នៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ននេះមនុស្សមួយចំនួនយល់ថាបើចង់ឆាប់មានទ្រព្យសម្បត្តិឬឡើងឋានៈបានលឿននោះគឺត្រូវការចេះអេបអបចេះបញ្ចើចបញ្ចើឬលើកសរសើរទៅលើអ្នកមានអំណាចបើទោះជាបុគ្គលនោះដឹងថាទង្វើមួយចំនួនមិនគប្បីធ្វើក៏ដោយ។
ជាក់ស្តែងបុគ្គលខ្លះដែលចេញមុខការពារគណបក្សប្រជាជនកម្ពុជាជាពិសេសការពារលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនយូរមិនឆាប់ច្រើនតែបានឡើងដំណែងលឿន។
អតីតមនុស្សស្និទិនឹងលោក កឹម សុខា ដែលបានចេញមុខប្តឹងប្រធានរបស់ខ្លួននោះគឺលោក ឈឹម ផលវរុណ ពេលនេះបានដំណែងជាទីប្រឹក្សារដ្ឋាភិបាល។ ជាងនេះទៀតកាលពីចុងឆ្នាំ២០១៥ បុរសម្នាក់ដែលនាំមុខគេក្នុងការដឹកនាំបាតុកម្មទម្លាក់ លោក កឹម សុខា ពីអនុប្រធានរដ្ឋសភា ក្រោយមកក៏មានព័ត៌មានផ្សាយថាបុរសរូបនោះត្រូវតែងតាំងជាជំនួយការនាយករដ្ឋមន្រ្តីដែលមានឋានៈស្មើអគ្គនាយករង។
ចុះចំណែកយុវជនដែលអះអាងថាជានិស្សិតហើយខំដើរតវ៉ានៅស្ទើរគ្រប់វេទិកាឲ្យលោក កឹម សុខា ចេញបកស្រាយខ្សែអាត់សំឡេងនោះ តើពួកគេនឹងក្លាយជាអ្វី?
បើទោះជាក្រុមនេះអះអាងថាសកម្មភាពរបស់ពួកគេមិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយក៏ដោយ ប៉ុន្តែមជ្ឈដ្ឋានជាច្រើនបានមើលឃើញថាក្រុមនេះត្រូវបានរៀបចំដោយគណបក្សកាន់អំណាច។ នេះបើយោងតាមមតិរាប់រយនាក់នៅតាមបណ្តាញសង្គមហ្វេសប៊ុក។
តំណាងក្រុមនេះឈ្មោះ ស្រី ចំរើន ពេលចេញតវ៉ាគឺមានរថយន្តទំនើបៗនិងអ្នកបើកបរជូនទៅជូនមកហាក់ដូចជាតំណាងរាស្ត្រ។
មួយវិញទៀតនៅពេលក្រុមនេះដាក់ញត្តិទៅរដ្ឋសភាឲ្យកោះហៅលោក កឹម សុខា បំភ្លឺរឿងបុគ្គលឯកជននោះ ហើយរដ្ឋសភានៅមិនទាន់បានឆ្លើយតបភ្លាមៗ ស្រាប់តែលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រមានថាបើរដ្ឋាភិបាលលូកដៃចូលរឿងនេះនឹង ”កាន់តែធ្ងន់” ហើយ។ លោក ហ៊ុន សែន ថែមទាំងអះអាងថាលោកមានភស្តុតាងថាមេដឹកនាំបក្សប្រឆាំងដែលលោកមិនបញ្ចេញឈ្មោះនោះនាំស្រីទៅសណ្ឋាគារមួយនៅបាងកក។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី វិភាគថាក្រុមយុវជនដែលខំដើរតវ៉ាប្រឆាំងនឹងលោក កឹម សុខា នោះនឹងត្រូវបានតំណែងបុណ្យស័ក្តក្នុងជួររដ្ឋាភិបាលបើផ្អែកតាមការមើលឃើញកន្លងមក។
លោកមានប្រសាសន៍ថា៖ “បើយើងមើលក្នុងស្ថានភាពនិស្សិតនេះដូចជាអ្វីៗសុទ្ធតែរៀបចំទាំងអស់។ ខ្ញុំគិតថានិស្សិតនេះ[អ្នកចេញមុខប្តឹងលោក កឹម សុខា]នឹងត្រូវគេបង្កើនតំណែងឲ្យ”។
សាស្រ្តាចារ្យវិទ្យាសាស្ត្រនយោបាយលោក សូ ចន្ថា ក៏យល់ថាក្រុមយុវជនដែលគេប្រើឲ្យប្តឹងលោក កឹម សុខា នេះនឹងអាចបានលាភសក្ការៈនិងមុខតំណែងក្នុងរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជាដូចអ្វីដែលបានឃើញកន្លងមកនោះដែរ។ ប៉ុន្តែលោកវិភាគថា បើអ្នកដឹកនាំយកមនុស្សប្រភេទនេះទៅធ្វើជាអ្នកផ្តល់យោបល់ឲ្យខ្លួននោះគឺមិនអាចជួយឲ្យសង្គមរីកចម្រើនបានទេ។ លោកពន្យល់ថា៖ “ពាក្យថាទីប្រឹក្សាជំនួយការជាមនុស្សមានគំនិតយោបល់ធ្វើ្វអ្វីដែលល្អដែលមានប្រយោជន៍សម្រាប់ស្ថាប័ននិងសង្គមទាំងមូល។ ប៉ុន្តែបើរដ្ឋាភិបាលយកយុវជនដែលបំភ្លៃការពិតទៅធ្វើទីប្រឹក្សាឬជំនួយការ ខ្ញុំគិតថាមិនមានអីរីកចម្រើនទេ។ ផ្ទុយទៅវិញធ្វើឲ្យសង្គមកាន់តែមានលក្ខណៈហែកហួរគ្នាបន្តទៀត…”។
ទោះជាយ៉ាងណាបុគ្គលខ្លះទៀតបន្ទាប់ពីបានឡើងដំណែងលឿនក៏ត្រូវធ្លាក់ពីដំណែងលឿនវិញដែរ។
ក្រោយពីមានឃាតកម្មសម្លាប់ ជា វិជ្ជា ហេង ពៅ អតីតស្នងការនគរបាលក្រុងភ្នំពេញបានឡើងតំណែងជាបន្តបន្ទាប់ដល់ផ្កាយពីរនិងជាទីប្រឹក្សាផ្ទាល់លោកនាយករដ្ឋមន្រ្តីកាលណោះ។ ប៉ុន្តែពេលនេះ ហេង ពៅ កំពុងជាប់ក្នុងពន្ធនាគារដោយសារតែជាប់បណ្តឹងព្រហ្មទណ្ឌពីបទឧក្រិដ្ឋជាច្រើននៅពេលលោកមានអំណាចជាស្នងការក្រុង។
លោកបណ្ឌិត មាស នី កត់សំគាល់ថានៅក្នុងប្រទេសដែលកាន់របបកុម្មុយនីស្តគឺមនុស្សដែលគេប្រើជាឧបករណ៏នយោបាយហើយបានដឹងរឿងច្រើនរបស់គេទីបំផុតនឹងត្រូវបាត់ខ្លួន។
លោកថ្លែងថា៖ ”រឿងនេះវាកើតឡើងក្នុងប្រទេសមួយចំនួនដែលប្រើអំណាចផ្តាច់ការគឺក្រុមហ្នឹងស្ថិតក្រោមការចាត់ចែងរបស់ក្រុមចារកម្ម។ ចឹងក្រុមចារកម្មហ្នឹងកាលណាគេប្រើឲ្យធ្វើការអីដឹងរឿងគេច្រើនពេកគេត្រូវបំបាត់ដើម្បីកុំរឿងនេះវែងឆ្ងាយ។នេះសម្រាប់ប្រទេសគេទេខ្ញុំមិនហ៊ាននិយាយនៅក្នុងប្រទេសយើង…”។
អ្នកលេងហ្វេសប៊ុកម្នាក់ដែលគេស្គាល់ថាធ្លាប់គាំទ្រគណបក្សប្រជាជនកម្ពុជានិងជានិស្សិតរៀននៅស្រុកចិនបានលើកទ្បើងថា៖ “ជាទូទៅបក្សប្រជាជនចូលចិត្តប្រើយុទ្ធសាស្ត្រធ្វើអោយគូប្រកួតខ្សោយដើម្បីយកឈ្នះជាជាងពង្រឹងខ្លួនឯងអោយខ្លាំង ដើម្បីយកឈ្នះ។ តាមពិតប្រជាជនមិនស្រលាញ់មេបក្សប្រឆាំងប៉ុន្មានទេ តែប្រជាជនស្អប់ទង្វើមន្ត្រីរដ្ឋាភិបាលមួយចំនួនដែលបន្តពុករលួយ បក្សពួកនិយម គាបសង្កត់រាស្ត្រ បញ្ហាដីធ្លី បញ្ហាព្រៃឈើ អន្តោប្រវេសន៍។ល។ ការធ្វើអោយគួរប្រកួតខ្សោយដើម្បីយកឈ្នះមិនចំណេញដល់ជាតិនិងប្រជាជនទេ“។
ចំណែកលោក សូ ចន្ថា វិញមានប្រសាសន៍ថាការរៀបចំយុវជនឲ្យចេញមុខប្តឹងលោក កឹម សុខា នេះជាល្បិចនយោបាយរបស់បក្សកាន់អំណាចដែលបរាជ័យក្នុងការបញ្ចុះបញ្ចូលឲ្យលោក កឹម សុខា ធ្វើជាប្រធានគណបក្សសង្រ្គោះជាតិ ហើយឲ្យលោក កឹម សុខា ដាក់មនុស្សជំនិតទៅធ្វើជាអនុប្រធានទី១នៃរដ្ឋសភាវិញទៀតនោះ។
លោកវិភាគថា៖ ”សេណារីយូអីថ្មីដូចជាដាក់អនុប្រធានទី១រដ្ឋសភាសាជាថ្មីអាចជំរុញឲ្យលោក កឹម សុខា ទៅជាប្រធានបក្សសង្រ្គោះជាតិ ក្នុងគោលដៅមេដឹកនាំបក្សសង្រ្គោះជាតិជាដើម”។
មកដល់ពេលនេះទាំងស្ថាប័នរដ្ឋសភានិងអង្គភាពប្រឆាំងអំពើពុករលួយបានប្រកាសចាត់ការតាមបណ្តឹងរបស់យុវជនដែលប្តឹងលោក កឹម សុខា ខណៈមជ្ឈដ្ឋានជាច្រើនរិះគន់ថាស្ថាប័នជាតិមិនគួរយកចិត្តទុកដាក់រឿងបុគ្គលជាងរឿងជាតិ។ អ្នកតាម ដានសង្គមនៅចាំមើលថា តើឆាកល្ខោននេះនឹងត្រូវបិទរោងនៅពេលណា?