អាជ្ញាធរពាក់ព័ន្ធខេត្តព្រះវិហារ បានច្រានចោលការទទួលខុសត្រូវចំពោះការបាត់ខ្លួនពលរដ្ឋម្នាក់ ដែលត្រូវបានសមត្ថកិច្ចខេត្តនេះ ចាប់ខ្លួនកាលពីខែមករាកន្លងមកនេះ។
បុរសឈ្មោះ ស៊ុំ ម៉ឺន ត្រូវបានទាហាននៅកងពលតូចលេខ ៦ ចាប់ខ្លួននៅក្នុងចំណោមពលរដ្ឋ ១៤នាក់ទៀត នៅក្នុងជម្លោះដីធ្លីមួយជាមួយក្រុមហ៊ុនមេត្រីភាព នៅឃុំយាង ស្រុកជាំក្សាន្ត កាលពីថ្ងៃទី២០ ខែមករាកន្លងមក ហើយត្រូវបានក្រុមគ្រួសារអះអាងថា បានបាត់ខ្លួនរហូតមក។
នាយសេនាធិការកងពលលេខ៦ លោក លុយ សម្បត្តិ បានប្រាប់ វីអូឌី កាលពីសប្ដាហ៍មុនថា លោកពិតជាបានចាប់ខ្លួនពលរដ្ឋរូបនោះមែន នៅក្នុងចំណោមអ្នកភូមិដទៃទៀត។
នៅពេលត្រូវបានសួរនាំអំពីការបាត់ខ្លួនអ្នកម្នាក់ មន្ត្រីយោធារូបនេះ បានបដិសេធបកស្រាយលម្អិត ហើយចង្អុលបង្ហាញឲ្យទៅសាកសួរទៅមន្ត្រីបរិស្ថាន និងអាជ្ញាធរស្រុក។
លោក លុយ សម្បត្តិ ប្រាប់ថា៖ «សួរទំនាក់ទំនងទៅអាជ្ញាធរស្រុក ហើយមន្ត្រីបរិស្ថាន ព្រោះកម្លាំងហ្នឹង ខាងមន្ត្រីបរិស្ថាន និងកងរាជអាវុធហត្ថស្រុកជាអ្នកយកទៅ»។
ប្រធានស្ដីទីមន្ទីរបរិស្ថានខេត្ត លោក ស៊ឹង ចាន់សុជាតិ សុំមិនធ្វើអត្ថាប្បាយអំពីបញ្ហានេះទេ ដោយថា ជាបញ្ជារបស់ថ្នាក់លើ ហើយលោករុញឲ្យទៅសួរប្រធានមន្ទីរបរិស្ថានវិញ។
លោក ស៊ឹង ចាន់សុជាតិ ប្រាប់ថា៖ «ពាក់ព័ន្ធបញ្ហាឆ្លើយតប ខ្ញុំអត់អាចឆ្លើយបតបបានទេ ដោយសារយើងមានការណែនាំពីថ្នាក់លើមក។ ក្នុងសេចក្ដីណែនាំហ្នឹង គេថា មានតែប្រធានមន្ទីរទេ អាចទាក់ទងប្រធានមន្ទីរទៅ»។
ប៉ុន្តែ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក អៀ សុខា អះអាងថា លោកមិនបានដឹងរឿងនេះទេ ដោយថា លោកកំពុងចូលរួមរៀនសូត្រនៅរាជធានីភ្នំពេញ ហើយលោកក៏បានរុញឲ្យសួរទៅប្រធានស្ដីទីមន្ទីរបរិស្ថានខេត្ត លោក ស៊ឹង ចាន់សុជាតិ វិញ។
លោក អៀ សុខា ប្រាប់វីអូឌីតាមទូរស័ព្ទថា៖ «ខ្ញុំអត់បានជ្រាបព័ត៌មានហ្នឹងទេ ដោយសារ ឥឡូវ ខ្ញុំជាប់មករៀននៅសាលាភូមិន្ទរដ្ឋបាលរយៈពេល ១ឆ្នាំហើយ អាចទាក់ទងអ្នកទទួលខុសត្រូវនៅនោះ»។
វីអូឌី មិនអាចសុំការអត្ថាធិប្បាយអភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា បានទេ ដោយទូរសព្ទចូល ប៉ុន្តែ គ្មានអ្នកទទួល។
ព្រះរាជអាជ្ញារងសាលាដំបូងខេត្តព្រះវិហារ លោក ទី សុវិនថាល់ សុំមិនធ្វើអត្ថាធិប្បាយទេ ប៉ុន្តែ លោកបង្វែរសំណួរនេះ ឲ្យសួរទៅព្រះរាជអាជ្ញាសាលាដំបូងខេត្តព្រះវិហារវិញ។
លោក ទី សុវិនថាល់ មានប្រសាសន៍ថា៖ «សួរព្រះរាជអាជ្ញាបណ្ដោយទៅ ខ្ញុំ[ព្រះរាជអាជ្ញា]រងខ្ញុំម៉េចដឹង។ ខ្ញុំអត់ដឹងទេ សួរព្រះអាជ្ញារទៅ ខ្ញុំព្រះរាជអាជ្ញាររង»។
ភរិយាលោក ស៊ុំ ម៉ឺន គឺអ្នកស្រី ភូ ភឹមម៉ៅ បង្ហាញក្ដីបារម្ភអំពីសុវត្ថិភាពស្វាមីរបស់អ្នកស្រី ក្រោយពីអ្នកស្រីបានសាកសួរទៅអាជ្ញាធរ និងមន្ត្រីកងរាជអាវុធហត្ថនៅស្រុកជាំក្សាន្តអំពីស្វាមីអ្នកស្រីហើយ ប៉ុន្តែ អ្នកស្រីនៅតែគ្មានបានដំណឹងអំពីស្វាមីរបស់អ្នកស្រីស្ថិតនៅកន្លែងណានោះឡើយរហូតមកដល់ពេលនេះ។
អ្នកស្រី ភូ ភឹមម៉ៅ ប្រាប់ថា៖ «លោកពូ ប្ដីខ្ញុំគេចាប់ទៅថា រត់ ថាអីនោះ ទៅណាមកណាដែរដល់ពេលនេះ? គេថា ប្ដីចែឯងរត់រួចហើយ ខ្ញុំថា រត់រួចទាំងជាប់ខ្នោះអញ្ចឹង? គេថា សុំគេដោះលែងហូបបាយ ដល់ពេលគេឲ្យហូបបាយហើយទៅងូតទឹក ងូតទឹកហើយរត់បណ្ដោយ។ ខ្ញុំថា រត់ចុះ បើរត់ហើយ តាំងពីថ្ងៃនោះរហូតដល់ថ្ងៃនេះ ម៉េចមិនប្រាប់ប្រពន្ធកូនឲ្យដឹងផង។ វាមិនដែល! វាមិនដែលអាណា បើខ្ញុំដឹងដំណឹង ខ្ញុំមិនដើររកទេ។ ខ្ញុំដើររកចង់ឆ្កួតហើយ ខ្ញុំរកគ្រប់កន្លែងទាំងអស់ គេថា វាមិនបាត់ទេប្ដីហ្នឹងនោះ បន្តិចទៀតរកឃើញ»។
មន្ត្រីសម្របសម្រួលសមាគគមន៍អាដហុកប្រចាំខេត្តព្រះវិហារ លោក ឡោ ចាន់ បានជំរុញទៅមន្ត្រីយោធា លោក លុយ សម្បត្តិ ឲ្យទទួលខុសត្រូវចំពោះការបាត់ខ្លួនពលរដ្ឋរូបនេះ ហើយលោកក៏ស្នើទៅក្រសួងការពារជាតិ និងស្ថាប័នពាក់ព័ន្ធ ឲ្យចាត់វិធានការទៅលើមន្ត្រីថ្នាក់ក្រោម ដែលមិនទទួលខុសត្រូវចំពោះការបាត់ខ្លួនពលរដ្ឋផងដែរ។
លោក ឡោ ចាន់ មានប្រសាសន៍ថា៖ «លោក លុយ សម្បត្តិ គាត់ជាអ្នកប្រព្រឹត្តផ្ទាល់ គាត់ជាអ្នកចាប់គេផ្ទាល់ ប៉ុន្តែ នៅពេលមានបញ្ហាអីកើតឡើង រហូតដល់មានការបាត់ខ្លួនបែបនេះ គឺចុងក្រោយគាត់ដោះដៃទៅវិញ។ […] យើងឃើញថា ខាងអាជ្ញាធរយើងក៏ដូចជា ខាងកងពលលេខ ៦ គឺពុំមានការទទួលខុសត្រូវផ្នែកច្បាប់ណាមួយទេ ដោយសារទង្វើដែលគាត់ធ្វើ នៅពេលត្រូវអត់អីទេ នៅពេលខុស គឺគាត់តែងដោះសារ ហើយបើយើងមើល វាជាទម្លាប់របស់អាជ្ញាធរទៅហើយ»។
អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ មានប្រសាសន៍ថា លោកកំពុងធ្វើពិនិត្យចំពោះរឿងនេះ។
វីអូឌី មិនអាចសុំការអធិប្បាយពីអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភត្រា បានទេនៅថ្ងៃនេះ។
អ្នកភូមិជាង ២០០នាក់ ដែលមានជម្លោះដីធ្លីទំហំជាង ៨៥០០ហិកតាជាមួយក្រុមហ៊ុនមេត្រីភាពនោះ បាននាំគ្នាមកស្វែងរកអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ម្ដងរួចមកហើយកាលពីថ្ងៃទី៣១ ខែមករាកន្លងមក ដើម្បីស្នើឲ្យដោះលែងពលរដ្ឋ ១៤នាក់ និងដោះស្រាយបញ្ចប់វិវាទដីធ្លីជួនពួកគេ៕