សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ អះអាងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាផ្ទាល់មាត់ឲ្យសិក្សាពីលទ្ធភាពដកតំណែងមន្ត្រីជាន់ខ្ពស់ ៣រូប នៅខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងការចុះអនុវត្តអនុវត្តច្បាប់ ដែលបង្កឲ្យពលរដ្ឋម្នាក់រងរបួសដោយគ្រាប់កាំភ្លើងបៀបជាប់នៅនឹងឆ្អឹងខ្នង។
លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុន ប្រធានគណបក្សខ្មែរក្រោកដែលបានចូលរួមប្រជុំក្នុងឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា លោក ហ៊ុន សែន សម្រេចបែបនេះនៅក្នុងកិច្ចប្រជុំនោះ ដែលត្រូវបានរៀបចំឡើងប្រចាំឆមាសនៅវិមានសន្តិភាពក្នុងក្រុងភ្នំពេញ។
កិច្ចប្រជុំនេះ ក៏បានភ្ជាប់វីដេអូទៅកាន់រាជធានីខេត្ត និងស្ថាប័នកងទ័ពផងដែរ ដើម្បីសួរដេញដោយជុំវិញភាពអសកម្មរបស់អាជ្ញាធរ ដែលក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់បានរកឃើញ។
សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុន បានឲ្យVODដឹងថា ក្នុងកិច្ចប្រជុំនោះ លោកបានប្រាប់ទៅនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីភាពមិនប្រក្រតីនៃជម្លោះដីធ្លីមួយចំនួននៅខេត្តព្រះសីហនុ និងការចុះអនុវត្តសាលដីកាដោយខុសច្បាប់ ដោយប្រើកងកម្លាំងយោធា ហើយប្រើហិង្សាលើពលរដ្ឋដែលតវ៉ាជាដើម។
លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុន ប្រាប់ថា៖ «ជាការឆ្លើយតប សម្តេចបានឆ្លើយតបភ្លាមៗ ឲ្យពិនិត្យពីលទ្ធភាពដកចោលមេបញ្ជាការខេត្ត ហើយលោកក៏បាននិយាយដែរថា អភិបាលខេត្តពីររូបដែលពាក់ព័ន្ធនឹងបញ្ហាដីធ្លីហ្នឹង គួរតែបញ្ឈប់។ បើអត់បញ្ឈប់ទេ លោកគំរាមដកតំណែងចោលតែម្តង»។
កាលពីថ្ងៃទីខែមុន អភិបាលរងខេត្ត លោក ផៃប៊ុន វណ្ណៈ បានដឹកនាំកម្លាំងចម្រុះ ៣០០នាក់ ក្នុងនោះមានទាំងកម្លាំងយោធាផងដែរ ចុះទៅអនុវត្តសាលដីកាទាក់ទិនទៅនឹងជម្លោះដីធ្លីនៅភូមិគគរ ឃុំបិតទ្រាំង ស្រុកព្រៃនប់ ដើម្បីវាស់វែងដីឲ្យអ្នកស្រី ហុង សួន ភរិយារបស់ឧកញ៉ា ស៊ីវ គង់ទ្រីវ ខណៈមានពលរដ្ឋរាប់រយនាក់តវ៉ា ដុតកងឡានបិទផ្លូវ ប្រឆាំងការចុះអនុវត្តសាលដីការនោះ ដោយអះអាងថា ចំណាត់ការនោះ រំលោភ ដីរបស់ពួកគាត់។
ក្នុងហេតុការណ៍ប៉ះទង្គិចគ្នានោះ សមត្ថកិច្ចបានផ្ទុះអាវុធច្រើនគ្រាប់ ហើយសមត្ថកិច្ចបានយកកាំភ្លើង AK វាយដំលើពលរដ្ឋ ដែលគេចងដៃទៅក្រោយ។
ចំណែកពលរដ្ឋម្នាក់ស្ថិតក្នុងហេតុការណ៍នោះ បានរងរបួសដោយគ្រាប់បៀមជាប់ឆ្អឹងខ្នង ហើយត្រូវគ្រួសាបញ្ជូនមកវះកាត់នៅមន្ទីរនៅរាជធានីភ្នំពញ។
ជាងមួយខែមកនេះ សមត្ថកិច្ចខេត្តព្រះសីហនុ មិនទាន់វែកមុខខ្មាន់កាំភ្លើង បាញ់ពលរដ្ឋឲ្យរងរបួសក្នុងហេតុការណ៍នោះមកផ្តន្ទាទោសនៅឡើយទេ ក្រៅពីមានចំណាត់ការទៅលើមន្ត្រីមួយចំនួនដែលគេអះអាងថា បាន ប្រើស្វាយកំភ្លើងវាយដំទៅលើពលរដ្ឋ ដែលគេចាប់ចងដៃទៅក្រោយហើយនោះ៕