កាលពី៤៦ឆ្នាំមុនគឺជារដ្ឋប្រហារមិនបង្ហូរឈាមមួយដែលអ្នកនយោបាយខ្លះចាត់ទុកថាធ្វើឡើងដើម្បីទម្លាក់សម្តេចសីហនុចេញពីប្រមុខរដ្ឋ។
បើតាមឯកសារតួអង្គសំខាន់ជាងគេដែលគេហៅថាជាមេក្លោងទម្លាក់សម្តេចឪកាលណោះគឺលោកឧត្តមសេនីយ៍ឯក លន់ នល់។ ប៉ុន្តែក្រៅពី លន់ នល់ តួអង្គបន្ទាប់ក្នុងរឿងរដ្ឋប្រហារនេះគឺព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ដែលប្រឆាំងនឹងសម្ដេច នរោត្តម សីហនុ គឺក្រោយមកក្លាយជាប្រមុខរដ្ឋ។
កម្ពុជាពេលនោះ ត្រូវបានប្តូរឈ្មោះពីរបបសង្គមរាសស្រ្តនិយមទៅជារបបសាធារណៈខ្មែរដែលទំនោរទៅរកប្រទេសមហាអំណាចអាមេរិក។ របបនេះត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃ៩តុលាឆ្នាំ១៩៧០។
តើមានកត្តាអ្វីខ្លះដែលនាំឲ្យមានរដ្ឋប្រហារកើតឡើងខណៈដែលសម័យសង្គមរាស្ត្រនិយមត្រូវបានគេទទួលស្គាល់ថាមានការរីកចម្រើនខ្លាំងផ្នែកសេដ្ឋកិច្ច?
យោងតាមឯកសារដែលផ្ទុកនៅលើគេហទំព័រវីគីមេឌៀ មូលហេតុសំខាន់ៗនៃរដ្ឋប្រហារគឺ ការបណ្ដែតបណ្ដោយឲ្យសកម្មភាពវៀតណាមខាងជើងឬហៅថាយួនកុម្មុយនិស្តប្រដាប់ដោយអាវុធជាច្រើនចូលមកគ្រប់គ្រងលើតំបន់នានាដ៏ធំនៃទឹកដីកម្ពុជាភាគខាងកើត។ កត្តាសំខាន់ផ្សេងមួយទៀតគឺមកពីសភាពបន្ទាន់នៃសេដ្ឋកិច្ចកម្ពុជា គឺជាលទ្ធផលមិនចំពោះនៃគោលនយោបាយរបស់ព្រះសីហនុក្នុងការស្វែងរកអព្យាក្រឹតភាពតាមរយៈប្រឆាំងអាមេរិកនិយមដែលបានរីករាលដាល។
សាស្ត្រាចារ្យផ្នែកនយោបាយលោក សូ ចន្ថា បានកត់សំគាល់ដូចនេះដែរ ប៉ុន្តែបន្ថែមចំណុចខ្លះទៀតដែលឈានដល់ការធ្វើរដ្ឋប្រហារទម្លាក់សម្តេចឪកាលណោះ។ លោកមានប្រសាសន៍ថា៖ “ចំណុចទី៣អាចជាហេតុផលដែលពាក់ព័ន្ធនឹងការមិនបានរៀបចំឬបែងចែកអំណាចច្បាស់លាស់រវាងថ្នាក់ដឹកនាំកំពូលនិងសេនាប្រមុខផ្សេងទៀត។ ចំណុចផ្សេងទៀតខ្ញុំគិតថាវាពាក់ព័ន្ធនឹងចលនាជាតិនិយមរបស់ខ្មែរដែលតែងតែជំរុញឲ្យមេដឹកនាំដើរចេញពីវៀតណាម”។
លោក អាឡិច ហ៊ិនតុន ដែលសាស្ដ្រាចារ្យផ្នែកនរៈវិទ្យានៅសាកលវិទ្យាល័យ រូតហ្គើ (Rutgers University) សហរដ្ឋអាមេរិកធ្លាប់បានប្រាប់អង្គជំនុំជម្រះថាខ្មែរក្រហមបញ្ជូនជនជាតិវៀតណាមប្រមាណ២សែន៥ម៉ឺននាក់ចេញពីប្រទេសកម្ពុជា ហើយរួមនឹងការសម្លាប់ផងដែរនោះ។ លោកបន្តថាការបញ្ជូននេះដោយសារកត្ដាប្រវត្ដិសាស្ដ្ររវាងប្រទេសកម្ពុជានិងវៀតណាម ដែលធ្វើឲ្យប្រជាជនខ្មែរមានការខឹងសម្បារនិងមិនចូលចិត្តជនជាតិវៀតណាម។
លោក ហ៊ិនតុន ឲ្យដឹងទៀតថាក្នុងប្រវត្ដិសាស្ដ្រកម្ពុជាក្រោយពេលអាណានិគមនិយមបារាំងវៀតណាមបានរំលោភបំពានដែនអធិបតេយ្យភាពនៅលើទឹកដីកម្ពុជាជាបន្ដបន្ទាប់ហើយបានធ្វើបាបជនជាតិខ្មែរជាហូរហែ ដូចជាក្នុងរឿងដាំតែអុងជាដើម។ លោកបញ្ជាក់ថាកត្ដាទាំងនេះហើយនាំឲ្យមានការជំរុញឲ្យខ្មែរក្រហមខឹងសម្បានឹងជនជាតិវៀតណាមទាំងនោះ។
អ្នកជំនាញរូបនេះបន្ថែមថានៅក្នុងសម័យលន់ នល់ ជនជាតិវៀតណាមចំនួនប្រហែល ៤សែននាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា។
លោកបណ្ឌិត ចាន់ វិបុល អ្នកប្រឹក្សាយោបល់ឯករាជ្យបានកត់សំគាល់ថាមូលហេតុមួយទៀតដែលនាំឲ្យមានរដ្ឋប្រហារពេលនោះដោយសារតែការចង់រក្សាអំណាចនិងការប្រកាសពីនយោបាយអព្យាក្រឹត្យរបស់សម្តេចព្រះ នរោត្តម សីហនុ។ លោកមានប្រសាសន៍ថា៖ “ចំណុចទី២ទៀតគឺការរក្សាអំណាចរបស់ក្រុមអ្នកកាន់អំណាចគឺលោកអត់ចង់ផ្តល់អំណាចទៅអ្នកដទៃទេ។ លោកស្វែងរកសម្ពាធនយោបាយគ្រប់បែបយ៉ាង។ ដោយសារតែសម្ពាធនយោបាយកាន់តែធ្ងន់ហ្នឹងហើយបានឲ្យមានបែកធាងបែកមេកសមាជិករដ្ឋាភិបាលស្វែងរកការគាំទ្រដើម្បីផ្តួលរដ្ឋាភិបាល…”។
តើរដ្ឋប្រហាររដ្ឋធម្មនុញ្ញឬហៅថារដ្ឋប្រហារមិនបង្ហូរឈាមកាលណោះផ្តល់មេរៀនអ្វីខ្លះដល់អ្នកនយោបាយនៅកម្ពុជា?
លោក សូ ចន្ថា វិភាគថារដ្ឋប្រហារនោះបានផ្តល់មេរៀនមិនល្អដល់អ្នកនយោបាយនៅកម្ពុជា។ លោកថាក្រោយពីមានរដ្ឋប្រហារនោះមានអ្នកនយោបាយខ្លះធ្វើការប្រកួតប្រជែងមិនស្មោះត្រង់តាមរយៈការបោះឆ្នោត ហើយបែរជាទៅប្រើកម្លាំងអាវុធដើម្បីរក្សាអំណាច។
លោកកត់សំគាល់ថា៖ “ខ្ញុំគិតថាមេដឹកនាំខ្មែរហាក់ដូចជាមិនបោះបង់គំនិតការជ្រើសរើសយករដ្ឋប្រហារឬការដណ្តើមអំណាចតាមកម្លាំងទ័ពនៅឡើយទេ។ យើងឃើញកាលពីឆ្នាំ១៩៩៣ក្រោយបោះឆ្នោត គណបក្សហ្វ៊ុនស៊ិនប៉ិចឈ្នះឆ្នោត យើងឃើញមានការគំរាមបង្កើតតំបន់អប្បគមន៍។ ឆ្នាំ១៩៩៧ក៏មានការប្រើកម្លាំងប្រដាប់អាវុធ។ ក្រោយបោះឆ្នោតឆ្នាំ២០១៣ក៏ការចល័តកម្លាំងកងទ័ពដែលនេះបញ្ជាក់ថាជាការប្រើកម្លាំងក្នុងការដណ្តើមយកអំណាច”។
លោកបណ្ឌិត ចាន់ វិបុល មិនបាននិយាយដោយត្រង់ៗថារដ្ឋប្រហារនោះបានផ្តល់ជាមេរៀនឲ្យអ្នកនយោបាយជំនាន់ក្រោយធ្វើតាមនោះទេ ប៉ុន្តែលោកបានប្រៀបធៀបការដណ្តើអំណាចដោយមិនប្រើសន្លឹកឆ្នោតកាលពីឆ្នាំ១៩៧០ទៅនឹងការបោះឆ្នោតឆ្នាំ១៩៩៣។
លោកប្រៀបធៀបថា៖ “មកដល់ពេលនេះមានតាក់តិចនយោបាយផ្សេងគ្នា ប៉ុន្តែសណ្ឋានក្នុងការផ្តួលដៃគូរប្រកួតផ្នែកនយោបាយប្រហាក់ប្រហែល ប៉ុន្តែមិនសណ្ឋានដូចឆ្នាំ១៩៧០ទេ។ …ខ្ញុំគិតថាអត្តចរិតនយោបាយនេះផ្តល់គំរូអាក្រក់សម្រាប់សង្គមខ្មែរ ជាពិសេសសម្រាប់យុវជនដែលកំពុងតែឲ្យតម្លៃទៅលើការអភិវឌ្ឍសង្គម ហើយគាត់លើកជាសំណួរអ្វីទៅជានយោបាយ? ខ្ញុំគិតថាដោយសារតែគំរូរបស់ថ្នាក់ដឹកនាំអ្នកនយោបាយខ្មែរនាពេលអតីតកាលក៏ដូចជាបច្ចុប្បន្ន”។
សម្រាប់លោក ហ៊ុន សែន វិញបានចាត់ថ្ងៃនេះគឺជាថ្ងៃ ”ធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ហើយគឺជាការចាប់ផ្តើមនៃសង្រ្គាមស៊ីវិលនៅកម្ពុជា”។ នៅហ្វេសប៊ុកលោកលើកឡើងថា “លទ្ឋផលនៃរដ្ឋប្រហារគឺបានធ្វើអោយមានសង្រ្គាមរ៉ាំរ៉ៃដែលបណ្តាលអោយបាត់បង់ជីវិតមនុស្ស សត្វ និងទ្រព្យសមត្តិជាច្រើន ហើយបន្តរហូតមកដល់របបសាហាវយង់ឃ្នង ប៉ុល ពត “។
បើតាមលោកបណ្ឌិត ចាន់ វិបុល និងលោក សូ ចន្ថា ការធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ កាលពីឆ្នាំ១៩៧០ គឺជាមេរៀនអាក្រក់ដែលអ្នកនយោបាយត្រូវជៀសវាង។ ពួកគេលើកឡើងថាមានតែការប្រកួតប្រជែងដោយស្មោះត្រង់តាមរយៈសន្លឹកឆ្នោតទេទើបធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពនិងការរីកចំរើន៕