មេនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ក្លិបកម្សាន្តម្នាក់ និងមនុស្សជាង ៤០នាក់ផ្សេងទៀត បន្ទាប់ពីការបង្ក្រាបទៅលើក្លិបកម្សាន្តមួយកន្លែងស្ថិតក្នុងខណ្ឌចំការមនកាលពីយប់ម្សិលមិញនេះ។
ស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត ប្រាប់ វី.អូ.ឌី នៅថ្ងៃនេះ ថាការចុះបង្រា្កបនោះ សមត្ថកិច្ចបានដកហូតឧបករណ៍កែច្នៃគ្រឿងញៀនចេញជាថ្នាំគ្រាប់ ថ្នាំទឹក ឈ្មោះថា ខេតាមីន និងសារធាតុញៀនមួយចំនួនទៀតផងដែរ។
លោក ស ថេត ឲ្យដឹងទៀតថា ម្ចាស់ក្លឹប Miami ដែលជាជនជាតិខ្មែរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនរួមគ្នាជាមួយមនុស្សចំនួន ៤៧នាក់ ដោយសង្ស័យថា អាចជាប់ពាក់ព័ន្ធគ្រឿងញៀននៅក្នុងក្លិបកម្សាន្តមួយនេះ។
លោក ស ថេត ប្រាប់ថា៖ «ឥឡូវហ្នឹង យើងកំពុងធ្វើតេស្ត មិនទាន់ចេញជាលទ្ធផលទេ បានខ្លះ ប៉ុន្តែ មិនទាន់ដឹងថា ៥០ហ្នឹង មានប៉ុន្មានទេ ដែលញៀន។ អាហ្នឹង តាមជំនាញរបស់សមត្ថកិច្ចហើយ យើងមិនអាចប្រាប់លម្អិតបានទេ។ ម្ចាស់ក្លិបជាជនជាតិខ្មែរ។ ឥឡូវយើងកំពុងតែធ្វើតាមនីតិវិធី»។
Miami គឺជាក្លិបកម្សាន្តទី២ នៅក្នុងរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចបង្ក្រាប ចាប់ខ្លួនមនុស្ស និងរឹបអូសបានគ្រឿងញៀន បន្ទាប់ពីមជ្ឈមណ្ឌលកម្សាន្តរ៉ក់របស់ឧកញ៉ា គិត ធាង កាលពីខែកុម្ភៈកន្លងមក។
លោក គិត ធាង ដែលជាបងប្រុសរបស់លោក គិត ម៉េង ឧកញ៉ាដ៏មានឥទ្ធិពលមួយរូបនៅក្នុងប្រទេសកម្ពុជា និងមនុស្សពាក់ព័ន្ធ ៤នាក់ផ្សេងទៀត ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារ ប៉េហ្ស៊ី កាលពីថ្ងៃទី១២ ខែមីនាកន្លងមក បន្ទាប់ពីមានបញ្ជាពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យ៉ង់ គឹមអេង សាទរចំពោះចំណាត់ការរបស់សមត្ថកិច្ច ប៉ុន្តែ លោកស្នើទៅសមត្ថកិច្ចឲ្យស្វែងរកចាប់ខ្លួនអ្នកនៅពីក្រោយករណីគ្រឿងញៀន ទោះបីជាអ្នកនោះមានអំណាចក៏ដោយ។
លោក យ៉ង់ គឹមអេង ប្រាប់ថា៖ «ធម្មតា គឺបើសិនជាយើងចាប់បានតែអ្នកគ្នាតូចតាច អ្នកដែលទៅកម្សាន្តធម្មតា ឬបានតែអ្នកប្រើប្រាស់ អាហ្នឹង គឺមិនអាចធ្វើឱ្យគ្រឿងញៀនបាត់បង់ ឬក៏អាចថយចុះទេ។ ទាល់តែថា ការបង្រា្កបហ្នឹង បង្រ្កាបឱ្យចំគោលដៅ អ្នកជួញដូរធំៗ ហើយអ្នកនៅពីក្រោយខ្នង អ្នកដែលយកក្លិបកម្សាន្តជាឧបករណ៍សម្រាប់ចែកចាយ ឬក៏ជួញដូរគ្រឿងញៀន អាហ្នឹងត្រូវដាក់ឱ្យខ្លាំង បាទ!»
កាលពីថ្ងៃទី២៨ ខែកុម្ភៈ នគរបាលរាជធានីភ្នំពេញ បានបង្ហាញរបាយការណ៍មួយ ដោយបានរកឃើញក្លិបកម្សាន្ត និងបារបារាំងជិត ១៣០០កន្លែង ងាយរងគ្រោះនឹងការប្រើប្រាស់គ្រឿងញៀន ក្នុងនោះក្លឹបជាង ១ពាន់កន្លែង បានធ្វើកិច្ចសន្យាមិនឲ្យមានការប្រើប្រាស់ និងចែកចាយគ្រឿងញៀនរួចហើយ។
កាលពីថ្ងៃទី១២ ខែមីនា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង រំឭកមន្ត្រីក្រោមឱវាទបន្តពង្រឹងប្រសិទ្ធភាពបង្ក្រាបគ្រឿងញៀន ដោយថា មិនត្រូវមានការយោគយល់ណាមួយនោះឡើយ។
បើតាមលោក ស ខេង យុទ្ធនាការបង្ក្រាបគ្រឿងញៀនជិត ២ឆ្នាំមកនេះ សមត្ថកិច្ចរឹបអូសបានគ្រឿងញៀនជិត ៥០០គីឡូក្រាម៕