រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អះអាងជាថ្មីថា សិស្សដែលមានពិការភាពអាចចូលរៀនថ្នាក់ឧត្តម ដោយមិនបង់ថ្លៃនោះទេ។
ក្រសួងអប់រំ យុវជន និងកីឡា កាលពីម្សិលមិញ បានបង្ហោះលើទំព័រហ្វេសប៊ុករបស់ខ្លួនថា រដ្ឋមន្រ្តីក្រសួងនេះ គឺ លោក ហង់ ជួន ណារ៉ុន បានលើកឡើងថា សិស្សពិការភាពដែលប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ នឹងទទួលអាហារូបករណ៍ដោយស្វ័យប្រវត្តិនៅគ្រឹះស្ថានឧត្ដមសិក្សា។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានឲ្យដឹងបន្ថែមថា ការផ្ដល់អាហារូបករណ៍នេះចាប់ផ្ដើមតាំងពីពេលដែលក្រសួងអនុវត្តកំណែទម្រង់ថ្មី ហើយក្រសួងកំពុងបន្តផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយ។ លោកបន្ថែមថា អាហារូបករណ៍នេះមិនកំណត់និន្ទេសនោះទេឲ្យតែសិស្សពិការភាពដែលប្រឡងបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិដោយជោគជ័យ គឺអាចទទួលបានអាហារូបករណ៍ទាំងអស់។
លោក មានប្រសាសន៍ថា ៖«មានជាផ្លូវការហើយ គឺនៅក្នុងការងារកំណែទម្រង់នេះតាំងពីអណត្តិមុនមកដល់អណត្តិនេះ។ ហើយជាពិសេស យើងកំពុងបន្តផ្សព្វផ្សាយឲ្យជ្រាបពីគោលនយោបាយហ្នឹង ឲ្យតែគាត់ប្រឡងជាប់ត្រូវទៅតាមលក្ខខណ្ឌហ្នឹង គឺគាត់ទទួលបានគុណសម្បត្តិដែលមានចែងក្នុងគោលនយោបាយហ្នឹងហើយ»។
នាយកប្រតិបត្តិនៃអង្គការ Aideet Action លោក វន សំភាស់ បានប្រាប់សារព័ត៌មាន វីអូឌី ថា លោកសាទរចំពោះគោលនយោបាយក្រសួង ក៏ដូចជារាជរដ្ឋាភិបាលក្នុងការលើកទឹកចិត្តឲ្យជនពិការមានឱកាសរៀនដល់ថ្នាក់ឧត្តមសិក្សា ដើម្បីជាគំរូដល់ជនពិការជំនាន់ក្រោយឲ្យចូលរួមអភិវឌ្ឍប្រទេសជាតិ។
លោក លើកឡើងថា៖ «ជាសង្គមស៊ីវិល យើងសាទរមែនទែនចំពោះគោលនយោបាយរបស់ក្រសួង ក៏ដូចជារាជរដ្ឋាភិបាល ដើម្បីលើកទឹកចិត្តឲ្យយុវជនពិការរបស់យើងហ្នឹង មានឱកាសរៀនដល់ឧត្តមសិក្សា ព្រោះគាត់នឹងក្លាយជាធនធានមនុស្សមួយ ជាគំរូលើកទឹកចិត្តអ្នកពិការជំនាន់ក្រោយឲ្យព្យាយាមរៀនសូត្រ ហើយអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាមួយគ្នា»។
រដ្ឋមន្រ្តីទីស្ដីការគណៈរដ្ឋមន្ត្រី លោក ប៊ិន ឈិន ថ្លែងក្នុងពិធីប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២០ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៣៦ ក្នុងឆ្នាំ២០១៨ បានឲ្យដឹងថា សិស្សមានពិការភាពដែលកំពុងរៀននៅគ្រប់កម្រិតសិក្សាមានចំនួន ៦០៦១០នាក់ និងបុគ្គលិកអប់រំដែលពិការភាពមានចំនួន១២៥២នាក់៕