ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា បានអះអាងថាវៀតណាមបានបោះបង្គោលថ្មមួយនៅក្នុងវត្តស្រែស្ពៃ ក្នុងឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំនិងដាក់ទាហានមួយចំនួននៅវត្តត្រពាំងផ្លុង ឃុំត្រពាំងផ្លុង ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយលោកថាប្រជាពលរដ្ឋកំពុងមានការព្រួយបារម្ភ។
លោក សួន សេរីដ្ឋា នៅថ្ងៃពុធនេះ បានដឹកនាំក្រុមការងារគណបក្សអំណាចខ្មែរ ចុះទៅជួបប្រជាពលរដ្ឋនិងពិនិត្យមើលស្ថានភាពនៅទីនោះ ក្រោយពីបានទទួលដំណឹងពីប្រជាពលរដ្ឋលើការបោះបង្គោលនេះ។ លោកបានប្រាប់វីអូឌីតាមទូរស័ព្ទក្រោយពីការចូលទៅពិនិត្យមើលថាវៀតណាមពិតជាបានបោះបង្គោលក្នុងវត្តស្រែស្ពៃនិងដាក់ទាហាននៅក្នុងវត្តត្រពាំងផ្លុង។ លោកបន្តថាប្រជាពលរដ្ឋអះអាងថាដីវត្តទាំងពីរនោះជាដីរបស់ខ្មែរ។ លោកមានប្រសាសន៍ថា៖ “មិនមែនជារបៀបបង្គោលព្រំដែនដែលបោះមកខ្ពស់ផុតពីដីអីទេ ជាបង្គោលមួយដែលបោះបង្កប់នៅក្នុងដី ពលរដ្ឋភ័យឆ្ងល់គ្រប់គ្នា អត់មាននរណាហ៊ានប៉ះពាល់អីទេ”។ លោកបន្ថែមថា៖ “ខ្ញុំមកដល់គឺនៅក្នុងវត្តស្រែស្បៃ ក្នុងស្រុកអូររាំងឪហ្នឹង គឺទឹកដីខ្មែរ។ ខ្ញុំមកដល់វត្តត្រពាំងផ្លុង ក្នុងពញាក្រែក ក៏នៅទឹកដីខ្មែរ”។
ពលរដ្ឋម្នាក់រស់នៅភូមិស្រែស្ពៃ លោក ជុន វ៉ែង ប្រាប់វីអូឌីពិតជាមានការបោះបង្គោលថ្មមួយនៅក្នុងវត្តកាលពីឆ្នាំមុន តែលោកថាពលរដ្ឋមិនដឹងថានោះជាបង្គោលអ្វីនោះទេ។ លោកមានប្រសាសន៍ថា៖ “បង្គោលបោះពេលយប់កាលពីឆ្នាំទៅ ហើយពលរដ្ឋទើបឃើញ គ្រាន់តែឆ្ងល់ថាបង្គោលអី តែគេថាមិនមែនបង្គោលព្រំដែនទេ”។
វីអូឌីមិនទាន់អាចទាក់ទងអភិបាលខេត្តកំពង់ចាម លោក លន់ លឹមថៃនិងអភិបាលខេត្តត្បូងឃ្មុំ លោក ប្រាជ្ញ ចន្ទ បាននៅឡើយទេ។ វីអូឌីក៏មិនទាន់អាចទាក់ទងប្រធានគណៈកម្មាធិការព្រំដែនកម្ពុជាលោក វ៉ា គឹមហុង បាននៅឡើយទេ ដោយលោកថាកំពុងជាប់រវល់ ពេលទាក់ទងទៅ។ វីអូឌីមិនអាចសុំការឆ្លើយតបភ្លាមៗពីស្ថានទូតវៀតណាមប្រចាំកម្ពុជាបានដែរ៕