ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្ដរមានជ័យបំភ្លឺទៅកាន់រដ្ឋមន្ត្រីក្រសួងអប់រំថា ពុំមានករណីគ្រូបង្រៀននៅអនុវិទ្យាល័យមួយក្នុងសង្កាត់អូរស្មាច់ វាយសិស្សរហូតដល់ “ត្រដរខ្យល់ ក្អួតឈាម” ដូចការផ្សាយតាមបណ្ដាញសង្គមនោះទេ។
នៅថ្មីៗនេះ មានព័ត៌មានមួយចំនួនផ្សព្វផ្សាយនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា គ្រូបង្រៀនម្នាក់នៅអនុវិទ្យាល័យ ហ៊ុន សែន រួតចំប៉ី ក្នុងខេត្តឧត្ដរមានជ័យ បានវាយសិស្សស្រីម្នាក់រហូតដល់សន្លប់ ឬត្រដរខ្យល់។
ក្នុងលិខិតមួយច្បាប់ផ្ញើជូនរដ្ឋមន្ត្រីក្រសួងអប់រំលោក ហង់ ជួន ណារ៉ុន ចុះថ្ងៃទី២៥ ខែកុម្ភៈ ប្រធានមន្ទីរអប់រំខេត្តឧត្ដរមានជ័យ ប្រធានមន្ទីរអប់រំខេត្តឧត្ដរមានជ័យ លោកស្រី ប៉ិច រតនា លើកឡើងថា កាលពីល្ងាចថ្ងៃទី២៣ ខែកុម្ភៈ វេលាម៉ោងប្រមាណ៥ល្ងាច នៅអនុវិទ្យាល័យ ហ៊ុន សែន រួចចំប៉ី មានករណីគ្រូវាយសិស្ស “ដោយអចេតនា” ក្នុងពេលបង្រៀន រួចសិស្សបានសន្លប់ ដោយលិខិតនោះអះអាងថា ដោយសារចំពេលដែលសិស្សនោះចុកពោះ។ លិខិតបន្តថា ក្រោយពេលកើតហេតុ ម្ដាយសិស្សបាននាំកូនទៅព្យាបាលនៅមន្ទីរពេទ្យឈ្មោះកាប់ជើង ក្នុងប្រទេសថៃ រួចនាំកូនទៅផ្ទះវិញបន្ទាប់ពីដឹងខ្លួន។

លិខិតបន្ថែមថា នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ក្រុមការងារមន្ទីរបានចុះសាកសួរ និងប្រជុំដោះស្រាយដោយលោកគ្រូឈ្មោះ សុខ សារ៉ូត បានទទួលកំហុសថាបានវាយសិស្សស្រីម្នាក់ឈ្មោះ ឆាយ ខៃឈីង “ដោយអចេតនាក្នុងលក្ខណៈលេងសើច ចំពេលដែលសិស្សកំពុងចុកពោះ”។ លិខិតអះអាងថា សិស្ស និងម្ដាយសិស្សបានយល់ព្រមទទួលការសុំទោសរបស់គ្រូ និងឈប់រករឿងតទៅទៀត ហើយសិស្សរូបនោះក៏បានទៅរៀនធម្មតានៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ដោយមានសុខភាពល្អដូចធម្មតា។
លិខិតដដែលបន្តថា ក្រោយហេតុការណ៍គ្រូវាយសិស្សនោះមក មានព័ត៌មានតាមបណ្ដាញសង្គមបំប៉ោងហួសពីការពិតថា សិស្សដែលត្រូវគ្រូវាយនោះ “ត្រដរខ្លល់ ក្អួតឈាម” ហើយនៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ លោកគ្រូអ្នកគ្រូ៩នាក់នៅអនុវិទ្យាល័យ ហ៊ុន សែន រួតចំប៉ី បានផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញទំនាក់ទំនងសង្គមថាចាប់ពីថ្ងៃទី២៩ ខែកុម្ភៈ តទៅ ពួកគាត់នឹងផ្អាកការបង្រៀនជាបណ្ដោះអាសន្ន ប្រសិនបើពុំមានដំណោះស្រាយ។ លិខិតបន្តថា នៅថ្ងៃទី២៥ ខែកុម្ភៈ ក្រុមការងារមន្ទីរអប់រំបានទៅប្រជុំសម្របសម្រួល ហើយក្រុមគ្រូបង្រៀនក៏បានយល់ព្រមថានឹងមិនផ្អាកការបង្រៀនសិស្សនោះទេ៕