ក្រសួងព័ត៌មានអំពាវនាវទៅសារព័ត៌មានទាំងអស់ឲ្យផ្អាកផ្សាយស្ប៉តពាណិជ្ជកម្មគ្រឿងស្រវឹងនៅថ្ងៃប្រារព្ធពិធីបុណ្យបែបព្រះពុទ្ធសាសនានាពេលខាងមុខ ខណៈដែលក្រសួងក៏បានស្នើទៅស្ថាប័នពាក់ព័ន្ធឲ្យដាក់សារព្រមានលើសំបកគ្រឿងស្រវឹងផងដែរ។
ក្រសួងព័ត៌មាន បានអំពាវនាវបែបនេះក្នុងសេចក្ដីប្រកាសព័ត៌មានមួយកាលពីថ្ងៃទី៣០ ខែមេសា ប្រហែល ៣សប្ដាហ៍មុនពេលកម្ពុជាប្រារព្ធពិធីបុណ្យវិសាខបូជា។
រដ្ឋមន្ត្រីព័ត៌មាន លោក ខៀវ កាញារីទ្ធ បានលើកឡើងក្នុងសេចក្ដីប្រកាសព័ត៌មាននោះថា ក្រសួងស្នើទៅប្រព័ន្ធផ្សព្វផ្សាយផ្អាកការផ្សព្វផ្សាយស្ប៉តពាណិជ្ជកម្មគ្រឿងស្រវឹង ដើម្បីលើកស្ទួយព្រះពុទ្ធសាសនា។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ផុស សុវណ្ណ បញ្ជាក់បន្ថែមថា ក្រសួងបានត្រឹមស្នើឡើងបែបនេះ ប៉ុន្តែ លោកថា ក្រសួងក៏មិនអាចហាមឃាត់ការផ្សព្វផ្សាយ ការចែកចាយ និងការទទួលទានគ្រឿងស្រវឹងនៅចំថ្ងៃប្រារព្ធពិធីបុណ្យតាមបែបព្រះពុទ្ធសាសនានោះបានឡើយ។
លោក សុវណ្ណ ប្រាប់ថា៖ «យើងគិតថា ថ្ងៃហ្នឹងជាថ្ងៃគោរពបូជាទាំងអស់គ្នា អ៊ីចឹង យើងគ្រាន់តែថា កុំឱ្យប្រព័ន្ធផ្សព្វផ្សាយ វាផ្សព្វផ្សាយថែមបន្ថែមទៀតអ៊ីចឹង។ តែយើងបម្រាមបុគ្គលមិនឱ្យគេហូប យើងពិបាកនិយាយណាស់។ បើយើងបិទសិទ្ធិគេទាំងអស់ទៅ ដូចជាយើងហាមគេទាំងអស់»។
ក្រៅពីអំពាវនាវឲ្យបញ្ឈប់ការផ្សព្វផ្សាយគ្រឿងស្រវឹងហើយនោះ រដ្ឋមន្ត្រីព័ត៌មាន លោក ខៀវ កាញារីទ្ធ ក៏បានស្នើទៅរដ្ឋមន្ត្រីឧស្សាហកម្ម និងសិប្បកម្ម លោក ចម ប្រសិទ្ធ ឲ្យបោះពុម្ពសារព្រមាននៅលើសំបកកំប៉ុង ឬក៏ដបនៃគ្រឿងស្រវឹងផងដែរ។
រដ្ឋមន្ត្រីព័ត៌មានលើកឡើងថា សារព្រមានលើសំបកកំប៉ុង ឬក៏សំបកដបនៃគ្រឿងស្រវឹង នឹងជួយដាស់ស្មារតីពលរដ្ឋឲ្យគិតគូរពីសុខភាព និងសុវត្ថិភាពអាយុជីវិតផ្ទាល់ខ្លួន។
អ្នកនាំពាក្យក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក អ៊ុំ សុថា បានឲ្យដឹងថា ក្រសួងនៅមិនទាន់ទទួលបានសំណើរបស់ក្រសួងព័ត៌មាននៅឡើយ។
ព្រះមេគុណសង្ឃរាជធានីភ្នំពេញ ព្រះតេជគុណ ឃឹម សន សាទរចំពោះសេចក្ដីប្រកាសរបស់ក្រសួងព័ត៌មាន ប៉ុន្តែ ព្រះអង្គមានដីកាថា ការផ្អាកផ្សព្វផ្សាយស្ប៉តគ្រឿងស្រវឹងក្នុងមួយឆ្នាំតែ ២ថ្ងៃនេះ មិនទាន់គ្រប់គ្រាន់នៅឡើយទេ ហើយព្រះអង្គចង់ឱ្យរដ្ឋាភិបាលផ្អាកការផ្សាយស្ប៉តស្រាជារៀងរាល់ថ្ងៃសីល ហើយយកថ្ងៃសីលទៅផ្សព្វផ្សាយព្រះធម៌វិញ។
ព្រះមេគុណ ឃឹម សន មានសង្ឃដីកាថា៖ «ព្រោះប្រទេសជាតិខ្លះ មានអ្នកកាន់ព្រះពុទ្ធសាសានាខ្លះ សូម្បីតែលក់ ក៏គេមិនឱ្យឃើញគ្រឿងស្រវឹងផង កុំថាឡើយឡើងដល់ផ្សាយជាសាធារណៈតាមទូរទស្សន៍ បិទផ្លាកផ្សាយអ៊ីចឹង គេមិនឱ្យឃើញទៀត គេលក់គេប្រយ័ត្នណាស់ ព្រោះអីជារឿងសំខាន់សម្រាប់ប្រទេសជាតិមួយដែលចង់ឱ្យកុមារភាពទាំងឡាយក្លាយទៅជាមនុស្សល្អ គឺគេឱ្យល្អពីតូចហ្នឹងទៅ»។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង ចាត់ទុកសេចក្ដីប្រកាសនេះថា ជារឿងល្អ ប៉ុន្តែ លោកជំរុញឲ្យមានវិធានការជាក់លាក់ដើម្បីការអនុវត្តមានប្រសិទ្ធភាព។
លោក យង់ គិមអេង ប្រាប់ថា៖ «ត្រូវតែមានច្បាប់ ដើម្បីគ្រប់គ្រងការផ្សាយពាណិជ្ជកម្មហ្នឹង ទី២ អ្នកនយោបាយត្រូវតែមានឆន្ទៈតម្កល់ផលប្រយោជន៍រួមជាធំ ជាពិសេសគិតគូរទៅដល់សុខុមាលភាពសង្គមជារួម ទាំងសុខភាព ទាំងគ្រោះថ្នាក់ផ្សេងៗ ដែលកើតឡើងនៅក្នុងសង្គមដែលបណ្ដាលឱ្យមកពីគ្រឿងស្រវឹង ទី៣ ត្រូវតែឱ្យមានការដាក់ពិន័យ ដោយការផ្សាយត្រូវឱ្យមានការគិតគូរអំពីតម្លៃសីលធម៌ និងសុខភាពខ្ពស់»។
សេចក្ដីព្រាងច្បាប់សម្រាប់គ្រប់គ្រងគ្រឿងស្រវឹង ដែលត្រូវបានផ្ដួចផ្ដើមឡើងដោយសង្គមស៊ីវិលតាំងពីជាង ១០ឆ្នាំមុននោះ នៅមិនទាន់ត្រូវបានរដ្ឋាភិបាលអនុម័តនៅឡើយទេរហូតមកដល់ពេលនេះ។
គ្រឿងស្រវឹងត្រូវបានរដ្ឋាភិបាលចាត់ទុកជាកត្តាចម្បងនៃគ្រោះថ្នាក់ចរាចរណ៍ដែលបានសម្លាប់មនុស្សលើសពី ១៥០០នាក់ និងបណ្ដាលឲ្យមនុស្សរាប់ពាន់នាក់ទៀតរងរបួសនៅរៀងរាល់ឆ្នាំ៕