
«ការធ្វើបរិវត្តកម្មឌីជីថល» ទាមទារឱ្យមនុស្សគ្រប់គ្នាមានលទ្ធភាពប្រើប្រាស់
នាពេលបច្ចុប្បន្ន គេអាចសង្កេតឃើញថាហាងកាហ្វេ ហាងលក់ទំនិញ និងភោជនីយដ្ឋានជាច្រើននៅទូទាំងប្រទេសកម្ពុជាបានដាក់តាំងនូវកូដ QR សម្រាប់ឱ្យអតិថិជនរបស់ខ្លួនស្កេនដើម្បីទូទាត់ប្រាក់។ ប៉ុន្តែ បច្ចេកវិទ្យានេះមិនត្រូវបានប្រើប្រាស់ទូលំទូលាយនោះទេកាលពី៣ឆ្នាំមុន។ វាក៏មិនមានមនុស្សច្រើនទេដែលស្គាល់ថាអ្វីជាកូដ QR នោះ ទោះបីជានៅក្នុងចំណោមប្រជាជននៅទីប្រជុំជនក៏ដោយ។ ជាការពិតណាស់ ប្រទេសកម្ពុជាកំពុងដំណើរការធ្វើបរិវត្តកម្ម (Transformation) ឌីជីថលដ៏លឿនក្នុងវិស័យជាច្រើន ហើយរាជរដ្ឋាភិបាលមានផែនការជំរុញបរិវត្តកម្មនេះបន្ថែមទៀត តាមរយៈការដាក់ចេញនូវគំនិតផ្តួចផ្តើមជាច្រើន រួមមាន សេវាប្រកាសពន្ធអាជីវកម្មតាមប្រព័ន្ធអនឡាញ សេវាចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធអនឡាញ និងសេវាកម្មសាធារណៈដទៃជាដើម។