ស្ថាប័នប្រាក់កម្ចីដែលពលរដ្ឋហៅថាអង្គការឬប្រតិបត្តិប្រាក់កម្ចីមានការកើនឡើងច្រើននៅតាមជនបទ ហើយស្ថាប័នទាំងនោះផ្ដល់ប្រាក់កម្ចីគ្រប់ប្រភេទគ្រប់រូបភាពទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ។ ស្ថាប័នប្រាក់កម្ចីខ្លះទាមទារនូវឯកសារច្រើន ដូចជាប្លង់ដីនិងផ្ទះ ឯស្ថាប័នមួយចំនួនទៀតផ្ដល់ប្រាក់កម្ចីទ្រង់ទ្រាយតូចដល់ពលរដ្ឋតាមរយៈការតម្កល់សៀវភៅគ្រួសារនិង អត្តសញ្ញាណប័ណ្ណជាដើម ចំណែកឯការបង់មកវិញត្រូវគិតទាំងការនិងដើមក្នុងអត្រាការប្រាក់ខ្ពស់។
អង្គុយលើអង្រឹងខាងមុខផ្ទះទៀមផ្ទាល់ដីធ្វើពីឈើតូចមួយស្ត្រីវ័យចំណាស់បន្តិចអ្នកស្រី នឹម ស្រេង រស់នៅឃុំសិត្បូរ ស្រុក ស្អាង ខេត្តកណ្ដាលបានលើកឡើងថាអ្នកស្រីធ្លាប់យកអត្តសញ្ញាណប័ណ្ណនិងសៀវភៅគ្រួសារដើម្បីដាក់យកប្រាក់កម្ចីពីស្ថាប័នប្រាក់កម្ចី(អង្គការ) ហើយបង់ប្រាក់ទៅវិញជារៀងរាល់សប្ដាហ៍។ អ្នកស្រីលើកឡើងបន្ថែមថាការយកប្រាក់បែបនេះត្រូវបង់ក្នុងអត្រាការប្រាក់ខ្ពស់តែមិនតម្រូវឲ្យមានការធានាពីភាគីណានោះទេ។
អង្គុយនៅលើអង្រឹងហើយជើងយោលទៅវិញទៅមកតិចៗអ្នកស្រី នឹម ស្រេង មានកំពស់ទាបសំបុរខ្មៅបានបន្ថែមថា៖ “ពេលយកវាស្រួលតែដល់ពេលរកបង់ឲ្យគេវិញវាពិបាកយើងរកវាមិនទាន់បើស្រួលគេឲ្យចេះតែស្រួលទៅមុនៗគេឲ្យស្រួលដែរហ្នឹងតែដល់ឥឡូវពិបាកគ្រប់គ្នារកអ្វីក៏មិនបានរកលុយកាក់ក៏មិនចូលដល់បង់យឺតចឹងគេឈប់ឲ្យដំបូងៗគេចេះតែឲ្យទៅ ដល់ឥឡូវពិបាក”។
អ្នកស្រី នឹម ស្រេង បន្ថែមថាអ្នកភូមិអ្នកស្រីភាគច្រើនសុទ្ធតែទទួលបានកម្ចីដោយការដាក់អត្តសញ្ញាណប័ណ្ណឬសៀវភៅគ្រួសារជាវត្ថុតាង។ អ្នកស្រីបន្ថែមថាប៉ុន្តែអ្នកខ្លះយកលុយកម្ចីទាំងនោះទៅរកស៊ីខាត់ក៏អត់លុយសង់គេ ចំណែកអ្នកខ្លះទៀតយកលុយគេមកលេងល្បែង ទើបគេលែងឲ្យខ្ចីបន្ថែមទៀត។
ប្រជាពលរដ្ឋម្នាក់រស់នៅឃុំស្វាយរលំ ស្រុកស្អាង ហើយកំពុងអង្គុយលក់អីវ៉ាន់ខាងមុខខ្ទមតូចមួយអ្នកស្រី ស៊ុន ណារី បានលើកឡើងថាការដាក់អត្តសញ្ញាណប័ណ្ណឬសៀវភៅគ្រួសារមិនអាចទទួលបានប្រាក់កម្ជីច្រើនដូចជាការដាក់ប្លង់ផ្ទះនឹងដីនោះទេ។ តែអ្នកស្រីបន្ថែមថាការដាក់បែបនោះមានភាពងាយស្រួលមិនស្មុគស្មាញក្នុងការបញ្ជាក់ពីភូមិ ឃុំ។
អ្នកស្រីបន្ថែមថា៖ “បើសិនជាគេរកមុខរបរធំដុំវិលជុំ អញ្ចឹងក៏ល្អម្យ៉ាងដែរយកលុយមិនពិបាករកប្លង់ទៅសញ្ញេរពីភូមិ ឃុំ ដល់ពេលខ្លះគេខ្ជិលសញ្ញេរច្រើនអញ្ចឹងគេខ្ជិលចង់យក។ បើដាក់អត្តសញ្ញាណប័ណ្ណដាក់សៀវភៅគ្រួសារអញ្ចឹងស្រួលចេះតែយកទៅ”។
ស្រ្តីចំណាស់ម្នាក់ទៀតដែលកំពុងអង្គុយនៅលើគ្រែតូចមួយនៅខាងមុខផ្ទះដើម្បីបះបន្លែសម្រាប់ចំអិនម្ហូបសម្បុរខ្មៅរាងស្គម អ្នកស្រី ហេន ចាន់ថន បានលើកឡើងថាអ្នកស្រីចង់បានប្រាក់កម្ចីមួយចំនួនសម្រាប់ដោះទាល់ជីវភាពដែរ តែដោយសារអ្នកស្រីមិនមានទាំងអត្តសញ្ញាណប័ណ្ណនិងសៀវភៅគ្រួសារព្រោះភ្លើងឆេះអស់ទើបអ្នកស្រីមិនអាចទទួលបានប្រាក់កម្ចីទេ។
ចំណែកឯស្ត្រីវ័យកណ្ដាលម្នាក់ទៀតអង្គុយយោលអង្រឹងចៅនៅខាងក្រោមសំយាបផ្ទះទៀមឈើមួយអ្នកស្រី ផៃ ភី បានឲ្យដឹងថាសព្វថ្ងៃអ្នកស្រីបានយកប្រាក់កម្ចីចំនួន២ស្ថាប័ន។ អ្នកស្រីបន្ថែមថាអ្នកស្រីពិតជាមានការព្រួយបារម្ភចំពោះជីវភាព ដោយសារអត្រាការប្រាក់ខ្ពស់។
អ្នកស្រីបន្ថែមថា៖ “ពិបាកដែរហ្នឹងបើថាយើងបង់អស់ទៅអស់កំរ៉ៃយើងក្រៅ បើកូនរកបានច្រើនទៅគ្រាន់ទប់ដល់កូនរកបានតិចទៅគ្រាន់តែបង់ដល់ពេលយើងត្រូវការប្រាក់ចាយក្រៅអីខ្វះខាត់ដែរហ្នឹងអញ្ចឹងត្រូវរកគេក្រៅទៀត”។
អាជីវករម្នាក់នៅក្នុងផ្សារស្វាយរលំលោក គ្រី គ្រឿន បានឲ្យដឹងថាមានប្រជាពលរដ្ឋមួយចំនួនបានយកអត្តសញ្ញាណប័ណ្ណរបស់ខ្លួនដាក់ដំកល់ក្នុងការខ្ចីប្រាក់យកទៅប្រើប្រាស់មែន។ លោកបន្ថែមថាការដាក់អត្តសញ្ញាណប័ណ្ណបែបនេះនៅកន្លែងរបស់លោកអាចផ្ដល់ប្រាក់កម្ចីត្រឹមតែ១០ទៅ២០ដុល្លារតែប៉ុណ្ណោះក្នុងមួយខែ។
លោកបន្ថែមថា៖ “ដូចថាដាក់រយៈពេលមួយខែឲ្យគេអញ្ចឹងទៅអត្តសញ្ញាណប័ណ្ណយើងសរសេរវិក័យប័ត្រឲ្យគេពីថ្ងៃដាក់រហូតដល់៣០ថ្ងៃក្រោយអញ្ចឹងយើងយកការគេ១០ភាគរយ(១ម៉ឺនការ១ពាន់រៀល)អ្នកខ្លះដាក់អត់ដល់ខែទេអ្នកខ្លះទៀតដាក់ហើយអត់មកលួសយកវិញទេនៅសល់២នាក់ទៀត”។
កាលពីថ្ងៃទី១១ខែមីនា ធនាគាជាតិបានចេញសេចក្ដីជូនដំណឹងព្រមានស្ថាប័នដែលផ្ដល់ប្រាក់កម្ជីទាំងអស់បញ្ឈប់ការទទួលយកឯកសារសម្គាល់លក្ខណៈពីពលរដ្ឋដូចជាអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅសម្រាប់ទុកជាវត្ថុធានាលើការផ្តល់កម្ចីឥណទាននោះទេដោយអះអាងថាខុសពីនីតិវិធីច្បាប់។
សេចក្តីជូនដំណឹងបញ្ជាក់ថាលិខិតយថាភូតដែលអាជ្ញាធរមានសមត្ថកិច្ចចេញឲ្យប្រជាពលរដ្ឋនោះគឺសម្រាប់បញ្ជាក់ពីអត្តសញ្ញាណបុគ្គលនិងសម្រង់ស្ថិតិប្រជាពលរដ្ឋតែប៉ុណ្ណោះមិនមែនសម្រាប់ដាក់បញ្ចាំឬជាទ្រព្យធានាក្នុងប្រតិបត្តិការផ្តល់ឥណទានឡើយដោយថាលិខិតនោះមិនមានតម្លៃសេដ្ឋកិច្ចសម្រាប់សកម្មភាពពាណិជ្ជកម្មនោះទេ។
សេចក្តីជូនដំណឹងដដែលក៏បានព្រមានថាបើគ្រប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនិងប្រតិបត្តិការឥណទានជនបទទាំងអស់មិនគោរពតាមច្បាប់ទេនោះ ធនាគារជាតិនៃកម្ពុជានឹងចាត់វិធានការច្បាប់ដោយធ្វើការផាកពិន័យតាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។
ប្រធានគ្រប់គ្រងសាខាខេត្តកណ្ដាលនៃគ្រឺះស្ថានប្រតិបត្តិប្រាក់កម្ចីក្រេដលោក ស៊ត់ សុវណ្ណបុរី បានឲ្យដឹងថាកន្លងមកស្ថាប័នរបស់លោកបានយកទាំងអត្តសញ្ញាណប័ណ្ណនិងសៀវភៅគ្រួសារច្បាប់ដើមក្នុងការផ្ដល់ប្រាក់កម្ចីចំនួនតិចជាង៥០០ដុល្លារ។ ឯប្រាក់កម្ចីលើសពីនោះគឺតម្រូវឲ្យអតិថិនទាំងនោះដាក់ប្លង់ផ្ទះឬដីក្នុងការធានាផងដែរ។ លោកបន្ថែមថាចាប់តាំងពីការចុះលិខិតព្រមានពីធនាគាជាតិមកស្ថាប័នរបស់លោកក៏បានបញ្ឈប់ការទទួលយកឯកសារទាំងនោះ។
លោកលើកឡើងថា៖ “ឥឡូវចាប់ផ្ដើមតាំងពីខែ៣មកឯកសារផ្សេងៗយើងឈប់ទទួលតាំងពីចេញលិខិតពីធនាគារជាតិហ្នឹងមកយើងឈប់ទទួលហើយ”។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី លើកឡើងថាតាមការស្រាវជ្រាវឲ្យដឹងថាប្រជាពលរដ្ឋនៅតាមជនបទជាង៨០ភាគរយមានការជាប់ពាក់ព័ន្ធនឹងប្រាក់កម្ចីទាំងទ្រង់ទ្រាយធំនិងតូច។ លោកបន្ថែមថាកន្លងមកក៏ឃើញមានស្ថាប័នមួយចំនួនបានយកអត្តសញ្ញាណប័ណ្ណនិងសៀវភៅគ្រួសារច្បាប់ដើមក្នុងការផ្ដល់ប្រាក់កម្ចីដែលធ្វើឲ្យប៉ះពាល់ដល់តម្រូវការរដ្ឋបាលប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
លោកបន្ថែមថា៖ “ពលរដ្ឋដែលគាត់យកឯកសារទាំងអស់នោះទៅដាក់គាត់ពិបាកក្នុងការយកឯកសារទាំងនោះទៅប្រើប្រាស់និងដោះស្រាយក្នុងបញ្ហាផ្សេងៗទៀត។ ខ្ញុំទទួលស្គាល់ថាស្ថាប័នមេក្រូហិរញ្ញវត្ថុគេចង់យកឯកសារទាំងនោះមកធ្វើជាវត្ថុតាង ប៉ុន្តែបើសិនជាយើងមានថតចំលងហើយមានការទទួលស្គាល់ពីអាជ្ញាធរ ភូមិឃុំ នោះវាអាចជំនួសសំណៅដើមរបស់ឯកសារទាំងនោះបានដោយមិនចាំបាច់យកឯកសារទាំងនោះទៅទុកក្នុងការិយាល័យមេក្រូហិរញ្ញវត្ថុ”។
ទោះបីជាយ៉ាងណាលោកក៏ជំរុញឲ្យប្រជាពលរដ្ឋទាំងនោះធ្វើការគិតគូឡើងវិញមុននឹងយកឯកសារអត្តសញ្ញាណរបស់ខ្លួនទៅដាក់ដើម្បីទទួលបានប្រាក់កម្ចីផ្សេងៗជំរុញឲ្យស្ថាប័នរដ្ឋចូលរួមទទួលខុសត្រូវក្នុងការបណ្ដុះបណ្ដាលប្រជាពលរដ្ឋមានការយល់ដឹងក្នុងការយកប្រាក់កម្ចីទាំងនោះ ទៅបង្កបង្កើនផលដើម្បីបានប្រាក់មកសងគេវិញ៕