នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន បានថ្លែងថា ខ្មែរមិនព្រមឲ្យចិនត្រួតត្រានោះទេ ហើយចិនក៏មិនចង់ត្រួតត្រាខ្មែរដែរ។
លោក ហ៊ុន សែន បានលើកឡើងបែបនេះនៅក្នុងពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យ «មិត្តភាពកម្ពុជា-ចិន» ខេត្តត្បូងឃ្មុំ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន នាព្រឹកថ្ងៃសុក្រនេះ។
លោក ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ទី១ ខ្មែរមិនឱ្យចិនត្រួតត្រាខ្លួនទេ! បញ្ជាក់ចំពោះមុខអគ្គរដ្ឋទូតចិន ក៏ដូចជាប្រិយមិត្តចិនទាំងអស់ ខ្មែរមិនព្រមដាច់ខាតឱ្យចិនត្រួតត្រាទេ។ អាហ្នឹងទី១! ទី២ ចិនក៏មិនចង់ត្រួតត្រាខ្មែរដែរ អាហ្នឹងនិយាយឱ្យច្បាស់។ គោលនយោបាយការបរទេសរបស់ចិន ចិនមិនចង់ត្រួតត្រានរណាទេ។ ចិនគ្រាន់តែចង់ធ្វើមិត្តជាមួយប្រទេសនានានៅលើពិភពលោក។ អីចឹង ចរន្តនេះវាត្រូវគ្នា។ មួយ ខ្មែរមិនឲ្យចិនត្រួតត្រា ពីរ ក៏មិនចង់ត្រួតត្រាខ្មែ។»
ក្នុងរបាយការណ៍កម្រាស់៤២ទំព័ររបស់ការិយាល័យភ្នាក់ងារស៊ើបការសម្ងាត់ជាតិអាមេរិក ដែលចេញកាលពីចុងខែមករា នាយកស្ថាប័ននេះ គឺ លោក ដេន ខូត បានលលើកឡើងថា ការវិលត្រឡប់របស់កម្ពុជាទៅជារដ្ឋឯកបក្សបន្ទាប់ពីការបោះឆ្នោតកាលពីឆ្នាំមុន អាចនាំឲ្យចិនមានឥទ្ធិពលកាន់តែច្រើនឡើងនៅកម្ពុជា៕