អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃណែនាំឲ្យមន្ដ្រីរដ្ឋាភិបាលយកចិត្តទុកដាក់ទៅលើក្រុមការងារថ្នាក់ជាតិបម្រើពលរដ្ឋ ជាជាងការពង្រឹងក្រុមការងារគណបក្ស។
រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងដូច្នេះនៅក្នុងពិធីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និង ទិសដៅការងារសម្រាប់ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តស្ទឹងត្រែង នៅឯខេត្ដស្ទឹងត្រែង នាព្រឹកថ្ងៃពុធនេះ។
លោក ស ខេង អះអាងថា ក្រុមការងារថ្នាក់ជាតិគឺជាអ្នកអនុវត្តកម្មវិធីនយោបាយ ដែលរដ្ឋាភិបាលបានដាក់ចេញ ដើម្បីដោះស្រាយបញ្ហាពលរដ្ឋ និងការអភិវឌ្ឍជាតិមូល។
លោក ស ខេង ថ្លែងថា៖ «ម្យ៉ាងទៀតក៏យើងឲ្យតម្លៃមកដល់ថ្នាក់រដ្ឋបាលក្រោមជាតិ គឺថ្នាក់ខេត្តដែលតាមច្បាប់ជាតំណាងឲ្យរដ្ឋាភិបាល អញ្ចឹងយើងបានកែសម្រួលយ៉ាងដូច្នេះ។ ហើយជាមួយនេះ យើងក៏កំពុងកែសម្រួលក្រុមការងារថ្នាក់ជាតិ ដែលយើងខិតខំធ្វើម៉េចពង្រឹងក្រុមការងារថ្នាក់ជាតិឲ្យខ្លាំង ឲ្យខ្លាំងជាងក្រុមការងារគណបក្ស តាមទស្សនៈរបស់ខ្ញុំ។ មូលហេតុដោយសារក្រុមការងារថ្នាក់ជាតិ គឺជាប្រតិបត្តិករដើម្បីពាំនាំនូវកម្មវិធីនយោបាយយុទ្ធសាស្ដ្រចតុកោណរបស់រដ្ឋាភិបាល មករួមជាមួយរដ្ឋបាលនៅកន្លែងនេះចាត់តាំងអនុវត្ត គ្រប់វិស័យទាំងអស់។ ឯក្រុមការងារគណបក្ស គឺគេធ្វើការគណបក្ស មានពេលវេលាច្រើនដើម្បីធ្វើការគណបក្ស»។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្ដិភាព លោក យង់ គិមអេង យល់ថា ការបែងចែកមិនច្បាស់លាស់ រវាងតួនាទីរបស់មន្ដ្រីនៅថ្នាក់ក្រោមជាតិ និងមន្ដ្រីបម្រើការងារគណបក្ស បានធ្វើឲ្យគុណភាពនៃការផ្ដល់សេវាជូនប្រជាពលរដ្ឋ មានការចុះខ្សោយ និងគ្មានប្រសិទ្ធិភាព។
លោកថា ក្រៅពីប៉ះពាល់ដល់គុណភាពនៃផ្ដល់សេវាសាធារណៈហើយនោះ លោកថា វាក៏ប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាលខ្លួនឯង ដោយថា ពលរដ្ឋអាចមិនពេញចិត្តចំពោះសកម្មភាពរបស់មន្ដ្រីទាំងនោះ។
លោកបន្ដថា៖ «មន្ដ្រីរដ្ឋាភិបាលសាធារណៈដែលត្រូវបម្រើប្រជាពលរដ្ឋដោយឥតលម្អៀង មិនគួរឲ្យគាត់ចូលពាក់ព័ន្ធជាមួយបញ្ហានយោបាយទេ ហើយអាចមន្ដ្រីនយោបាយធ្វើតែកិច្ចការនយោបាយទៅ ធ្វើអញ្ចឹងប្រហែលជាមានប្រយោជន៍ […] មន្ដ្រីនៅថ្នាក់ក្រោមជាតិគ្នារវល់វីវក់តែនឹងការងារបក្សហ្នឹង ហើយការងារដែលបម្រើសេវាពលរដ្ឋ គឺអត់សូវបានមានពេលគ្រប់គ្រាន់ ក្នុងការកែលម្អពីដំណាក់កាលមួយទៅដំណាក់កាលមួយទេ»។
ច្បាប់ស្ដីពីលក្ខន្ដិកៈមន្ដ្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា៣៧ បានកំណត់ឲ្យមន្ដ្រី រាជការត្រូវមានអព្យាក្រឹត្យនៅក្នុងសកម្មភាពការងារ និងហាមមិនឲ្យពួកគេប្រើប្រាស់មុខងារ ដើម្បីបម្រើឲ្យសកម្មភាពនយោបាយឡើយ។
នៅមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាលពីឆ្នាំ២០១៧ អតីតគណបក្សសង្គ្រោះជាតិក៏បានប្រើប្រាស់សារនយោបាយប្រហាក់ប្រហែលគ្នានេះដែរនៅក្នុងអំឡុងពេលយុទ្ធនាការរកសំឡេងឆ្នោត គឺសារនយោបាយ «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ដ្រ»។
ប៉ុន្តែសារនយោបាយនេះ ត្រូវគណបក្សប្រជាជនកម្ពុជាថ្កោលទោស និងប្តឹងទៅតុលាការ ដោយចោទថា មានលក្ខណៈញុះញង់ និងប្រមាថដល់មេឃុំ ឬចៅសង្កាត់ ដែលខិតខំបំពេញការងារបម្រើពលរដ្ឋ៕