លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានព្រមានជាថ្មីទៀតមិនអនុញ្ញាតឲ្យប្រទេសមហាអំណាចប្រជាធិបតេយ្យមួយ លូកលាន់បញ្ហានយោបាយនៅកម្ពុជា និងសាងកំហុសដូចពីអតីតកាលទៀតនោះឡើយ។
ក្នុងពិធីចែកសញ្ញាបត្រមួយនៅរាធានីភ្នំពេញនាថ្ងៃនេះ លោក ហ៊ុន សែន បានចោទប្រកាន់ប្រទេសមហាអំណាចមួយថា បានគាំទ្ររបបសេនាប្រមុខ លន់ នល់ ដែលបានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះបាទ នរោត្ដម សីហនុ និងទទួលស្គាល់កៅអីខ្មែរក្រហមនៅអង្គការសហប្រជាជាតិ។
លោក ហ៊ុន សែន ថ្លែងថា៖ «តាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ ប៉ុន្ដែ បែរជាគាំទ្ររបបប្រល័យពូជសាសន៍ ហើយគាំទ្រឲ្យគេអង្គុយនៅអង្គការសហប្រជាជាតិ […] ឥឡូវចង់គំរាមកំហែងមកលើយើងបន្ថែមទៀតជាមួយ គ្រាន់តែដើម្បីអាប៉ុន្មានក្បាលនេះធ្វើសកម្មភាពខុសច្បាប់ យើងកាត់ទោសមិនបានហ្អី? យើងអត់ព្រមទេ។ យើងធ្លាប់ទទួលហើយនូវការហ៊ុមព័ទ្ធផ្នែកនយោបាយ និងសេដ្ឋកិច្ចសម្រាប់ប្រទេសរបស់យើង យើងក្រណាស់ យើងក្រោកឡើងទាំងលំបាក»។
របបសាធារណរដ្ឋខ្មែរដែលដឹកនាំដោយលោក លន់ នល់ បានទទួលការគាំទ្រពីសហរដ្ឋអាមេរិកទាំងផ្នែកយោធា និងហិរញ្ញវត្ថុនៅចន្លោះឆ្នាំ១៩៧០ រហូតដល់ការដួលរលំទាំងស្រុងនៅក្នុងខែមេសា ឆ្នាំ១៩៧៥។
ចំណែកអាសនៈកម្ពុជានៅឯអង្គការសហប្រជាជាតិ ត្រូវបានសហរដ្ឋអាមេរិក និងមហាអំណាចចិនគាំទ្រប្រគល់ទៅឲ្យរដ្ឋាភិបាលចម្រុះត្រីភាគី ដែលជាក្រុមតស៊ូប្រដាប់អាវុធប្រឆាំងនឹងរបបក្រុងភ្នំពេញ ដែលត្រូវបានគាំទ្រដោយប្រទេសវៀតណាម ក្រោយការដួលរលំទៅនៃរបបកម្ពុជាប្រជាធិបតេយ្យនៅក្នុងឆ្នាំ១៩៧៩។
អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា លោក Arend Zwartjes ប្រាប់ VOD តាមរយៈសារអេឡិចត្រូនិចនៅថ្ងៃនេះថា លោកមិនមានអ្វីឆ្លើយតបចំពោះប្រសាសន៍របស់លោក ហ៊ុន សែន នេះទេ។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោកស្រី មូរ សុខហួរ រិះគន់ថា លោក ហ៊ុន សែន កំពុងបន្ដប្រើយុទ្ធសាស្រ្ដគំរាមកំហែង និងសម្លុតដៃគូប្រកួតរបស់ខ្លួនដដែល ប៉ុន្ដែ យុទ្ធសាស្ដ្រនេះ មិនអាចដោះស្រាយបញ្ហានយោបាយនៅកម្ពុជា និងបន្ថយសម្ពាធរបស់អន្ដរជាតិនោះទេ។
អតីតអនុប្រធានគណបក្សប្រឆាំងរូបនេះ ជំរុញឲ្យរដ្ឋាភិបាលងាកមកស្ដារលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សឡើងវិញតាមការចង់បានរបស់សហគមន៍អន្ដរជាតិ ដោយថា ដើម្បីរក្សាផលប្រយោជន៍ពលរដ្ឋ និងបញ្ចៀសទណ្ឌកម្មទាំងឡាយ ដែលអាចធ្លាក់មកលើប្រទេសកម្ពុជា។
លោក មូរ សុខហួរ មានប្រសាសន៍ថា៖ «ប្រសាសន៍របស់លោកធ្វើឲ្យស្ថានការណ៍នយោបាយរឹតតែធ្ងន់ធ្ងរទៅទៀត ជាពិសេសពេលនេះសហគមន៍អឺរ៉ុបកំពុងតាមដានអំពីស្ថានការណ៍សិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា […] សហគមន៍អន្ដរជាតិ និងគណបក្សសង្គ្រោះជាតិ គឺយើងទុកឲ្យលោក ហ៊ុន សែន ជាអ្នកដោះស្រាយបញ្ហានេះ EU គេអត់ដកថយទេ លោក ហ៊ុន សែន និយាយគឺគ្រាន់តែជាយុទ្ធសាស្ដ្ររបស់គាត់ គាត់គ្មានចេះអីក្រៅតែពីការគំរាមនោះទេ»។
សាស្ដ្រាចារ្យវិទ្យាសាស្ដ្រនយោបាយ លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា ប្រសិនបើការផ្ដល់ជំនួយ ឬការគាំទ្រធ្វើឡើងស្របទៅតាមច្បាប់របស់កម្ពុជានៅក្នុងការពង្រឹងសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងការបោះឆ្នោតនោះ លោកថា វាមិនចោទជាបញ្ហានោះទេ។
លោក ឯម សុវណ្ណារ៉ា មើលឃើញថា រដ្ឋាភិបាលគួរបញ្ចៀសភាពតានតឹងជាមួយប្រទេសមហាអំណាច ស្របពេលដែលសហគមន៍អន្ដរជាតិកំពុងព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើកម្ពុជាផងនោះ។
លោកបន្ដថា៖ «គេផ្ដល់ជំនួយ គេផ្ដល់លក្ខខណ្ឌអី ឧទាហរណ៍ផ្ដល់លក្ខខណ្ឌសម្ភារ មធ្យោបាយមកធ្វើបទឧក្រិដ្ឋ បទរំលំរដ្ឋាភិបាល អាហ្នឹងវាខុសច្បាប់ហើយ […] បញ្ហាប្រឈម EBA របស់អឺរ៉ុប និង GSP របស់អាមេរិក គឺជាកង់មុខហើយ បើសិនជាយើងអាចចៀសបាន ចៀស មិនគួរប្រឈមទេ ព្រោះមហាអំណាចគេមានវិធីផ្សេងៗ ដែលអាចធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាយើងមានឧបសគ្គ»។
តាមរយៈគេហទំព័រហ្វេសប៊ុកផ្លូវការកាលពីថ្ងៃទី១៥ ខែកុម្ភៈ ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានបង្ហោះរូបរបស់អតីតមេដឹកនាំបក្សប្រឆាំងលោក កឹម សុខា ដោយថា លោកគឺជាមនុស្សស្អាតស្អំ និងត្រូវបានគេចាប់ឃុំខ្លួនអស់រយៈពេលជាង ១ឆ្នាំ ទាំងគ្មានភស្ដុតាងណាមួយឡើយ។ ប៉ុន្ដែ ក្រសួងការបរទេសកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍សម្ដែងការភ្ញាក់ផ្អើល និងខកចិត្ត ដោយចាត់ទុកសកម្មភាពនេះ ថា «មិនមានលក្ខណៈការទូត» និង «មិនគោរពអធិបតេយ្យរបស់កម្ពុជា»។
ទាក់ទងនឹងសំណុំរឿង «ក្បត់ជាតិ» ប្រឆាំងលោក កឹមសុខា រដ្ឋាភិបាលក៏បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានគាំទ្រអតីតគណបក្សសង្គ្រោះជាតិ ក្នុងការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ ប៉ុន្ដែ សហរដ្ឋអាមេរិកវិញ តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅកម្ពុជា បានច្រានចោលការចោទប្រកាន់នេះថា គ្មានមូលដ្ឋាន និងមានចរិតនយោបាយ៕