អ្នកមានជម្លោះដីធ្លីជិត២០០នាក់រួមទាំងកុមារផងស្វែងរកព័ត៌មានលំអិតពីក្រុមហ៊ុនអភិវឌ្ឍក្រុងរណបមួយនៅរាជធានីភ្នំពេញដោយពួកគេអះអាងថាការបិទបាំងព័ត៌មានពីគម្រោងអភិវឌ្ឍនោះធ្វើឲ្យពួកគេនឹងត្រូវបានគេបណ្តេញចេញទាំងបង្ខំ។
ប្រជាសហគមន៍មកពីព្រែកតាគង់១និងសហគមន៍ខ្វាក្នុងខណ្ឌមានជ័យប្រាប់អ្នកសារព័ត៌មាននៅកន្លែងតវ៉ាមុខស្នាក់ការក្រុមហ៊ុន ING នៅរាជធានីភ្នំពេញនាថ្ងៃទី១៩ខែកុម្ភៈនេះថាក្រុមហ៊ុននោះបានបូមខ្សាច់លុបបឹងទំពុនស្ថិតក្នុងសង្កាត់ចក្រអង្វែលើ ខណ្ឌមានជ័យ មិនបានផ្តល់ដំណឹងដល់ពួកគេដែលបានរស់នៅទីនោះទេ។
ស្ត្រីអ្នកតវ៉ាទាំងនោះអះអាងទៀតថាការមិនទទួលបានដំណឹងពីគម្រោងអភិវឌ្ឍបែបនេះក្រុមអ្នកតវ៉ាគិតថាពួកគេនឹងអាចត្រូវបានបណ្តេញចេញដូចសហគមន៍ដទៃៗទៀតដែលបានបណ្តេញចេញរួចហើយ។ ពួកគេបន្តថា៖ “ខ្សាច់បើខែខ្យល់វិញហូបបាយអត់កើតទេហុយពេញផ្ទះទាំងអស់ហូបបាយអត់កើតទេសូម្បីតែចងម៉ុងហូបបាយក៏ហូបអត់កើតទេ។ ព្រោះអីខ្សាច់ហ្នឹង លើរនាបផ្ទះខ្ញុំហ្នឹងទៀត(ពុំនូកខ្សាត់)ចង់ដល់ដំបូងហើយ។ អញ្ចឹងពួកខ្ញុំភ័យពួកខ្ញុំបារម្ភខ្ញុំចង់ដឹងថាតើការអភិវឌ្ឍរបស់ពួកគាត់ហ្នឹងអភិវឌ្ឍយ៉ាងម៉េចឲ្យពួកគាត់បំភ្លឺឲ្យច្បាស់”។
ស្រី្តអាយុ៦៦ឆ្នាំម្នាក់ទៀតឈ្មោះ ជា សន ឲ្យដឹងដែរថាគាត់បានមករស់នៅភូមិព្រែកតាគង់១នេះតាំងពីឆ្នាំ១៩៩៣ពោលគឺ២៣ឆ្នាំមកហើយ។ គាត់ថាពួកគាត់អាចរកប្រាក់បានពី៣ទៅ៥ម៉ឺនរៀលក្នុងមួយថ្ងៃតាមរយៈដាំត្រកួននិងបន្លែផ្សេងៗនៅលើដីលិចទឹកនេះដែលស្ត្រីវ័យចំណាស់រូបនោះថាប្រាក់ចំណូលនេះអាចចិញ្ចឹមជីវិតនិងបញ្ជូនចៅៗទៅសាលាបានដូចពលរដ្ឋដទៃដែរ។
ចំណែកដំណឹងពីការអភិវឌ្ឍនេះគាត់ថាទាំងក្រុមហ៊ុននិងអាជ្ញាធរមិនបានប្រាប់អ្នកភូមិទេ។
អ្នកស្រី ជា សន ថារូបគាត់និងអ្នកភូមិមកតវ៉ានៅថ្ងៃសុក្រនេះចង់ប្រាប់ក្រុមហ៊ុនថាពួកគេចង់ឲ្យកាត់ឃ្វៀលដីទាំងនោះចេញពីគម្រោងអភិវឌ្ឍតាមអនុសាសន៍របស់នាយករដ្ឋមន្ត្រី។
គាត់បន្តថា៖ “ងាយស្រួលណាស់ក្មេងអាចទៅរៀនបានទោះបីជាដើរកាត់ទឹកបន្តិចបន្ទួចក៏អាចទៅរៀនបានព្រោះជិត ហើយមន្ទីរពេទ្យក៏អញ្ចឹងដែរក្មេងរស់បានច្រើនណាស់ក្នុងបឹងហ្នឹងដោយសារគន្ធបុប្ផា(មន្ទីរពេទ្យគន្ធបុប្ផា)ឈឺយកទៅដល់ភ្លាមមួយអាទិត្យពីរអាទិត្យជាយកមកផ្ទះវិញ ម្តាយឱពុកមានពេលធ្វើការងារ។ ជាសំណូមពរបស់ខ្ញុំបើសិនជាអភិវឌ្ឍសុំឲ្យក្រុមហ៊ុនហ្នឹងគេឃ្វៀលដីឲ្យពួកខ្ញុំរស់នៅកន្លែងហ្នឹងម៉ង(កន្លែងចាស់ដែលធ្លាប់រស់នៅ)អត់ចេញចាស! សំណងប៉ុន្មានក៏អត់យកដែរ”។
កុមារដែលចូលរួមការតវ៉ានោះពួកគេប្រាប់ថាខ្លះរៀនថ្នាក់ទី៤និងខ្លះទៀតថ្នាក់ទី៦ពួកគេបាននាំគ្នាលើកបដាសុំអភិវឌ្ឍនៅនឹងកន្លែងនិងច្រៀងរៀបរាប់ពីអត្ថប្រយោជននៃរបរប្រចាំថ្ងៃរបស់ឪពុកម្តាយគេតាមរយៈដាំបន្លែនៅជិតផ្ទះលើបឹងធម្មជាតិមួយនេះដែលក្រុមហ៊ុនកំពុងបូមខ្សាច់ពន្លិច។ ពួកគេបន្ថែមថា៖ “ពួកយើងរស់នៅតែការពឹងផ្អែកត្រកួនកញ្ឆែតរកត្រីចិញ្ចឹមគ្រួសារបើបាត់បង់ទៅរស់នៅលំបាកយ៉ាងណា? ជីវិតគ្រួសារតើដល់ពេលណាទើបបានរីករាយដូចគេ។ ស្តាយអើយសែនស្តាយភូមិធ្លាប់រស់នៅដល់ចាកចេញទៅរស់នៅលំបាកយ៉ាងណា? ឱក្រុមហ៊ុនអើយកន្តើយដល់ណា? ប្រជាខ្លោចផ្សារសូមមេត្តាជួយដោះទុក្ខផង”។
ក្រោយពីមានសម្រែកច្រៀងជាពួករបស់ក្មេងៗតំណាងក្រមហ៊ុន ING លោក កែវ សូថា ចេញជួបក្រុមអ្នកតវ៉ា។ ប៉ុន្តែលោក កែវ សូថា មិនបានឆ្លើយទៅនឹងការទាមទាររបស់អ្នកភូមិដែលសុំកាត់ឃ្វៀលដីចេញពីក្រុមហ៊ុនដើម្បីអភិវឌ្ឍនៅនឹងកន្លងនោះទេដោយគ្រាន់តែអះអាងថាព័ត៌មានលម្អិតពីគោលការណ៍ផ្តល់សំណងនេះក្រុមហ៊ុននិងអាជ្ញារាជធានីនឹងប្រាប់នៅដើមសប្តាហ៍ក្រោយ។
លោកបន្ថែមថា៖ “សំណងគឺមានបើសិនមានប៉ះពាល់នៅនឹងកន្លែង បើសិនជាមានផលប៉ះពាល់កន្លងមកគឺយើងបានធ្វើរូចហើយសាលាក្រុងបានធ្វើ ប៉ុន្តែសហការជាមួយក្រុមហ៊ុន(ពលរដ្ឋសួរ) ខ្ញុំអត់ដឹង អត់ដឹងព្រោះមិនទាន់ដោះស្រាយ។ អញ្ចឹងនៅពេលដំណើរការគម្រោងប៉ះពាល់គេចាប់ដោះស្រាយហើយ”។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ឡុង ឌីម៉ង់ អះអាងថាមន្ត្រីជំនាញនឹងសិក្សាពីផលប៉ះពាល់នេះបើមានលិខិតផ្លូវការពីក្រុមអ្នកតវ៉ា។ លោកបន្តថា៖ “ឲ្យគាត់ដាក់ពាក្យមកដើម្បីឲ្យដឹងថាផ្ទះគាត់នៅត្រង់ណា ដើម្បីយើងដោះស្រាយជាមួយគណៈកម្មាធិការដោះស្រាយផលប៉ះពាល់នៅសាលារាជធានី”។
បើតាមអ្នកតវ៉ាក្រុមហ៊ុន ING នោះបានបូមខ្សាច់លុបបឹងធម្មជាតិនោះជាងពីរឆ្នាំមកហើយដែលពួកគេថាភាគីក្រុមហ៊ុនមិនដែលចុះជួបពលរដ្ឋផ្តល់ព័ត៌មានពីផលប៉ះពាល់ដល់ពួកគាត់ដែលរស់នៅទីនោះទេទើបពួកគេបារម្ភពីការបណ្តេញដូចសហគមន៍បឹងកក់និងបុរីកីឡាជាដើម។ នាយកលេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋានលោក សៀ ភារម្យ ជំរុញឲ្យរដ្ឋាភិបាលចុះធ្វើវេទិកាសាធារណៈក្នុងតំបន់ដែលរងផលប៉ះពាល់ហើយផ្តល់សំណងសមរម្យដល់ប្រជាសហគមន៍ទាំងនោះ៕