អង្គុយនៅខាងមុខទ្វារចូលព្រះវិហារនៅវត្តសាមគ្គីរង្ស៊ីក្នុងរាជធានីភ្នំពេញ អ្នកស្រី ចាន់ សុភា វ័យ៤៤ឆ្នាំ រៀបរាប់ពីទុក្ខសោករបស់អ្នកស្រី និងប្រជាពលរដ្ឋប្រមាណ៥០នាក់ផ្សេងទៀតមកពីស្រុកជាំក្សាន្ត ខេត្តព្រះវិហារដែលកំពុងស្នាក់នៅក្នុងវត្តនេះ។ ជាមួយកូនតូចបីក្នុងដៃ អ្នកស្រី ចាន់ សុភា រៀបរាប់ថា ពួកអ្នកស្រីបានទ្រាំរស់ដោយខ្វះមុខខ្វះក្រោយ ដោយពឹងពាក់ស្នាក់អាស្រ័យនៅទីអារ៉ាមនេះអស់រយៈពេលប្រមាណ១ឆ្នាំនិង៧ខែមកហើយ ដើម្បីស្វែងរកដំណោះស្រាយពីរដ្ឋាភិបាលក្នុងករណីជម្លោះដីធ្លីរបស់ពួកគេ។
អ្នកស្រីមានប្រសាសន៍ថា៖ “ពួកខ្ញុំរស់នៅវត្តនេះវេទនាណាស់ មិនស្រួលដូចរស់នៅផ្ទះរៀងៗខ្លូនទេ ទាំងការហូបចុក ទាំងការដេក ជំងឺផ្តាសាយឆ្លងគ្នាពេញវត្ត ព្រោះយប់ឡើងចងមុងដេកជិតគ្នាគ្មានផ្លូវដើរទេ”។
អង្គុយក្បែរគ្នានោះដែរ អ្នកស្រី សាត ញ៉េត វ័យ៤៥ឆ្នាំ អ្នកស្រី សាត ញ៉េត មានប្រសាសន៍ថា ក្នុងការស្នាក់នៅរយៈពេលជាង១ឆ្នាំកន្លះមកនេះដើម្បីធ្វើការទាមទារយកដីរបស់ពួកទៅវិញ ព្រះសង្ឃក្នុងវត្តជាអ្នកជួយផ្គត់ផ្គង់គ្រឿងបរិភោគ និងផ្ដល់កន្លែងស្នាក់នៅដល់ពួកអ្នកស្រី។ អ្នកស្រីបន្ថែមថា៖ “យើងគ្មានផ្ទះសម្បែងរស់នៅ យើងខ្វះទាំងអាហារហូបចុកប្រចាំថ្ងៃ ចុះយើងមានពេលឯណាទៅរកស៊ីមកចិញ្ចឹមកូនបើយើងមិនមកនៅវត្តធ្វើការទាមទារសុំជំនួយពីខ្មែរក្នុងប្រទេសខ្លះ ពីក្រៅប្រទេសខ្លះ ហូបបាយលោកខ្លះទៅ សុំអង្ករគេបានខ្លះទៅ”។
ស្រី្តមេម៉ាយកូនពីររូបនេះរៀបរាប់ទាំងទឹកមុខស្មើថា អ្នកស្រីធ្លាប់មានផ្ទះ មានដី សម្រាប់ជ្រកកោនត្រឹមត្រូវជាមួយគ្រួសារប្រកបដោយក្តីសុខ ប៉ុន្តែថា ចាប់ពីចុងឆ្នាំ២០១១មក អ្នកស្រីត្រូវបាត់បង់ផ្ទះសម្បែង ដីភូមិ ដីស្រែ ដែលធ្លាប់មាន ដោយអ្នកស្រីអះអាងថាព្រោះតែអ្នកមានអំណាចដែលអ្នកស្រីសំដៅលើតំណាងរាស្រ្តមណ្ឌលព្រះវិហាររបស់គណបក្សប្រជាជនកម្ពុជាថាបានទៅបំពានយកដីក្នុងភូមិរបស់អ្នកស្រី។ អ្នកស្រីមានប្រសាសន៍ដោយម៉ឺងម៉ាត់ថា អ្នកស្រីនឹងនៅបន្តទាមទាររកដំណោះស្រាយពីរដ្ឋាភិបាលឲ្យទាល់តែបានទោះបីអ្នកស្រីត្រូវស្លាប់ក៏ដោយ។
អ្នកស្រីបន្តថា៖ “ហើយឯកឧត្តម សួស យ៉ារ៉ា នោះលោកក៏មិនគួរសើចសប្បាយលើគំនរទុក្ខរបស់ខ្ញុំដែរ លោកគួរតែលែងដីធ្លីនោះមកខ្ញុំវិញមក បើលោកខាំខ្ញុំមិនលែង ខ្ញុំក៏មិនលែងដែរ ខ្លាចតែខ្ញុំឈានជើងមួយជំហានទៅគេបាញ់ខ្ញុំស្លាប់លើដីនោះ ឲ្យតែខ្ញុំនៅមានជីវិតខ្ញុំនៅតែទាមទារដល់ទីបញ្ចប់ បើសិនជាខ្ញុំស្លាប់ខ្ញុំដោយសារគេសម្លាប់ខ្ញុំ ខ្ញុំនៅមានកូនបន្តទៀត ឲ្យបន្តទាមទារ… ការឈឺចាប់ ទឹកភ្នែកដែលហូរមកវាជារឿងពិតមិនមែនក្លែងក្លាយ មិនមែនបងសម្តែងល្ខោនដាក់អ្នកសារព័ត៌មានទេណា បងអស់ បងខ្សោះ បងក្ររហូតដល់ក្នុងខ្លួនបងគ្មាន១០ម៉ឺនកាន់ឲ្យគេហៅថាលុយខ្មែរទេ”។
បុរសវ័យ៥២ឆ្នាំមាឌមាំម្នាក់ទៀត លោក គិន ចន្ថា រៀបរាប់ទាំងអួលដើមក និងមានទឹកភ្នែកធ្លាក់មករឹមៗផងថាលោកបានធ្វើជាយោធាការពារទឹកដីតាំងពីឆ្នាំ១៩៧៩ ដោយលោកថាលោកបានប្តូរជីវិតដើម្បីទឹកដី តែលោកថា លោកបែរជាមិនអាចការពារផ្ទះសម្បែងខ្លួនឯងបានទៅវិញ។ ដោយសារតែរឿងនេះ លោកថា លោកបានឈប់ធ្វើជាទាហានប្រហែល៥ឆ្នាំមកហើយ។
លោកបន្ថែមថា៖ “ដល់ពេលមានគេធ្វើបាបអ៊ីចឹង ខ្ញុំឈឺចាប់ខ្លាំងមែនទែន កន្លងមកខ្ញុំធ្លាប់ការពារទឹកដីដូចគ្នា ដល់ពេលឃើញមន្ត្រីរាជការពុករលួយវាធ្វើបាបអ៊ីចឹងក្តៅក្រហាយណាស់ នឹកឃើញថាមួយគ្រាប់ងាប់កាន់កាំភ្លើងតតាំងវិញ ប៉ុន្តែនឹកទៅវាខុសច្បាប់ខ្លាំងពេក”។
លោក គិន ចន្ថា បន្តថា លោកប្តេជ្ញាចិត្តថានឹងបន្តរស់នៅក្នុងវត្តសាមគ្គីរង្សីនេះដើម្បីបន្តស្វែងរកដំណោះស្រាយពីរដ្ឋាភិបាលឲ្យទាល់តែបាន។ លោកបន្តទៀតថា៖ “ខ្ញុំគិតហើយស្រេច នៅវត្តនេះគឺនៅតស៊ូរហូតបានដីត្រឡប់ទៅវិញ បើមិនបានគឺខ្ញុំនៅរហូត ឲ្យតែលោក(ព្រះសង្ឃ)អនុញ្ញាត…គឺខ្ញុំនៅទាមទាររហូតមានដំណោះស្រាយពីសម្តេចហ៊ុន សែន និងសម្តេចក្រឡាហោម គឺខ្ញុំទាទារទាល់តែបានទើបត្រឡប់ទៅវិញ”។
បើតាមក្រុមប្រជាពលរដ្ឋឲ្យដឹង ប្រជាពលរដ្ឋដែលមានជម្លោះក្នុងបញ្ហាដីធ្លីនេះសរុបមានចំនួន២៥០គ្រួសារ ហើយពួកគាត់បានឆ្លាស់វេនគ្នាដើម្បីមកតវ៉ានៅទីក្រុងភ្នំពេញ ដោយពួគាត់បញ្ជាក់ថា ធ្វើដូច្នេះដើម្បីផ្លាស់ប្តូរគ្នាទៅរកប្រាក់ទៅផ្គត់ផ្គង់ជីវភាពសម្រាប់បន្តការតវ៉ា។
ព្រះភិក្ខុ ញ៉ ធៀ មានសង្ឃដីកាថា សម្បុរសជនពីក្នុង និងក្រៅប្រទេសបានផ្ដល់ជាជំនួយដើម្បីផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋទាំងនេះអាចរស់នៅបានសម្រាប់ឲ្យពួកគាត់បន្តស្វែងរកដំណោះស្រាយដីធ្លីពីរដ្ឋាភិបាល។ ព្រះអង្គបន្តថា ព្រះសង្ឃក្នុងវត្តបន្តអំពាវនាវរកជំនួយបន្ថែមទៀតដោយព្រះអង្គថាដើម្បីបន្តផ្គត់ផ្គង់ដល់ក្រុមប្រជាពលរដ្ឋរហូតដល់ទទួលបានដំណោះស្រាយ។
ព្រះអង្គបន្តថា៖ “ពុទ្ធបរិស័ទនៅនេះ អាត្មាអំពាវនាវក្នុងប្រទេស ក្រៅប្រទេស បានតិចហូបតិច បានច្រើនហូបច្រើន ដើម្បីឲ្យញាតិញោមស្នាក់នៅបណ្តោះអាសន្ន គាត់ស៊ូដាក់ញត្តិ ដាក់អី ជួយញាតិញោមឲ្យបានដោះស្រាយរឿងទំនាស់ដីធ្លី”។
ទាក់ទងនឹងករណីទំនាស់ដីធ្លីនេះ មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តព្រះវិហារលោក ឡោ ចាន់ មានប្រសាសន៍ថា បើតាមការអង្កេតរបស់លោក ដីទំនាស់នោះគឺជាប់ពាក់ព័ន្ធជាមួយអាជ្ញាធរខេត្តព្រះវិហារ តែលោកថា លោកមិនបានដឹងថាទំនាស់នោះមានជាប់ពាក់ព័ន្ធជាមួយលោក សួស យ៉ារ៉ា យ៉ាងណានោះទេ។ លោកថា កន្លងមករដ្ឋាភិបាលបានចេញអនុក្រិត្យក៏ដូចជា ស.ជ.ណ មួយចំនួនផងដែរ ដោយលោកអាជ្ញាធរមូលដ្ឋានគួរដោះស្រាយដោយយោងតាមឯកសារទាំងនោះ។
លោកមានប្រសាសន៍ថា៖ “ករណីហ្នឹងគឺអាជ្ញាធរគួរណាតែរកដំណោះស្រាយឲ្យបានសមស្រប ជាពិសេសធ្វើតាមស.ជ.ណ៥៩០ របស់ក្រសួង និងលិខិតមួយចំនួនទៀត”។
ទាក់ទងនឹងការចោទប្រកាន់របស់ប្រជាពលរដ្ឋនេះ វីអូឌី(VOD)មិនអាចទាក់ទងសុំការឆ្លើយតបពីតំណាងរាស្រ្តមណ្ឌលព្រះវិហារ លោក សួស យ៉ារ៉ា និងអភិបាលរងខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា ដែលជាអ្នកទទួលបន្ទុកដោះស្រាយទំនាស់ដីធ្លីនោះបាននៅឡើយ ដោយទូរស័ព្ទចូល តែពុំមានអ្នកទទួល។
ក្រុមពលរដ្ឋឲ្យដឹងថា ទំនាស់ដីធ្លីនោះកើតឡើងនៅភូមិស្វាយជ្រុំ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ពួកគាត់អះអាងថា ពួកគាត់បានទៅរស់នៅលើដីទំនាស់នោះតាំងពីឆ្នាំ១៩៩៩ និងខ្លះនៅឆ្នាំ២០០០ ទៅតាមការអំពាវនាវរបស់អភិបាលខេត្តព្រះវិហារនៅពេលនោះ និងលោក ជា សុផារ៉ា អតីតអភិបាលរាជធានីភ្នំពេញ។ ពួកគាត់អះអាងថា លោក ជា សុផារ៉ា ក៏បានឧបត្ថម្ភដល់ការរស់នៅរបស់ពួកគាត់នៅទីនោះពី២ទៅ៣ឆ្នាំផងដែរនៅពេលនោះ។
ពលរដ្ឋបន្តថា លុះដល់ឆ្នាំ២០១១ ទើបមានការរុះរើ និងបណ្តេញពួកគាត់ចេញពីសំណាក់អាជ្ញាធរខេត្តនេះដោយអះអាងថាដីនោះជាតំបន់អភិរក្ស។ ប្រជាពលរដ្ឋបន្តថា ដីទំនាស់មានប្រហែលជា៣៣៥០ហិកតា។ អ្នកទាំងនោះ អំពាវនាវឲ្យប្រមុខរដ្ឋាភិបាលជួយដោះស្រាយបញ្ហារបស់ពួកគាត់ឲ្យបានឆាប់ ដើម្បីឲ្យពួកគាត់បានវិលទៅរស់នៅក្នុងស្រុកភូមិ និងបានប្រកបរបរចិញ្ចឹមជីវិតវិញ។
អ្នកស្រី សាត ញ៉េត មានប្រសាសន៍ថា៖ “ជម្រាបជូនសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន សម្តេចក្រឡាហោម សូមឲ្យលោកជួយៗមើលមកជនរងគ្រោះដូចពួកខ្ញុំនេះវាមានផលលំបាកវេទនាណាស់និរាសព្រាត់ប្រាស់ប្តីប្រពន្ធ កូនៗ មិនបានចូលរៀនបានសូត្រ គ្មានទីជម្រក សូមលោកអនុម័តឯកសារឲ្យយើងខ្ញុំបានទៅរស់នៅឆាប់ៗនេះមក”៕