រដ្ឋាភិបាលបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍អំឡុងពិធីបុណ្យចូលឆ្នាំខ្មែរបណ្តាលឲ្យមនុស្សស្លាប់ជាមធ្យមជាង១០នាក់ក្នុងមួយថ្ងៃ ដោយសារប្រជាពលរដ្ឋបើកបរមិនគោរពច្បាប់។
របាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា រយៈពេល៥ថ្ងៃ គឺចាប់ថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅទូទាំងប្រទេស ចំនួន១៣៤លើក ក្នុងនោះសម្លាប់មនុស្ស ចំនួន៥៩នាក់ និងរបួសធ្ងន់ស្រាលចំនួន២៣៨នាក់ តួលេខនេះធ្វើឲ្យមនុស្សស្លាប់ជាមធ្យមជាង១០នាក់ និងមានការកើនឡើង២៦ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ ។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះ រួមមាន ប្រជាពលរដ្ឋបើកបរលើសល្បឿនកំណត់ ប្រជែងគ្នា មិនប្រកាន់ស្តាំ មិនគោរពសិទ្ធិ និងកត្តាគ្រឿងស្រវឹងជាដើម។
ក្នុងកិច្ចប្រជុំបូកសរុបការងាររបស់គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែមេសា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានឲ្យដឹងថា អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៣ខែដើមឆ្នាំនេះ មាន ៥១៣នាក់ របួស ១៥៩២នាក់ ក្នុងនោះអ្នកបើកបរម៉ូតូកម្លាំងក្រោម១២៥CC មានដល់៧៧ភាគរយ ពោលមានការកើនឡើងជាងឆ្នាំមុន។
លោក ស ខេង ប្រាប់ទៅក្រសួងពាក់ព័ន្ធឲ្យពង្រឹងប្រសិទ្ធភាពទប់ស្កាត់បញ្ហានេះ ដោយថា ត្រូវពង្រីកការផ្សព្វផ្សាយដល់អ្នកងាយរងគ្រោះ ដល់ថ្នាក់មូលដ្ឋាន ដូចជា អ្នកជិះម៉ូតូ អ្នកដឹកកម្មករ អ្នកបើកគោយន្ត និងពង្រឹងវិធានការអនុវត្តច្បាប់ឲ្យមានតម្លាភាព ។
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ដែលបានចូលរួមក្នុងពិធីនេះ លើកឡើងថា បញ្ហាបង្កជាគ្រោះថ្នាក់ចរាចរណ៍ មកពីអ្នកប្រើប្រាស់ផ្លូវមិនយល់ដឹងពីច្បាប់ចរាចរណ៍ ។
លោក ស៊ុន ចាន់ថុល បញ្ជាក់ថា ក្រោយចូលឆ្នាំខ្មែរ ក្រសួងនេះនឹងពង្រាយមន្ត្រីជំនាញដាក់នៅកំពង់ផែ ទីតាំងរថយន្តដឹកអ្នកដំណើរ ដើម្បីត្រួតពិនិត្យប័ណ្ណបើកបរ លោកថា ក្នុងករណីរកឃើញ អ្នកបើកបរគ្មានប័ណ្ណបើកបរ ឬប្រើប័ណ្ណបើកបរក្លែងក្លាយ រថយន្តនឹងមិនអនុញ្ញាតិឲ្យដឹកទំនិញចូល ឬដឹកទំនិញចេញឡើយ។
កាលពីដើមឆ្នាំ២០១៦ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសេចក្ដីសម្រេចមួយ លុបចោលច្បាប់ដែលតម្រូវឲ្យអ្នកបើកបរប្រភេទ«ក១» សម្រាប់អ្នកបើកបរទោចក្រយានយន្ត ដែលមានកម្លាំងចាប់ពី១២៥ CC ចុះក្រោម មិនចាំបាច់មានបណ្ណបើកបរទៀតទេ ដោយថា ការសម្រេចបែបនេះ ដើម្បីចូលរួមកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។
ប្រធានស្តីទី វិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ លោក គង់ រតនៈ មានប្រសាសន៍ថា ដើម្បីទប់ស្កាត់កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍បាន រដ្ឋាភិបាលត្រូវបញ្ចូលក្នុងមេរៀន ស្តីពីច្បាប់ចរាចរណ៍ ចាប់ពីថ្នាក់ទី៦ទៅ និងត្រូវកំណត់ឲ្យអ្នកបើកបរទាំងអស់ ជាពិសេសអ្នកបើកបរម៉ូតូកម្លាំងចាប់ពី១២៥ CC ចុះក្រោម ត្រូវទៅប្រឡងយកប័ណ្ណបើកបរ ហើយអ្នកបើកបរទាំងអស់ត្រូវគោរពច្បាប់ទាំងអស់គ្នា ទើបមានប្រសិទ្ធិភាព។
លោកថា៖ «សំរាប់ខ្ញុំ សំណូមពរទៅរដ្ឋាភិបាលឲ្យដាក់ ឲ្យមានប័ណ្ណបើកបរមកវិញនូវប័ណ្ណបើកបរ បើសិនជាពួកគាត់មានប័ណ្ណបើកបរ យ៉ាងហោចណាស់ គាត់ក៏បានទៅចូលរួមក្នុងការប្រឡងយកប័ណ្ណបើកបរ ក៏ដូចជាបានសិក្សាអំពីវិធីសាស្ត្រក្នុងការបើកបរដោយសុវត្ថិភាពដែរ មួយទៀត អ្នកបើកបរខ្លួនឯងផ្ទាល់ខ្លួន ក៏ត្រូវដឹងអំពីនីតិវិធីនៃការការពារ ហើយនិងប្រកាន់យកឥរិយាបថប្រកបដោយសុវត្ថិភាពផងដែរ សុំឲ្យមានការចូលរួមទាំងអស់គ្នា»។
ក្រសួងសាធារណការ និងដឹកជញ្ជូន ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍បានបាត់បង់ប្រាក់ជាង៣៥លានដុល្លារក្នុង១ឆ្នាំៗ។ ករណីនេះ មន្ត្រីជំនាញផ្តល់ជាយោបល់ថា ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឲ្យមានប្រសិទ្ធិភាព រដ្ឋាភិបាលឲ្យពលរដ្ឋយល់ដឹងពីច្បាប់ចរាចរណ៍បង្កើនការផ្សព្វផ្សាយ ត្រូវពិនិត្យឡើងវិញពីកត្តាផ្លូវ ឲ្យមានគំនូសសញ្ញា និងភ្លើងសញ្ញាត្រឹមត្រូវ រួមទាំងរឹតបន្តឹងការអនុវត្តច្បាប់ឲ្យមានតម្លាភាព៕