សហជីព​ព្រមាន​ធ្វើបាតុកម្ម​ទ្រង់ទ្រាយ​ធំ​មុខ​ក្រុមហ៊ុន​កា​ពី​តូ​ល​បើ​អ្នកតស៊ូ​មតិ​នៅតែ​រងការ​គំរាមកំហែង​

​​សហភាព​ការងារ​កម្ពុជា ព្រមាន​ដឹកនាំ​ធ្វើបាតុកម្ម​ទ្រុងទ្រាយ​ធំ​មួយនៅ​ពេល​ឆាប់ៗ​នេះ ដោយ​អះអាង​ថា បើ​អាជ្ញាធរ​នៅតែបន្ត​​​គំរាមកំហែង អ​តី​តអ្នកបើកបរ​រថយន្ត​កា​ពី​តូ​ល មិនឲ្យ​ធ្វើ​យុទ្ធនាការណ៍ចុះ​ចែក​ខិតប័ណ្ណតាម​ទីសាធារណៈដោយ​សន្តិវិធីជំរុញ​ឲ្យ​លើ​កម្ពស់​សិទ្ធិ​ការងារ​នោះ​។

​នៅ​ពេល​ថ្មីៗ​នេះ អតីត​អ្នកបើកបរ​រថយន្ត​ឲ្យ​ក្រុមហ៊ុន​កា​ពី​តូ​ល បាន​បន្ត​ចុះ​ចែក​ខិតប័ណ្ណ នៅ​ទីប្រជុំជន ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​មួយចំនួន អំពាវនាវឲ្យ​សាធារណជនបន្ត​ផ្អាក​ជិះ​រថយន្ត​ក្រុមហ៊ុន​កា​ពី​តូ​ល ដែល​ពួកគេ​ថា​យុទ្ធនាកា​រណ៍​នោះ ដើម្បី​ដាក់​សម្ពាធឲ្យ​ក្រុមហ៊ុន​នោះ យក​ពួកគេ​ទាំង​៤៥​នាក់ ចូលធ្វើការ​វិញ​។​

​ប៉ុន្តែ​ការតវ៉ាប៉ុន្មាន​​ខែ​មកនេះ គ្មាន​ដំណោះស្រាយ​ទេ ចំណែក​ក្រុម​អ្នក​ធ្វើ​យុទ្ធនាការ​វិញ ត្រូវ​តុលាការ​ចាប់ឃុំខ្លួន​ពីរ​នាក់ នៅ​ពន្ធនាគារ​ព្រៃ​ស និង​ខ្លះទៀត​ត្រូវ​អាជ្ញាធរ​ចុះ​រារាំង ពិសេសអតីត​អ្នកបើកបរ​រថយន្ត​ម្នាក់ទៀតនៅ​ខេត្ត​បាត់ដំបង ត្រូវ​សមត្ថកិច្ច​នៅ​ខេត្ត​នេះ ចាប់​ឃាត់ខ្លួន​និង​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃ​សៅរ៍​នេះ។​

​នៅ​ថ្ងៃ​ទី​១៩​ ខែ​មីនា​នេះដែល សហភាព​ការងារ​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែង​ការ បង្ហាញ​ការសោកស្តាយទៅ​នឹង​វិធានការណ៍​ចាប់​ឃាត់ខ្លួន លោក លី ហុង នៅ​ម្តុំ​មន្ទីរពេទ្យពពី ក្រុង​បាត់ដំបង នៅពេល​បុរស​រូប​នោះ​កំពុង​ចុះ​ចែក​ខិតប័ណ្ណ​អំពាវនាវ​នេះ។​

​សហភាព​ការងារ​កម្ពុជា ជំរុញ​ឲ្យ​អាជ្ញាធរ​ដោះលែង​លោក លី ហុង ជាបន្ទាន់ ដោយ​អះអាង​ថា ការចុះ​ចែក​ខិតប័ណ្ណរបស់លោក លី ហុង នោះសហភាព​ការងា​រថា លោក​លី ហុង មិនបាន​ធ្វើ​អ្វី​ខុស​ច្បាប់​ទេ​។​

​ប៉ុន្តែ​អធិការ​ក្រុង​បាត់ដំបង លោក យឹម វិចិត្រ អះអាងថា ការឃាត់ខ្លួន​​លោក លី ហុងដែល​ចុះ​ចែ​កខិត​ប័ណ្ណ​នោះ លោក​ថា ដោយសា​រតែ​ការធ្វើ​សកម្មភាព​នោះ គ្មាន​ការ​អនុញ្ញាត្តិ។

​យ៉ាងណាក៏ដោយ សហភាព​ការងារ​កម្ពុជា ព្រមាន​ថា បើសិន​ពុំ​មាន​ការដោះលែង លោក លី ហុង ទេ​ពួកគេ​ថា នឹង​ធ្វើ​បាតុកម្ម​ក្នុង​ទ្រុងទ្រាយ​ធំប្រឆាំង​នឹង​ក្រុមហ៊ុន និង​អាជ្ញាធរ​នៅពេល​ខាងមុខ​។​

​កាលពី​ចុងឆ្នាំ​២០១៥​ ក្រុមហ៊ុន​កា​ពី​តូ​ល បាន​បញ្ឈប់​បុគ្គលិក​ជា​អ្នកបើកបរ​រថយន្ត ចំនួន​៤៥​នាក់ ដោយ​អះអាង​ថា អ្នក​ទាំងនោះ បានដាក់​ភ្ញៀវ​តាមផ្លូវ រំលោភ​បទបញ្ជាផ្ទៃក្នុង បង្ក​ឲ្យ​អ្នកធ្វើ​ដំណើរ​មិនសប្បា​យ​ចិត្ត និង​ប៉ះពាល់​ដល់​ការប្រកួតប្រជែង របស់​ក្រុមហ៊ុន​។​

​ប៉ុន្តែ​អ្នក​ដែលក្រុមហ៊ុនបញ្ឈប់​ការងារវិញ​បាន​បញ្ជាក់ថា ក្រុមហ៊ុន​កា​ពី​តូ​ល​ទៅវិញ​ទេ ដែល​ពួកគេ​ថា​បាន​រំលោភច្បាប់​ការងារ​យ៉ាង​ធ្ងន់ធ្ងរ ដោយ​អះអាង​ថា ការបណ្តេញ​ពួកគេ​ចេញពី​ការងារ​ហេតុផល​តែមួយគត់​គឺ ​ដោយសា​រពួកគេ​បាន​ជូន​ដំណឹង​ពី​ការបង្កើត​សហជីព​ជំរុញ​លក្ខខណ្ឌ​ការងារ​ក្នុង​ក្រុមហ៊ុន​នោះ​។​

​ភាពចម្រូងចម្រាស​នៃ​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​កា​ពី​តូ​ល​នេះ បាន​ធ្វើឲ្យ​អតី​តបុគ្គលិកដែល​ក្រុមហ៊ុន​បាន​បញ្ឈប់ចេញ​តវ៉ា​ជា​ហូ​ហែ​រហូត​បច្ចុបន្ននេះ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ