មន្ត្រីជាន់ខ្ពស់ ៤រូបរបស់គណបក្សកាន់អំណាច ត្រូវបានព្រះមហាក្សត្រប្រទានគោរមងារបណ្ឌិតកិត្តិយសតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនពិធីបុណ្យប្រពៃណីជាតិខ្មែរ។
ក្នុងព្រះរាជក្រឹត្យ ៣ដាច់ដោយឡែកពីគ្នាដែលចេញកាលពីថ្ងៃទី១០ ខែមេសានោះ ព្រះករុណា ព្រះមហាក្សត្រ សម្ដេចព្រះ នរោត្ដម សីហមុនី បានប្រោសព្រះរាជទានគោរមងារ «កិត្តិសង្គហបណ្ឌិត» ដល់អនុប្រធានរដ្ឋសភា អ្នកស្រី ឃួន សុដារី ដែលជាសមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា។
ក្រៅពីអ្នកស្រី ឃួន សុដារី តំណាងរាស្ត្របក្សកាន់អំណាច លោក ប៉ែន បញ្ញា ដែលមានតួនាទីជាប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភាផងនោះ ត្រូវបានព្រះមហាក្សត្រព្រះរាជទានគោរមងារ «កិត្តិនីតិកោសលបណ្ឌិត»។
គោរមងារ«កិត្តិនីតិកោសលបណ្ឌិត»នេះ ក៏ត្រូវបានព្រះមហាក្សត្រព្រះរាជទានទៅដល់ប្រធានតុលាការកំពូល លោក ឌិត មុន្ទី ផងដែរ។
ចំណែកឯរដ្ឋមន្ត្រីក្រសួងផែនការ លោក ឆាយ ថន បានទទួលគោរមងារ «កិត្តិសេដ្ឋបណ្ឌិត» ពីព្រះមហាក្សត្រ។
ព្រះករុណាសម្ដេចព្រះ នរោត្ដម សីហមុនី បានព្រះរាជទានគោរមងារដល់មន្ត្រីជាន់ខ្ពស់បក្សកាន់អំណាចទាំង ៤រូបនេះបែបនេះ ទៅតាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
អ្នកនយោបាយទាំង ៤រូបនេះ សុទ្ធតែជាសមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ដែលមានសមាសភាពក្បាលម៉ាស៊ីនដឹកនាំ ៣៤រូប។
មានតួនាទីជាប្រធានតុលាការកំពូលផងនោះ លោក ឌិត មន្ទី បានដឹកនាំសវនកាមួយដែលបានសម្រេចរំលាយគណបក្សសង្គ្រោះជាតិកាលខែវិច្ឆិកាឆ្នាំ២០១៧កន្លងមក ទៅតាមបណ្ដឹងរបស់ក្រសួងមហាផ្ទៃ និងក្រោមការចោទពីរដ្ឋាភិបាលថា ជាប់ពាក់ព័ន្ធនឹងសកម្មភាព «ក្បត់ជាតិ» របស់ប្រធានបក្សប្រឆាំង លោក កឹម សុខា៕