សំឡេង៖ “ម្ចាស់វាថាបានបួនការ៉ុងមិនដឹងជាបានឬអីស្រូវពីខាងនេះដល់ខាងនោះបានផលប្រហែល៤០%”។
នេះជាការត្អូញត្អែររបស់ប្រជាកសិកររស់នៅភូមិវាល សង្កាត់សំបួរ ក្រុងសៀមរាប ស្រពពេលដែលប្រជាកសិករទាំងនោះកំពុងមើលគ្រឿងចក្រច្រូតស្រូវដែលនៅសេសសល់ពីការស្កកក្រៀមស្វិតក្នុងស្រែ។
កសិករម្នាក់ក្នុងចំណោមពួកគេ៦នាក់ដែលពួកគាត់រស់នៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប លោក ទូច ហួន បានរៀបរាប់ថាស្រូវប្រាំងពួកគេនៅឆ្នាំនេះបានទទួលទិន្នផលតែប្រហែល១០%ប៉ុណ្ណោះដោយសារស្រូវប្រាំងទាំងនោះក្រៀមស្វិតព្រោះគ្មានទឹកស្រោចស្រព។ កសិកររូបនោះបន្ដថាដំណាំកសិកម្មនេះមានប្រភពទឹកចេញពីស្ទឹងសៀមរាបនិងបារាយណ៍ទឹកថ្លា ប៉ុន្ដែអាជ្ញាធរបានបិទទ្វារទឹកដើម្បីរក្សាទឹកបណ្សើមដល់គ្រឹះប្រាសាទបុរាណខ្មែរទើបបណ្ដាលឲ្យខ្វះទឹកបញ្ចូលស្រែប្រាំង។ កសិករបន្ថែមថា៖ “សាលាខេត្ដនិងសាលាក្រុងប្រជាជនដាក់សំណើរសុំឲ្យជួយទម្លាក់ឃ្លាំងទឹកឲ្យប្រជាជនស្រោចស្រពស្រែប្រាំងនោះមិនធ្វើដឹងមិនធ្វើឮទេពេលនេះស្រូវប្រជាជនស្វិតអស់បានទម្លាក់មកឲ្យមានប្រយោជន៍អីទេប្រយោជន៍ដាក់ទឹកឲ្យរាល់ថ្ងៃនេះទម្លាក់ទឹកឲ្យតែពួកក្រុមហ៊ុនដែលវាទិញដីដាំឈូក”។
វាលស្រូវប្រាំងដែលមានពណ៌លឿងទុំបានលាតសន្ធឹងនៅខាងជើងបឹងទន្លេសាបស្ថិតនៅក្នុងសង្កាត់បីរួមមានសង្កាត់ស្វាយដង្គំ សង្កាត់សំបួរ និងសង្កាត់សៀមរាប ដែលមានចំងាយប្រមាណជាង១០គីឡូម៉ែត្រពីក្រុងទេសចរណ៍។
ក្នុងវ័យជិត៣០ឆ្នាំកសិករមួយរូបទៀតរៀបរាប់ថាទិន្នផលស្រូវប្រាំងដែលសល់ពីក្រៀមស្វិតនេះបានតិចតួចបំផុត។ ដៃចង្អុលទៅម៉ាស៊ីនដែលកំពុងច្រូតស្រូវលោក កុញ សាញ់ បានបន្ដថាផលស្រូវប្រាំងរបស់លោកឆ្នាំនេះអាចបានផលតែ៤ការ៉ុងប៉ុណ្ណោះក្នុងផ្ទៃដីទំហុំ១៥ម៉ែត្រគុណនឹង៣០០ម៉ែត្រដែលលោកថាខុសពីឆ្នាំមុនទទួលបានផលជាង២០ការ៉ុង។ លោកបន្ដថា៖ “ឆ្នាំនេះអត់ទឹកខ្វះទឹករីងស្ងួតខ្វះចាប់ពីបញ្ចូលពីព្រោះមកឆ្នាំនេះទឹកតិចណាស់តិចជាងឆ្នាំមុនពីរខែវាមកពីទន្លេផងពីក្រោមពីលើផងមានម៉េចស្រូវអត់ទឹកស្វិតអត់បានផលល្អទឹកទន្លេមិនបានផលល្អអត់គ្រប់ទេព្រួយបារម្ភខ្លាចអត់អីហូបធ្វើការសំណងបន្ដែទៀត”។
មិនខុសពីកសិករ កុញ សាញ់ ប៉ុន្មានឡើយកសិករផ្សេងទៀតអះអាងថាកំពុងប្រឈមខ្វះខាតស្បៀងដោយសារទិន្នផលស្រូវប្រាំងនៅឆ្នាំនេះមានការថយចុះយ៉ាងគំហុក។
បុរសមាឌធំសបុរខ្មៅលោក ហ៊ីង ម៉ៅ ជាកសិករនៅសង្កាត់សំបួរឲ្យដឹងនៅវាលស្រូវប្រាំងនោះដែរថាស្រូវប្រាំងលោកទំហំជាង៤០០ម៉ែត្រការ៉េ លោកថាបានទទួលផលតិចតួចបំផុតព្រោះតែស្រូវប្រាំងនោះមានតែចំបើងប៉ុណ្ណោះ។ ឈរក្រោមកម្ដៅថ្ងៃត្រង់កសិកររូបនោះបានបង្ហាញពីភាពអស់សង្ឃឹមលើការបង្កបង្កើនផលដំណាំស្រូវនេះ។ លោកឲ្យដឹងថាចាប់តាំងពីក្រោយដែលលោកបានពង្រោះពូជស្រូវរួច ស្រូវនោះបានទទួលទឹកស្រោចស្រពម្ដងគត់ព្រោះតែនៅតំបន់នោះគ្មានប្រឡាយទឹកពោលគឺធ្វើស្រែពឹងផ្អែកលើទឹកទន្លេសាបនៅរដូវវស្សាហៀរចូល។ លោកសម្ដែងការព្រួយបារម្ភពីកង្វះខាតស្បៀងខណៈប្រជាកសិករជាច្រើនទៀតពួកគេធ្វើស្រែតែមួយរដូវប៉ុណ្ណោះក្នុងមួយឆ្នាំ។ លោកបន្ថែមថា៖ “វាសនាកសិករគាត់មិនដឹងជាទីពឹងស្អីទេក្រៅពីធ្វើស្រែធ្វើចំការព្រោះនៅសង្កាត់សំបួរ ស្រង៉ែស្វាយដង្គុំមិនថាគេថាខ្ញុំបានពឹងផ្អែកលើស្រែចំការនេះឯងឃើញជាក់ស្ដែងគឺបើយើងប្រមូលផលស្រូវបានតិចមានប៉ះពាល់ច្រើនដល់ប្រជាពលរដ្ឋដែលធ្លាប់មានអង្ករហូបមានស្រូវប៉ះពាល់គឺយើងរកលុយមិនសូវបាន”។
កាលពីខែតុលាឆ្នាំ២០១៥ ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទបានចេញសេចក្ដីណែនាំឲ្យមន្ទីរកសិកម្មរាជធានីខេត្តត្រៀមលក្ខណៈបង្កបង្កើនផលស្រូវប្រាំងឆ្មាំ២០១៦ត្រូវវាយតម្លៃនិងវៀបចំផែនការផលិតកម្មឲ្យបានច្បាស់លាស់ដោយពិនិត្យទៅលើស្ថានភាពប្រភពទឹកនិងបរិមាណទឹកនៅតំបន់នីមួយៗព្រមទាំងរក្សាទឹកទុកសម្រាប់បង្កបង្កើនផលស្រូវរដូវប្រាំងដើម្បីជៀសវាងខ្វះទឹកស្រោចស្រពបណ្ដាលឲ្យថយចុះទិន្នផលស្រូវឬបាត់បង់ទិន្នផលស្រូវទាំងស្រុង។
អង្គុយក្រោមដើមឈើរងចាំដឹកចំបើងទៅផ្ទះកសិករឈ្មោះ ហុង ហ៊ីន ឲ្យដឹងថាផលស្រូវដែលលោកទទួលនៅឆ្នាំនេះមិនរួចឈ្នួលថ្លៃច្រូតកាត់នោះទេហើយតម្លៃស្រូវក៏មានតម្លៃថោកផងដែរ។ អតីតយោធាពិការមានជំងឺប្រចាំកាយវ័យ៤៦ឆ្នាំរូបនោះព្រួយបារម្ភពីខ្វះស្បៀងចិញ្ចឹមកូន ខណៈគ្រួសារលោកមានសមាជិក៥នាក់។ លោកបន្ដថា៖ “រកត្រីរកសាច់រកអីឲ្យតែបានចិញ្ចឹមកូនឲ្យតែរស់ទឹកអត់មានឆ្នាំនេះអត់មានប្រឡាយមានអីផង”។
ទាក់ទងការលើករបស់ប្រជាកសិករអភិបាលក្រុងសៀមរាបលោក សូ ប្លាតុង ទទួលស្គាល់ថាទិន្នផលស្រូវប្រាំងនៅឆ្នាំ២០១៦មានការថយចុះ ដោយលោកបញ្ជាក់ថាការថយចុះនេះដោយសារខ្វះទឹកស្រោចស្រព។ លោកបន្ដថាតាមការវាយតម្លៃទិន្នផលស្រូវប្រាំងនេះប្រជាកសិករផលិតបានប្រហែលជាង២តោនក្នុងមួយហិកតាបើប្រៀបធៀបពីឆ្នាំ២០១៥ថយចុះបន្ដិចបន្ទួច។ លោកបន្ដថា៖ “ទី១ទឹកឆ្នាំនេះស្ទើវាអត់ចូលអាង អាងរបស់វាចូលដល់កន្លះម៉ែត្រដោយសារទឹកវាអត់ដល់ហើយយើងបានប្រាប់បងប្អូនប្រជាពលរដ្ឋអំពីកិច្ចការងារនេះធ្វើម៉េចកុំឲ្យបើគាត់ធ្វើស្រូវស្លាលអីកុំឲ្យមានបញ្ហាព្រោះអីយើងដឹងថាស្ទើទឹកប៉ុន្ដែគាត់ថាបន្ថយបានខ្លះអត់ខ្លះគាត់ធ្លាប់ចឹងគាត់ថាចឹងជាទូទៅយើងឃើញថាវាមិនងាប់មិនអីទេប៉ុន្ដែវារាងស្វិតដឹងដូចនិយាយខាងក្រោម១០%វាស្វិតមិនបានទិន្នផល”។
អភិបាលក្រុងរូបនេះឲ្យដឹងបន្ដថាអាជ្ញាធរគ្មានគម្រោងជីកប្រឡាយទឹកទៅដល់តំបន់វាស្រូវប្រាំងនោះទេដោយលោកថាតំបន់នោះមានអាងស្ដុកទឹកស្រាប់។
ទោះជាយ៉ាងណារដ្ឋលេខាធិការក្រសួងកសិកម្មនិងជាប្រធាននៃក្រុមការងារបច្ចេកទេសកសិកម្មនិងទឹកលោក ទី សុគន្ធ បានលើកឡើងនៅក្នុងវេទិកាកាលពីថ្ងៃទី០៩ខែមីនានេះថាបញ្ហាកសិកម្មរដ្ឋាភិបាលបានរៀបចំប្រព័ន្ធធារាសាស្រ្តតាមរយៈក្រសួងធនធានទឹកក្នុងការផ្គត់ផ្គង់ទឹកដល់កសិករ។
នាយកកម្មវិធីបរិស្ថាននិងសុខភាពនៃអង្គការសេដាកលោក គាម មករាឌី មានប្រសាសន៍ថាការខូចខាតស្រូវរបស់កសិករនេះដោយសាររដ្ឋាភិបាលរៀបចំប្រព័ន្ធធារាសាស្ដ្រមានភាពយឺតយ៉ាវ។ លោកបានលើកយកដំណោះស្រាយរបស់ប្រទេសជិតខាងថានៅពេលកសិកររបស់គេផលិតដំណាំកសិកម្មខាតបង់នោះរដ្ឋាភិបាលគេនឹងឧបត្ថម្ភដើមទន់ដល់ប្រជាកសិកររបស់គេ។
អភិបាលក្រុងសៀមរាបឲ្យដឹងថាមានប្រជាពលរដ្ឋប្រមាណ៣៥%ជាអ្នកប្រកបរបរធ្វើស្រែប្រាំងនេះ។ ទោះជាយ៉ាងណារដ្ឋាភិបាលមិនមានគម្រោងជួយសងការខូចខាតស្រូវប្រាំងរបស់កសិករទាំងនោះទេ៕