CCHR៖ ជាង១ឆ្នាំ សាលាឧទ្ធរណ៍រំលោភសិទ្ធិជនជាប់ចោទ ៤៤%

បុរសពីរនាកឈរនៅជិតមុខខ្លោងទ្វារសាលាឧទ្ធរណ៍ មហាអយ្យការ ក្នុងរាជធានីភ្នំពេញ។ (ហ៊ី ឆាយ)

ជម្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ស្នើសាលាឧទ្ធរណ៍ពង្រឹងប្រសិទ្ធភាពការពារសិទ្ធិជនជាប់ចោទ ដែលធានាដោយច្បាប់ ក្រោយពីខ្លួនរកឃើញថា តែជាង១ឆ្នាំមកនេះ ជនជាប់ចោទ ៤៤% ត្រូវបានរំលោភបំពាន ។

នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ CCHR បានចេញព្រឹត្តិបត្រថ្មីមួយទៀត ស្តីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌។

អង្គការនេះលើកឡើងថា តាមការសង្កេតក្នុងសវនាការនៃសាលាឧទ្ធរណ៍ រយៈពេលជាង១ឆ្នាំមកនេះ ពោលគឺចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ រកឃើញសំណុំរឿង៣០១ករណី។

CCHR បន្តថា សំណុំរឿងទាំងនោះ ជនជាប់ចោទ ៤៥៣នាក់ ក្នុងនោះ ១១១នាក់ ឬស្មើនឹង ២៥% ជម្រះទាំងគ្មានមេធាវីកា​រពា​រ ​និង៨៤នាក់ផ្សេងទៀត ស្មើ១៩% កាត់ទោ​ស​កំបាំងមុខ ឬគ្មានវត្តមានជនជាប់ចោទក្នុងសវនាការ។

អង្គការឃ្លាំមើលសិទ្ធិមនុស្សមួយនេះរំឭកថា សិទ្ធិមានវត្តមានរបស់ជនជាប់ចោទក្នុងសវនាការគឺជាសិទ្ធិមូលដ្ឋានគ្រឹះមួយនៃសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌។

អង្គការនេះបន្ថែមថា ច្បាប់តម្រូវឲ្យមានវត្តមានជនជាប់ចោទនៅក្នុងអង្គសវនាការ ដើម្បីឲ្យពួកគេបានប្រើសិទ្ធិត​តាំង​ទៅនឹងការចោទ និងការពារខ្លួន ។

CCHR លើកឡើងថា៖ «ក្រមនីតិវិធីព្រហ្មទណ្ឌបានចែងថា ជនជាប់ចោទមានសិទ្ធិបង្ហាញខ្លួនដោយផ្ទាល់នៅសវនាការ ហើយកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ តម្រូវថា ការជំនុំជម្រះត្រូវធ្វើ​ឡើងដោយមានវត្តមានរបស់ជនជាប់ចោទ។ ការជំនុំជម្រះដោយកំបាំងមុខ មិនត្រូវបានអនុញ្ញា​តតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ»។

អ្នកនាំពាក្យសាលាឧទ្ធរណ៍ លោក ទូច ថារិទ្ធិ អះអាងថា មិនទាន់បានឃើញរបាយការណ៍នេះនៅឡើយ ហើយក៏សុំមិនទាន់ធ្វើអត្ថាធិប្បាយអ្វីដែរ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍ថា ក្រសួងត្រូវការពេលដើម្បីពិនិត្យលើរបាយការណ៍អង្កេតនេះជាមុនសិន មុននឹងមានវិធានការឆ្លើយតបទៅនឹងបញ្ហានេះ។

លោកថា៖ «ជាទូទៅ ក្រសួងធ្វើការពិនិត្យទៅលើរបាយការណ៍ទាំងអស់នេះ។ ដើម្បីចង់ដឹងថា របាយការ​ណ៍នេះ​ត្រឹមត្រូវផ្អែកទៅលើទិដ្ឋភាពច្បាប់ និងភាពជាក់ស្តែងបានកម្រិតណា ហើយបើមានមូលដ្ឋា​​​នច្បា​ស់លាស់ យើងនឹងពិចារណាដើម្បីកែទម្រង់កម្មវិធីរបស់យើង ឆ្លើយតបទៅនឹងកង្វះខាតហ្នឹង។»

លោកមេធាវី សុក សំអឿន ពន្យល់ថា ដោយសារច្បាប់កម្ពុជាចែងថា តុលាការអាចកាត់ទោសកំបាំងមុខបាន អាចមិនស៊ីសង្វាក់គ្នាទៅនឹងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។

ប៉ុន្តែ មេធាវីរូបនេះ អះអាងថា វត្តមានជនជាប់ចោទក្នុងសវនាការ ជាជម្រើសល្អសម្រាប់ជនជាប់ចោទការពារខ្លួនផង ចៅក្រុមក្នុងអង្គជំនុំជម្រះមានមូលដ្ឋានច្រើនសម្រាប់វិនិច្ឆ័យទោស។

លោកថា៖ «ដោយសារច្បាប់ស្រុកយើងចែងថា កាត់កំបាំងមុខបាន វាធ្វើឲ្យអវត្តមានរបស់គាត់ [ជនជាប់ចោទ] វាលែងសំខាន់។ ប៉ុន្តែ បើយើងគិតពីសិទ្ធិមនុស្ស វត្តមានរបស់គាត់សំខាន់ណាស់ ព្រោះដើម្បី​​​ឲ្យតុលាការស្វែងយល់ពីការពិត វាយ៉ាងម៉េច។»

ជម្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានផ្តល់ជាយោបល់ថា ដើម្បីពង្រឹងប្រសិទ្ធិភាពការពារសិទ្ធិជនជាប់ចោទ សាលាឧទ្ធរណ៍ត្រូវធានាថា ព័ត៌មានទាក់ទងទៅនឹងកាលបរិច្ឆេទ និងពេលវេលានៃសវនាការរបស់ខ្លួន ត្រូវបានបញ្ជូនត្រឹមត្រូវទៅមណ្ឌលកែប្រែ។

មជ្ឈមណ្ឌលនេះបន្តថា ចៅក្រមនៃសាលាឧទ្ធរណ៍គួរពន្យារពេលសវនាការ ប្រសិនបើគ្មានវត្តមានជនជាប់ចោទ បើទោះបីជនជាប់ចោទនោះមានមេធាវីតំណាងក៏ដោយ លុះណាតែជនជាប់ចោទនោះលះបង់សិទ្ធិមានវត្តមាននៅសវនាការ។ ចំណែកអគ្គនាយកពន្ធនាគារវិញ ត្រូវធានាថា ព័ត៌មានស្តីពីការផ្ទេរជនជាប់ឃុំ ត្រូវបានបញ្ជូនជាទៀងទាត់ទៅកាន់ព្រះរាជអាជ្ញា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ