មន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានឲ្យដឹងថា ស្ថាប័នពិភពលោកមួយនេះ កំពុងតែស៊ើបអង្កេតលើការបាត់ខ្លួនពលរដ្ឋម្នាក់នៅឯខេត្តព្រះវិហារ ក្រោយពីបុរសម្នាក់នោះ ត្រូវបានក្រុមទាហានចាប់ខ្លួនកាលពីខែមករា ខណៈដែលក្រុមគ្រួសារកំពុងស្វែងរកកិច្ចអន្តរាគមន៍ពីស្ថាប័ននានា។
មន្ត្រីព័ត៌មាន និងទំនាក់ទំនងនៃការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា (OHCHR) លោក Mahmoud Garga បានប្រាប់ វីអូឌី តាមសារអេឡិត្រូនិចនៅថ្ងៃនេះថា ស្ថាប័នអន្តរជាតិមួយនេះ បានចុះធ្វើបេសកកម្មស្វែងរកការពិតមួយនៅក្នុងករណីបុរសម្នាក់ ដែលកំពុងបាត់ខ្លួននៅឡើយ បន្ទាប់ពីលោកត្រូវបានចាប់ខ្លួននៅក្នុងខេត្តព្រះវិហារចន្លោះពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែកុម្ភៈនេះ។
មន្ត្រីនាំពាក្យស្ថាប័ន UN ប្រចាំនៅកម្ពុជារូបនេះ បានឲ្យដឹងបន្ថែមថា ក្រុមមន្ត្រីសិទ្ធិមនុស្ស UN បានចុះទៅជួបភាគីពាក់ព័ន្ធទាំងអស់ ក្នុងនោះមានទាំងអាជ្ញាធរថ្នាក់ស្រុក និងខេត្ត ព្រះរាជអាជ្ញាសាលាដំបូងខេត្តព្រះវិហារ មន្ត្រីយោធា សាច់ញាតិជនរងគ្រោះ និងអង្គការមិនមែនរដ្ឋាភិបាលផងដែរ។
នៅពេលសាកសួរលម្អិតអំពីលទ្ធផលនៃការស៊ើបអង្កេតនេះ លោក Mahmoud Garga បានឆ្លើយតបថា៖
«ការស៊ើបអង្កេតកំពុងតែនៅបន្តដំណើរការ ហេតុនេះ យើងមិនអាចចែករំលែកព័ត៌មានលម្អិតករណីនេះនៅដំណាក់កាលនេះបានទេ»។
អ្នកស្រី ភូ ភឹមម៉ៅ ជាភរិយាអ្នកភូមិឈ្មោះ ស៊ុំ ម៉ឺន បានអះអាងថា ស្វាមីអ្នកស្រីត្រូវបានទាហាននៅកងពលតូចលេខ៦ ចាប់ខ្លួននៅក្នុងចំណោមពលរដ្ឋ ១៤នាក់ទៀត នៅក្នុងជម្លោះដីធ្លីមួយជាមួយក្រុមហ៊ុន«មេត្រីភាព» ស្ថិតនៅឃុំយាង ស្រុកជាំក្សាន្ត កាលពីថ្ងៃទី២០ ខែមករាកន្លងមក ហើយបានបាត់ខ្លួនរហូតមក។
អ្នកស្រី ភូ ភឹមម៉ៅ ប្រាប់ វីអូឌី នៅថ្ងៃនេះថា អ្នកស្រីធ្វើដំណើរមករាជធានីភ្នំពេញកាលពីថ្ងៃទី១៤ ខែកុម្ភៈ ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីក្រសួងការពារជាតិ ប៉ុន្តែ អ្នកស្រីថា ក្រសួងបានច្រានចោលបណ្ដឹងរបស់អ្នកស្រីកាលពីថ្ងៃម្សិលមិញនេះ។
អ្នកស្រី ភូ ភឹមម៉ៅ រៀបរាប់ថា៖ «គេឲ្យកែដាក់សារថ្មី ឥឡូវកែរួចហើយ គេមិនទទួលវិញ អាពាក្យបណ្ដឹងយើងហ្នឹង ខាងក្រសួងការពារជាតិ។ ខ្ញុំមិនដឹងម៉េចទេ! គេតេមកម្សិលមិញ គេថា ឲ្យខ្ញុំទៅដកវិញ។ ឥឡូវ ខ្ញុំមិនទៅដកទេ បើសិនគាត់ធ្វើការឲ្យ ឬមិនធ្វើការ ឲ្យទុកនៅហ្នឹងទៅ។ ខ្ញុំដាក់ឲ្យជួយដោះស្រាយរឿងប្ដីខ្ញុំ កូនហ្នឹងឯង វាយប្ដីខ្ញុំ វាយកូនខ្ញុំ ហើយចាប់ប្ដីខ្ញុំទៅហើយថា រត់រួច ខ្ញុំអត់ជឿទេ»។
អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ បានឲ្យដឹងថា លោកបានសាកសួរទៅខាងកងពលតូចលេខ២ និងលេខ ៦ ហើយ ប៉ុន្តែ កងពលតូចទាំងពីរនេះ ប្រាប់ថា ពុំបានដឹងអំពីករណីនេះទេ។
អ្នកនាំពាក្យរូបនេះបានប្រាប់បន្ថែមថា លោកបានជំរុញទៅគ្រួសារលោក ស៊ុំ ម៉ឺន ឲ្យដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរមូលដ្ឋាន ដោយថា អាជ្ញាធរទាំងអស់នោះបានដឹងពីហេតុការណ៍នៃការបាត់ខ្លួននោះ។
លោក ឈុំ សុជាតិ មានប្រសាសន៍ថា៖ «បើតាមខ្ញុំយល់ គួរពាក្យបណ្ដឹងពីមូលដ្ឋានមក ព្រោះតាមរយៈមូលដ្ឋានមក វាស្រួលចាត់ការជាង។ មូលដ្ឋានដែលគាត់រស់នៅហ្នឹង គេចាត់ការតាមហ្នឹង។ ក្រសួងការពារជាតិនៅលើក្ដាប់អត់បានដែរ អញ្ចឹងដាក់ទៅអាជ្ញាធរត្រពាំងប្រាសាទទៅស្រុកអន្លង់វែងទៅ គេស្រាវជ្រាវតាមហ្នឹងឲ្យ»។
អ្នកភូមិជាង ២០០នាក់ ដែលមានជម្លោះដីធ្លីទំហំជាង ៨៥០០ហិកតាជាមួយក្រុមហ៊ុនមេត្រីភាពនោះ បាននាំគ្នាមកស្វែងរកអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ម្ដងរួចមកហើយកាលពីថ្ងៃទី៣១ ខែមករាកន្លងមក ដើម្បីស្នើឲ្យដោះលែងពលរដ្ឋ ១៤នាក់ និងដោះស្រាយបញ្ចប់វិវាទដីធ្លីជួនពួកគេ៕