នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន អះអាងថា ការដែលតំណាងសហភាពអឺរ៉ុបមកកម្ពុជា ជួបតែមន្ត្រីមួយចំនួន តែមិនជួបលោក មិនមែនជាសញ្ញាបែកបាក់ផ្ទៃក្នុងរបស់បក្សកាន់អំណាច ដូចមជ្ឈដ្ឋានមួយចំនួនលើកឡើងនោះទេ។
គណៈប្រតិភូអឺរ៉ុបបានចាប់ផ្ដើមដំណើរទស្សនកិច្ចមកកម្ពុជា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់២១ ខែមីនានេះ ដោយថា ដើម្បីពិភាក្សាអំពីលក្ខខណ្ឌ EBA ដែលរដ្ឋាភិបាលកម្ពុជាបានចុះកិច្ចព្រមព្រៀង ។
តំណាងរបស់សហភាពអឺរ៉ុប កាលពីម្សិលមិញនេះ បានជួបរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ ប៉ុន្តែ មិនបានជួបនាយករដ្ឋមន្ត្រីកម្ពុជាទេ។
ក្នុងពីធីចែកសញ្ញាបត្រដល់និស្សិត ដែលធ្វើឡើងនៅរាជធានីភ្នំពេញ នាថ្ងៃព្រហស្បត្តិ៍នេះ លោក ហ៊ុន សែន ថ្លែងដូចនេះថា៖
«ឥឡូវនេះ គេថា ពេលដែលអឺរ៉ុបទៅជួប ស ខេង និយាយផ្សេង ទៅជួប ប្រាក់ សុខុន និយាយផ្សេង ហើយគេមក មិនបានជួបជាមួយ ហ៊ុន សែន ទេ។ គេមិនសុំជួប ហ៊ុន សែន ទេ។ កម្រិតហ្នឹង វាអត់ត្រូវជួបជាមួយ ហ៊ុន សែន ទេ! ជួបធ្វើអី? កម្រិតត្រឹមឋានៈប្រធាននាយកដ្ឋាន មកជួបដល់ឧបនាយករដ្ឋមន្ត្រីវាខ្ពស់ពេកទៅហើយ។ អាប្រធាន EU និងស្នងការ EU អាហ្នឹងបាន ហ៊ុន សែន ត្រូវជួប»។
សហភាពអឺរ៉ុបកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ បានប្រកាសពីដំណើរការឈានទៅការព្យួរ EBA បណ្ដោះអាសន្នពីកម្ពុជា ក្រោយពីរកឃើញថា រដ្ឋាភិបាលកម្ពុជាបានបរាជ័យក្នុងការបំពេញកាតព្វកិច្ចក្រោមកិច្ចព្រៀមព្រៀង EBA និងការបន្តធ្វើឲ្យស្ថានភាពសិទ្ធិមនុស្សធ្លាក់ចុះ ផ្ទុយនឹងកិច្ចព្រមព្រៀង។
វិធានការរបស់សហភាពអឺរ៉ុបនេះ ជំរុញឲ្យអង្គការសមាគមជិត៧០ ចេញសេចក្តីថ្លែងការណ៍រួម បង្ហាញការព្រួយបារម្ភថា ការបាត់បង់ EBA នឹងជះឥទ្ធិពលជាអវិជ្ជមានដោយផ្ទាល់ និងប្រយោលដល់ជីវភាពរស់នៅ និងសុខមាលភាពរបស់ពលរដ្ឋ រួមទាំងការអភិវឌ្ឍនៅកម្ពុជាទាំងមូល។
ក្រុមអង្គការទំាងនោះ បានផ្តល់ជាយោបល់ថា កម្ពុជាអាចគេចផុតពីស្ថានភាពដ៏អាក្រក់នេះបាន ប្រសិនបើរដ្ឋាភិបាលកម្ពុជា ប្រឹងប្រែងក្នុងការបំពេញកាតព្វកិច្ច អនុវត្តរដ្ឋធម្មនុញ្ញរបស់ខ្លួនឲ្យបានត្រឹមត្រូវ មានប្រសិទ្ធិភាព ពិសេសមាត្រា៣១ គោរពធម្មនុញ្ញអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកល ស្តីពីសិទ្ធិមនុស្ស សន្ធិសញ្ញា និងអនុសញ្ញានានា ដែលកម្ពុជាបានផ្តល់សច្ចាប័នជាមួយអង្គការសហប្រជាជាតិ។