តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន ដែលបានចាកចេញពីប្រទេសអស់រយៈពេលជាង៧ខែ បានវិលត្រឡប់មកប្រទេសកម្ពុជាវិញនៅព្រឹកថ្ងៃអាទិត្យនេះ ដោយលោកថានឹងចំណាយពេលសិក្សាលើឯកសារនិងបច្ចេកទេសមួយចំនួនសម្រាប់ត្រៀមខ្លួនសើរើបញ្ហាព្រំដែន នៅពេលគណបក្សប្រឆាំងឈ្នះការបោះឆ្នោត។
លោក អ៊ុំ សំអាន បានចេញទៅក្រៅប្រទេសកាលពីពាក់កណ្តាលខែសីហា ឆ្នាំ២០១៥ នៅពេលបញ្ហាការផ្ទៀងផ្ទាត់ផែនទីកំពុងឡើងកម្តៅ និងស្របពេលលោកត្រូវបានប្រធានរដ្ឋសភា លោក ហេង សំរិន ដាក់ទណ្ឌកម្មមិនឲ្យចូលរួមប្រជុំសភាពេញអង្គចំនួន១៥ដង។
លោក អ៊ុំ សំអាន ប្រាប់វីអូឌីថាលោកបានដល់ខេត្តសៀមរាប នៅព្រឹកថ្ងៃអាទិត្យនេះ ដោយលោកអះអាងថាមិនភ័យខ្លាចនឹងការចាប់ខ្លួននោះទេ។ កន្លងទៅ រដ្ឋាភិបាលព្រមានចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងនិយាយថារដ្ឋាភិបាលប្រើប្រាស់ផែនទីក្លែងក្លាយ។ លោក អ៊ុំ សំអាន ត្រូវបានលើកឡើងថាជាមនុស្សម្នាក់អាចរដ្ឋាភិបាលចាត់វិធានការ។
លោក អ៊ុំ សំអាន ឲ្យដឹងទៀតថាលោកនឹងបន្តសិក្សាបញ្ហាព្រំដែនជាមួយប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស ដោយលោកថាការងារនេះនឹងបញ្ចប់ក្រោយការបោះឆ្នោតឆ្នាំ២០១៨។ លោកបញ្ជាក់ថាលោកនឹងស្នើឲ្យមានការសើរើបញ្ហាព្រំដែនឡើងវិញ ប្រសិនបើគណបក្សសង្រ្គោះជាតិឈ្នះការបោះឆ្នោត។
លោកមានប្រសាសន៍ថា៖ “គ្រាន់តែសិក្សាពីបច្ចេកទេសទាក់ទងនឹងបញ្ហាព្រំដែននិងឯកសារផ្សេងៗដែលទាក់ទងនឹងបញ្ហា ដើម្បីត្រៀមខ្លួននៅពេលដែលគណបក្សឈ្នះឆ្នោតឆ្នាំ២០១៨ យើងនឹងអាចសើរើការបោះបង្គោលព្រំដេនជាមួយវៀតណាម”។ លោកបញ្ជាក់ថាឯកសារទាំងនោះ លោកបានមកពីក្នុងស្រុកនិងក្រៅស្រុក នៅពេលលោកស្នាក់នៅក្រៅប្រទេស រួមមានពីប្រទេសបារាំង សហរដ្ឋអាមេរិក បណ្ណាល័យសភាអាមេរិកនិងអង្គការសហប្រជាជាតិជាដើម។
លោក អ៊ុំ សំអាន លើកឡើងថាគម្រោងបញ្ចប់ការបោះបង្គោលព្រំដែនឲ្យហើយនៅឆ្នាំ២០១៨ នឹងធ្វើឲ្យកម្ពុជាបាត់បង់ទឹកដី។ លោកមានប្រសាសន៍ថាប្រសិនបើមានការតវ៉ាពីប្រជាពលរដ្ឋរឿងបញ្ហាព្រំដែន លោកនឹងធ្វើលិខិតទៅរដ្ឋាភិបាលឲ្យជួយដោះស្រាយបញ្ហានេះ។
កន្លងទៅ ប្រធានគណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង បានអះអាងថាលោក អ៊ុំ សំអាន បានញុះញង់ឲ្យមានអស្ថិរភាពសង្គមនិងមិនអាចអត់ឱនបាននោះទេ។
កាលពីខែកក្កដា ឆ្នាំ២០១៥ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាសព្វថ្ងៃនេះការបោះបង្គោលព្រំដែនជាមួយវៀតណាមសម្រេចបាន៨៣ភាគរយហើយនៅលើខ្សែព្រំដែនប្រមាណ១២៦០គីឡូម៉ែត្រ។ ប៉ុន្តែលោកថាកម្ពុជាក៏អាចសើរើបាន បើករណីបោះទៅមានភាពលម្អៀង។ លោកបានបញ្ជាក់ថា៖ “បើចរចាមិនត្រូវគ្នា អូសបន្លាយក៏អូសទៅ ប្រសើរជាងបាត់ដី អូសបន្លាយក៏អូសទៅ អញ្ចឹងបានវាជាង៣០ឆ្នាំ បោះអត់ទាន់ចប់ ព្រោះបើសិនជាវាមិនទាន់ចប់ ប្រញាប់ទៅណា ឥឡូវបាន៨៣ភាគរយ នៅសល់១៧ ភាគរយ ហើយអា៨៣ភាគរយនេះ ក៏យើងនៅអាចសើរើបានទៀត ត្រូវធ្វើអូឌីតមួយចំនួនទៀតករណីដែលបោះទៅវាលម្អៀង យើងត្រូវកែទាមទារឲ្យកែតម្រូវ អញ្ចឹងបានត្រូវការដំណើរការវែងឆ្ងាយ មិនធម្មតា”៕