អគ្គ​នាយកដ្ឋាន​ពន្ធដារ​ប្រកាស​ថា ប្រមូល​ចំណូល​បាន​ជាង​៨០០​លាន​នៅ​ត្រីមាស​ទី១​ឆ្នាំ​នេះ

ច្រកចូល អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលមានទីតាំងស្ថិតនៅ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ

អគ្គនាយកដ្ឋានពន្ធដារ បាន​ប្រកាស​ថា ខ្លួន​ប្រមូល​ចំណូល​ពន្ធ​បាន​ដល់​ទៅ​ជាង ៨០០​លាន​ដុល្លារ​នៅ​ត្រីមាស​ទី​១​ក្នុង​ឆ្នាំ​នេះ ជា​តួលេខ​ដែល​មាន​កំណើន​ដល់​ទៅ​ជាង ១២​ភាគរយ បើធៀប​នឹង​ត្រី​មាស​ទី​១​កាល​ពី​ឆ្នាំ​មុន។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​សប្ដាហ៍មុន អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ប្រកាស​ថា ខ្លួន​ប្រមូល​បាន​ចំណូល​ថវិកា​ពន្ធ​ដល់​ទៅ​ចំនួន ៨៣៤.៧៧​លាន​ដុល្លារ នៅ​ចន្លោះ​ខែ​មករា ដល់​ដំណាច់​ខែ​មីនា​កន្លង​មក​នេះ ដោយ​បាន​កើន​ឡើង​លើស​ពី​ផែនការ​រំពឹង​ទុក​ដល់​ទៅ​ ៣៦.៤៨​ភាគរយ​ឯណោះ។

អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ប្រកាស​ទៀត​ថា ចំណូល​ពន្ធដារ​នៅ​ត្រីមាស​ទី​១​ក្នុង​ឆ្នាំ​នេះ បាន​កើន​ឡើង​ចំនួន ៧៣.‌៦​លាន​ដុល្លារ ឬ​អត្រា​កំណើន ១២.៣៥​ភាគរយ បើធៀប​នឹង​តួលេខ​កាល​ពី​ត្រីមាស​ទី​១ ​ក្នុង​ឆ្នាំ​២០១៨​កន្លង​មក។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល កម្ពុជា​ប្រមូល​ពន្ធ​បាន​ជាង ៤៧៦​លាន​ដុល្លារ​នៅ​ក្នុង​ខែ​មីនា​កន្លង​មក​នេះ ដោយ​បាន​កើន​ឡើង​ពី​ចំនួន ២៩.៥២​លាន​ដុល្លារ ឬ​មាន​កំណើន ៦.៦១​ភាគរយ បើ​ធៀប​នឹង​តួលេខ​ក្នុង​ខែ​មីនា​កាល​ពី​ឆ្នាំ​មុន។

កម្ពុជា​ប្រមូល​ចំណូល​ពន្ធ​អាករ​គ្រប់​ប្រភេទ​បាន​ចំនួន​ជាង ២,១៩៧​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​២០១៨​កន្លង​មក ហើយ​បាន​កើន​ឡើង​ខ្ទង់ ១៣.៣៧​ភាគរយ បើធៀប​នឹង​តួលេខ​ចំណូល​ពន្ធ​អាករ​កាល​ពី​ឆ្នាំ​២០១៧​កន្លង​មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ