មេដឹកនាំស្ថាប័នឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា បង្ហាញក្ដីបារម្ភថា កម្ពុជាមិនទទួលបានផលចំណេញនៅក្នុងទំនាក់ទំនងពាណិជ្ជកម្មជាមួយចិននោះទេ ខណៈលោកក៏ព្រមានផងដែរពីហានិភ័យនៃការជាប់អន្ទាក់បំណុល។
អំឡុងដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចិនកាលពីសប្ដាហ៍មុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា រូបលោកផ្ទាល់ និងប្រធានាធិបតីចិន លោក ស៊ី ជិនភីង បានប្ដេជ្ញាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យដល់ចំនួន ១០ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០២៣ខាងមុខ។
ការប្ដេជ្ញាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីនេះ ត្រូវបាននាយកប្រតិបត្តិនៃអង្គការខុមហ្វ្រែល លោក គល់ បញ្ញា មើលឃើញថា កម្ពុជាជាអ្នកខាតបង់ ហើយប្រទេសចិនបានទទួលផលចំណេញដល់ទៅ ៥ដងឯណោះតាមរយៈទំហំនៃការនាំចូលទំនិញចិនមកកម្ពុជាច្រើនជាងកម្ពុជានាំទំនិញចេញទៅប្រទេសចិន។
លោក គល់ បញ្ញា បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃម្សិលមិញថា៖ «គឺឱនភាព ឬខាតខ្លាំងសម្រាប់កម្ពុជា តែចិនទេជាអ្នកចំណេញ ៥ទល់១ […] ក្រៅពីឲ្យលុយខ្ចីជាមួយលក្ខខណ្ឌការប្រាក់ខ្ពស់ និងការបញ្ចាំ ប្រទេសក្រីក្រធ្វើពាណិជ្ជកម្មជាមួយចិនជូបបញ្ហាឱនភាពនៃជញ្ជីងពាណិជ្ជកម្មធ្ងន់ធ្ងរជាមួយចិននិងជាប់អន្ទាក់បំណុលដោយបោះបង់កម្មសិទ្ធិគម្រោង និងប្រគល់ធនធានធម្មជាតិឲទៅចិន»។
ក្រៅពីថា កម្ពុជាជាអ្នកខាតបង់នៅក្នុងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីជាមួយចិនហើយនោះ មេដឹកនាំអង្គការសង្គមស៊ីវិលរូបនេះ ក៏បានលើកឡើងដែរថា កម្ពុជាទទួលបានផលចំណេញពីទំនាក់ទំនងពាណិជ្ជកម្មជាមួយមហាអំណាចសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប ដោយកម្ពុជាបាននាំចេញទំនិញចូលទៅទីផ្សារទាំងពីរនេះ ច្រើនជាងសហរដ្ឋអាមេរិក និងអឺរ៉ុបនាំទំនិញចូលមកកម្ពុជា។
លោក គល់ បញ្ញា បានរៀបរាប់បន្តថា៖ «ប៉ុន្តែ ប្រទេសលោកសេរីដែលគាំទ្រសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ កម្ពុជានាំចេញ ឬសហភាពអឺរ៉ុបនាំចូលពីកម្ពុជា ៥ តែសហភាពអឺរ៉ុបនាំចេញ ឬកម្ពុជានាំចូលពីសហភាពអឺរ៉ុបបានតែ ០.២ គឺសហភាពអឺរ៉ុបជាអ្នកជួបឱនភាព ឬខាត តែកម្ពុជាជាអ្នកចំណេញច្រើន។ ពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ក៏កម្ពុជាបានចំណេញ ៣ ទល់ ០.៤»។
លោក គល់ បញ្ញា ក៏រំលឹករដ្ឋាភិបាលពីបញ្ហាឱនភាពនៃជញ្ជីងពាណិជ្ជកម្មជាមួយចិន និងការជាប់អន្ទាក់បំណុល ដោយលោកថា ប្រទេសក្រីក្រដែលធ្វើពាណិជ្ជកម្មជាមួយចិននោះ បានបង្ខំចិត្តបោះបង់សិទ្ធិ និងប្រគល់ធនធានធម្មជាតិឲ្យទៅចិន។
ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសឲ្យដឹងអំឡុងដំណើរទស្សនកិច្ចនៅចិនកាលពីសប្ដាហ៍មុនថា មានតម្លៃដល់ទៅ ៥.៦ពាន់លានដុល្លារកាលពីឆ្នាំ២០១៨កន្លងមកនេះ ហើយមេដឹកនាំប្រទេសទាំងពីរក៏បានប្ដេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីនេះ ឲ្យកើនឡើងដល់ចំនួន ១០ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០២៣ខាងមុខនេះ។
ក្រៅពីផ្ដល់ជំនួយឥតសំណងយ៉ាងច្រើនដល់កម្ពុជា ចិនក៏ជាម្ចាស់បំណុលធំបំផុតសម្រាប់កម្ពុជាផងដែរ ដែលមានចំនួនដល់ទៅជិត ៧ពាន់លានដុល្លារគិតត្រឹមឆមាសទី១នៃឆ្នាំ២០១៨កន្លងមកនេះ ឬបានកាន់កាប់ចំណែកបំណុលកម្ពុជាដល់ទៅជាង ៤២ភាគរយ ក្នុងចំណោមបំណុលសរុបដែលកម្ពុជាជំពាក់បរទេស៕