អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី អំពាវនាវទៅសហគមន៍អន្ដរជាតិ ឲ្យចាត់វិធានការចាំបាច់ ដើម្បីការពារសុវត្ថិភាពលោក កឹម សុខា ក្រោយពីលោក ហ៊ុនសែន ព្រមានមិនដោះលែងមេដឹកនាំបក្សប្រឆាំងរូបនេះពី «ការឃុំខ្លួនក្នុងផ្ទះ» នោះឡើយ។
លោក សម រង្ស៊ី សរសេរលើបណ្តាញសង្គម Twitter របស់លោកនៅថ្ងៃទី២៨ ខែមីនានេះ តាមសំណេរជាភាសាអង់គ្លេសថា វិធានការការពារសុវត្ថិភាពលោក កឹម សុខា គឺជាវិធីមួយដែលពិភពលោកអាចការពារតម្លៃជាសកលនៃសិទ្ធិសេរីភាព ហើយក៏ជាការទប់ស្កាត់កុំឲ្យកម្ពុជាស្ថិតក្រោមឥទ្ធិពលមហាអំណាចចិនកាន់តែខ្លាំងផងដែរ។
លោក សម រង្ស៊ី សរសេរលើ Twitter ថា៖ «ការពារលោក កឹម សុខា ក៏ជាវិធីមួយដើម្បីឲ្យពិភពលោកការពារតម្លៃជាសកលនៃសេរីភាព ទប់ទល់នឹងការគំរាមកំហែងដែលកម្ពុជាកំពុងធ្លាក់ក្រោមអនុត្តរភាពវាទទីរបស់ចិន និងការពារប្រទេសនេះកុំឲ្យក្លាយជាកូនជឹងរបស់ចិន»។
សាររបស់លោក សម រង្ស៊ី ធ្វើឡើង ៣ថ្ងៃក្រោយពីមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន បានព្រមានមិនដោះលែងលោក កឹម សុខា ពី «ការឃុំខ្លួននៅក្នុងផ្ទះ» នោះឡើយ បន្ទាប់ពីលោកចោទថា មេបក្សប្រឆាំងរូបនេះ បានប្រើឥទ្ធិពលរារាំងមន្ត្រីមិនឲ្យសុំសិទ្ធិធ្វើនយោបាយឡើងវិញ។
លោក ហ៊ុន សែន ថ្លែងថា៖ «មានអាអ្នកខ្លះនៅឃុំខ្លួនក្នុងផ្ទះនៅឡើយ តែព្រមានគេកុំឲ្យសុំសិទ្ធិធ្វើនយោបាយ។ ចាំអ្ហែងរួចខ្លួនទៅ។ អញមិនឲ្យអ្ហែងរួចខ្លួនទេ។ តែតុលាការកាត់ហើយគ្មានរញ៉េរញ៉ៃទេ»។
អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានតុលាការបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្នជាង ១៨ខែហើយ បើគិតពីថ្ងៃចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកញ្ញា ក្នុងឆ្នាំ២០១៧។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អះអាងថា លោកមិនចាប់អារម្មណ៍ទៅនឹងសាររបស់លោក សម រង្ស៊ី នេះទេ។
លោក សុខ ឥសាន ប្រាប់ថា៖ «សូមជម្រាបថា បុគ្គលម្នាក់ហ្នឹង ត្រូវបានប្រជាជនកម្ពុជាទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាកម្មករនិយោជិត និងកងទ័ពបដិសេធហើយ ឈប់និយាយចូលហើយ។ អញ្ចឹង ខ្ញុំមិនមានមតិអីទេទៅដល់បុគ្គលនោះ និយាយអីនិយាយទៅ ទុកឲ្យគេនិយាយតាមចិត្តទៅ»។
អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប កំពុងឃ្លាំមើលយ៉ាងយកចិត្តទុកពីយន្តការជំរុញឲ្យរដ្ឋាភិបាលកម្ពុជាវិលទៅដើរលើគន្លងប្រជាធិបតេយ្យឡើងវិញ ពិសេសដំណើរការរាប់ថ្ងៃថយក្រោយនៃវិធានការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA។
លោក ឯម សុវណ្ណារ៉ា បង្ហាញការយល់ឃើញរបស់លោកថា សារលោក សម រង្ស៊ី គ្មានឥទ្ធិពលផ្ទាល់ទៅលើរដ្ឋាភិបាល ប៉ុន្តែ លោកថា សារនេះ អាចជាការចាប់អារម្មណ៍របស់ប្រទេសដែលប្រកាន់ប្រជាធិបតេយ្យ ពិសេសសហភាពអឺរ៉ុប។
លោក ឯម សុវណ្ណារ៉ា ប្រាប់ថា៖ «វាអត់មានឥទ្ធិពលលើរដ្ឋាភិបាលទេ។ វាមានភាពពាក់ព័ន្ធ វាមានទម្ងន់ទៅលើសហគមន៍អន្តរជាតិ ដើម្បីជាបន្ទុកដល់រដ្ឋាភិបាលម្ពុជា ឲ្យអនុវត្តទៅតាមអ្វីដែលជាការស្នើសុំរបស់សហគមន៍អឺរ៉ុប។ អឺរ៉ុបនឹងយកអ្វីដែលជាការអំពាវនាវរបស់លោក សម រង្ស៊ី មកធ្វើជាទម្ងន់មួយ មិនអត់ប្រយោជន៍ពេកទេ»។
ទោះជាយ៉ាងណា ការផាត់គណបក្សប្រឆាំងចេញពីឆាកនយោបាយ ជំរុញមានការថ្កោលទោសពីសហគមន៍អន្តរជាតិ ពិសេសប្លុកលោកសេរី និងដាក់សម្ពាធទាមទារឲ្យដោះលែងលោក កឹម សុខា និងឲ្យគណបក្សប្រឆាំងដែលបានរំលាយទៅហើយនោះ បានដំណើរការឡើងវិញ ។
ផ្នែកមួយនៃសម្ពាធជំរុញឲ្យស្តាប្រជាធិបតេយ្យនេះ សហភាពអឺរ៉ុបដែលមានសមាជិក ២៨ប្រទេស កំពុងដំណើរការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា៕