ប្រធានគម្រោងបោសសំអាតមីន និងជួយជនពិការដោយសារមីននៅក្នុងខេត្តបាត់ដំបង បានជួបគ្រោះថ្នាក់ដាច់ប្រអប់ដៃកាលពីម្សិលមិញដោយសារតែផ្ទុះឆ្នាំងសាកទូរសព្ទប្រភេទiPhone។
ប្រធានមជ្ឈមណ្ឌលកំចាត់មីនកម្ពុជាហៅកាត់ស៊ីម៉ាក លោក ហេង រតនា បានសរសេរសារលើហ្វេសប៊ុករបស់លោកថា មន្ត្រីដែលរងគ្រោះនេះឈ្មោះ សោម សុជាតិ។ លោកថា នឹងស៊ើបអង្កេតឲ្យច្បាស់លាស់ដើម្បីបង្ការគ្រោះថ្នាក់ដល់សាធារណជន។
លោក ហេង រតនា៖« នេះគឺរឿងមិនគួរឱ្យជឿទាល់តែសោះ ព្រោះកម្លាំងផ្ទុះខ្លាំង បង្កកំទេចប្រអប់ដៃទាំងមូល របួសខ្លួន និងកផងដែរ ដែលចាំបាច់ត្រូវតែមានការស៊ើបអង្កេតនិងវាយតំលៃឱ្យបានច្បាស់លាស់ដើម្បីស្វែងយល់នូវមូលហេតុពិតប្រាកដនិងផ្សព្វផ្សាយវិធានការបង្ការគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ដទៃទៀត នេះជាសន្តិសុខសាធារណ:មួយដែរ។»
លោក ហេង រតនា បន្តថា លោក សោម សុជាតិ ជាមន្ត្រីដែលខិតខំធ្វើការហើយបានឡើងតំណែងជាបន្តបន្ទាប់ រហូតដល់ក្លាយជាប្រធានគម្រោងដែលមានមន្ត្រីប្រតិបត្តិការជាង៥០០នាក់។