបទល្មើសព្រៃឈើកើតឡើងបន្តទៀត។
អភិបាលរងខេត្តកំពង់ធំ លោក សុខ ហៃ សុំមិនបំភ្លឺជុំវិញករណីនេះ ដោយលោកបង្វែរសំនួរឲ្យទៅសួរមន្ត្រីមន្ទីរកសិកម្មប្រចាំខេត្ត និងមន្ត្រីរដ្ឋបាលព្រៃឈើទៅវិញ។
វីអូឌី មិនទាន់អាចទាក់ទងទៅមន្ត្រីមន្ទីរកសិកម្ម និង មន្ត្រីរដ្ឋបាលព្រៃឈើខេត្តកំពង់ធំបានទេនៅថ្ងៃនេះ។
ប្រជាសហគមន៍ព្រៃឡង់ ប្រចំាខេត្តកំពង់ធំ លោក ហឿ សុភាព មានប្រសាសន៍ថា បទល្មើសព្រៃឈើដែលឈ្មួញដឹកចេញពីខេត្តកំពង់ធំនោះ ជាឈើនៅក្នុងតំបន់ព្រៃឡង់។ លោកថា បើរដ្ឋាភិបាលមិនទប់ស្កាត់ និងពង្រឹងការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធិភាពទេ នឹងធ្វើឲ្យព្រៃឈើនៅកម្ពុជាបាត់បង់អស់នៅថ្ងៃអនាគត។
លោកមានប្រសាសន៍ថា៖ «នៅក្នុងការទប់ស្កាត់ព្រៃឈើ វាអត់ដដែល គឺសុំសម្តេចធ្វើការស្រាវជ្រាវ ឬធ្វើការស៊ើបអង្កេតនៅក្នុងករណីនេះ ក្នុងប្រទេសកម្ពុជា ជាពិសេសព្រៃឡង់តែម្តង ព្រៃឡង់កំពុងតែបាត់បង់យ៉ាងខ្លាំងជាប់ពិមួយថ្ងៃទៅមួយថ្ងៃ សុំសម្តេចមេត្តា ចុះប្រមើលនៅក្នុងតំបន់ព្រៃឡង់ ជាពិសេសដាក់មន្ត្រីក្រោមឱវាទ ឲ្យដាក់សម្ពាធគាត់ឲ្យខ្លាំង ឲ្យគាត់មានការអនុវត្តច្បាប់» ។
នៅអំឡុងពេលជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរនៅក្រុងញូវយ៉ក កាលពីថ្ងៃទី៣០ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយដល់បញ្ហាការបាត់បង់ព្រៃឈើនៅក្នុងប្រទេសកម្ពុជា ដោយក្នុងនោះលោកបានបន្ទោសទៅលើ «ចោរ» និង «ពលរដ្ឋ» ចំពោះការបាត់បង់ព្រៃឈើនៅកម្ពុជា ដោយលោកថា «ចោរ» បានលួចកាប់ព្រៃឈើ ហើយចំនួន «ពលរដ្ឋ» កើនឡើងបានជំរុញឲ្យមានការចូលកាប់ឆ្ការព្រៃឈើយកដី។
អង្គការ Global Witness ចេញរបាយការណ៍ស៊ើបអង្កេតជាច្រើនស្ដីវិនាសកម្មព្រៃឈើនៅកម្ពុជា បានរកឃើញថា វិនាសកម្មព្រៃឈើបង្កឡើងដោយបុគ្គលមានអំណាច មានលុយ និងមានឥទ្ធិពល ហើយបុគ្គលទាំងនោះ សុទ្ធតែមានទំនាក់ទំនងជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។
របាយការណ៍នេះបញ្ជាក់ថា ព្រៃឈើត្រូវបានកាប់
និងដឹកជញ្ជូនចេញពីតំបន់ការពារ ឬតំបន់អភិរក្ស ដូចជា តំបន់ព្រៃឡង់
និងតំបន់ការពារស្ថិតនៅតាមបណ្ដាខេត្តភាគឦសានកម្ពុជា
ជាប់នឹងព្រំដែនវៀតណាមជាដើម៕