ចេកអំបូងលឿងនឹងនាំចេញទៅប្រទេសចិនលើកដំបូងក្នុងខែមីនា

សកម្មភាពវេចខ្ចប់ចេកអំបូងលឿងរបស់​​​ក្រុមហ៊ុនកៅស៊ូបឹងកេត។ រូបភាព៖ ហ្វេសប៊ុក ក្រសួងកសិកម្ម

កម្ពុជានឹងនាំចេកអំបូងលឿងលើកដំបូងទៅកាន់ប្រទេសចិននៅខែមីនា ឆ្នាំ២០១៩ខាងមុខនេះ ​​​ក្រោយពេលអ្នកជំនាញចិនត្រួតពិនិត្យគុណភាពនិងអនាម័យ។

ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ លោក​ កែ មុន្ធីវុធ បានប្រាប់ វីអូឌី ឲ្យដឹងថា អ្នកជំនាញចិននឹងមកប្រទេសកម្ពុជានៅពាក់កណ្តាលខែកុម្ភៈ ដើម្បីវាយតម្លៃលើគុណភាពនិងភូតគាមអនាម័យលើដំណាំចេកលឿង ហើយបន្ទាប់មកនឹងសម្រេចផ្តល់សិទ្ធឲ្យក្រុមហ៊ុនណាមួយដែលមានស្តង់ដារទីផ្សារដើម្បីនាំចេញ។

លោក​ កែ មុន្ធីវុធ បានមានប្រសាសន៍ថា៖ «នៅខែ២ ថ្ងៃទី១៧​នេះ អ្នកជំនាញចិនអាចមកបាន ហើយអនុវត្តនីតិវិធី ពិនិត្យ និងវាយតម្លៃបចេ្ចកទេស អនុឡោមភាពខាងអនាម័យនិងភូតគាមអនាម័យ ហើយពេលគេត្រឡប់ទៅវិញគេរៀបចំធ្វើរបាយការណ៍ ​​​ហើយអាចចំណាយពេល។ ​​​ក្នុងអំឡុងពេលខែ៣ សង្ឃឹមថា យើងនឹងអាចនាំចេញទៅបាន » ។

យោងតាមការចុះផ្សាយលើទំព័រហ្វេសប៊ុករបស់ក្រសួងកសិកម្ម កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ ឲ្យដឹងថា រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក វេង សាខុន បានចូលរួមពិធីវេចខ្ចប់ចេកអំបូងលឿងរបស់​​​ក្រុមហ៊ុនកៅស៊ូបឹងកេត ដើម្បីត្រៀមនាំចេញទៅទីផ្សារប្រទេសចិនជាលើកដបូង។

ប្រភពដដែលបានឲ្យដឹងថា ក្រុមហ៊ុកៅស៊ូបឹងកេត បានដាំដុះចេកអំបូងលឿងលើផ្ទៃដីសាកល្បង ៥០០ហិចតា ក្នុងនោះផ្ទៃដី១០០ហិចតា កំពុងធ្វើការប្រមូលផល​​​និងវេចខ្ចប់នាំចេញទៅកាន់ទីផ្សារចិន ហើយគ្រោងពង្រីកផ្ទៃដីដាំដុះឲ្យដល់ ១,៥០០ហិចតា ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារប្រទេសចិន។

កម្ពុជាបាននាំចេកអំបូងលឿងទៅប្រទេសវៀតណាមជាង១ឆ្នាំមកហើយដែរ។ ​​​គិតមកដល់ឆ្នាំ២០១៩នេះ មានក្រុមហ៊ុនដាំដុះដំណាំចេកចំនួន១០ហើយ ដែលបានចុះបញ្ជី​​​សម្រាប់នាំចេញទៅកាន់ទីផ្សារក្រៅប្រទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ