មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានអំពាវនាវដល់ប្រជាពលរដ្ឋកុំចាញ់បោកមេខ្យល់ ហើយទៅកាប់ទន្ទ្រានព្រៃយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយក្រសួងបញ្ជាក់ថា នេះជាសកម្មភាពដែលខុសច្បាប់។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត ភក្ត្រា ថ្លែងថា ស្របពេលដែលដីឡើងថ្លៃ មានមេខ្យល់មួយចំនួនបានប្រើប្រាស់ប្រជាពលរដ្ឋជាខែល ដើម្បីកាប់ឆ្ការទន្ទ្រានយកដីរបស់រដ្ឋនៅក្នុងឧទ្យានជាតិ និងតំបន់ការពារធម្មជាតិនានា។ នេះបើតាមទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន។
លោក នេត្រ ភក្ត្រា ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះការកាប់ព្រៃលើដីរបស់រដ្ឋនេះ ដែលអាចប្រឈមផ្លូវច្បាប់។
លោក នេត្រ ភក្ត្រា៖ «បងប្អូនប្រជាពលរដ្ឋស្លូតត្រង់ សូមកុំចាញ់បោកមេខ្យល់ខិលខូច និងសូមកុំចូលរួមក្នុងសកម្មភាពរំលោភបំពានច្បាប់ ដែលនាំឱ្យមានការប្រឈមចំពោះមុខច្បាប់ ព្រោះគ្មានជនណាម្នាក់អាចយកដីរដ្ឋទៅលក់ដូរបានឡើយ។ »
ក្រសួងបញ្ជាក់ថា សមត្ថកិច្ចពាក់ព័ន្ធបានចាប់បញ្ជូនអ្នកញុះញង់ពលរដ្ឋឱ្យកាប់ព្រៃរបស់រដ្ឋបញ្ជូនទៅតុលាការកាត់ទោសបណ្តើរៗ និងបន្តស្វែងរកថែមទៀត។
ក្នុងលិខិតរបស់ក្រសួងបរិស្ថានកាលពីខែកញ្ញា ឆ្នាំ២០១៨ បញ្ជាក់ថា មានការកាប់ព្រៃទន្ទ្រានយកដីព្រៃនៅតំបន់ឧទ្យានជាតិព្រះសីហនុ«រាម» ឧទ្យានជាតិព្រះមុនីវង្ស«បូកគោ» ឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ«គិរីរម្យ» តំបន់ប្រើប្រាស់ច្រើនយ៉ាង ព្រែកទឹកសាបក្បាលឆាយ ដែនជម្រកសត្វព្រៃលំផាត់ និងដែនជម្រកសត្វព្រៃស្រែពក។