លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំឭកដល់អាជ្ញាកណ្តាលទាំងអស់ត្រូវផ្តល់ពិន្ទុលើការប្រកួតកីឡាឱ្យបានត្រឹមត្រូវ និងយុត្តិធម៌ ដើម្បីកុំឱ្យប៉ះពាល់ទឹកចិត្តកីឡា កីឡាការិនី និងកិត្តិយសប្រទេសជាតិនៅលើឆាកអន្តរជាតិ។
ក្នុងពិធីជួបជាមួយកីឡាករ កីឡាការិនីកាលពីល្ងាចម្សិលមិញ លោកនាយករដ្ឋមន្ត្រីលើកឡើងថា អាជ្ញាកណ្តាលឬអ្នកឲ្យពិន្ទុមួយចំនួនសម្រេចមិនយុត្តិធម៌លើការប្រកួតរកីឡាករ កីឡាការិនី។ លោកបន្តថា ការសម្រេចមិនត្រឹមត្រូវប៉ះពាល់ដល់ទឹកចិត្តកីឡាករ កីឡាការិនី និងកិត្តិយសជាតិ។
លោក ហ៊ុន សែន៖ «នៅក្នុងការប្រកួតនីមួយៗអាជ្ញាកណ្តាលរបស់យើងត្រូវដាក់ពិន្ទុឱ្យមានសុក្រឹត ដើម្បីឆ្លើយតបកុំឱ្យកីឡាបាក់ទឹកចិត្ត និងកុំឱ្យខូចកិត្តិយសខ្មែរយើង។ អាជ្ញាកណ្តាលរបស់យើងមិនត្រឹមតែទទួលបន្ទុកការប្រកួតថ្នាក់ជាតិប៉ុណ្ណោះទេ ក៏ប៉ុន្តែអាជ្ញាកណ្តាលរបស់យើងក៏ត្រូវចូលរួមដាក់ពន្ទុកការប្រកួតជាអន្តរជាតិដែរ។»
លោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ដែរ បើស្ថានីយ៍ទូរទស្សន៍មួយចំនួននៅតែបន្តរៀបចំការប្រកួតកីឡា ហើយអាជ្ញាកណ្ដាលផ្តល់ពន្ទុមិនត្រឹមត្រូវទៀតនោះ លោកនឹងអន្តរាគមន៍។