ពេជ្រ ម្ទេស​ខ្មាំង ឈ្នះ​តំណែង​ជើងឯកកៀកថ្ងៃ​​ចូល​ឆ្នាំ

​កីឡាករ​វ័យ​ក្មេង​​ពេជ្រ ម្ទេស​ខ្មាំង​ មក​ពី​ក្លឹប​​អរុណរះ​កីឡា

នៅ​ទី​បំផុត ​កីឡាករ​វ័យ​ក្មេង​​ពេជ្រ ម្ទេស​ខ្មាំង​ មក​ពី​ក្លឹប​​អរុណរះ​កីឡា បាន​​ក្លាយ​ជាម្ចាស់​​ខ្សែ​ក្រវាត់​ជើង​ឯក​​​ដូចការ​គ្រោងទុក​មែន ​នៅ​​​ក្នុង​ព្រឹត្តិការណ៍​កំពូល​​ជើងឯក​ Tiffy Super Fight  ​វគ្គ​​​៣​​​ដែល​បាន​ធ្វើ​ឡើង​នៅ​​ប៉ុស្ដិ៍​លេខ​​​៥​កាល​​ពី​​​​​ល្ងាច​ថ្ងៃ​ទី​​១០ មេសា។ នេះ​ជា​​​​​​​​លទ្ធផល​​ដែល​គេ​ចង់​បាន ហើយ​ក៏ជា​ជ័យជម្នះ​​​​​​​​​​​​​​​​គួរ​ជា​ទី​មោទនៈ​ផងដែរសម្រាប់​​​កីឡាករ​រូប​នេះ​​​​​​ក្នុង​​​​​​ឱកាស​​​បុណ្យ​ចូលឆ្នាំ​​ខ្មែរ។

កីឡាករ​ចំនួន​​​​៤រូបដែលឡើង​​ប្រកួត​នៅថ្ងៃ​​ផ្ដាច់​ព្រ័ត្រ​នោះ​រួមមាន​ ​កីឡាករ​​​​ចាន់ គង់រាជ មក​ពី​ក្លឹប​​​ប្រដាល់​តាព្រហ្ម​មាន​ជ័យ ​ប្រកួត​ជា​មួយ​កីឡាករ​​យិន បូរិន មក​ពីក្លឹប​​អាស៊ី​​កីឡា ​ដណ្ដើម​យក​លេខ​​​៣និង​កីឡាករ​ពេជ្រ ម្ទេស​ខ្មាំង​​​​ ​ប្រកួត​ជា​មួយ​កីឡាករ​ឡូញ វ៉ាន់​ឌី មក​ពីក្លឹបពន្លឺ​វិបុល​​​រិទ្ធី​ ​ដណ្ដើម​យក​ចំណាត់ថ្នាក់​លេខ​​​​​១។ ​​​​​សមាសភាព​ទាំង​​៤​​​ កើត​ចេញ​ពី​ការ​ប្រកួត​​​​​​ជម្រុះ​​​​​យ៉ាង​ស្វិត​ស្វាញ​ប្រមាណ​​​​​​ច្រើនខែ​មក​ហើយ ​​​ក្នុង​ពេលដែល​​​ព្រឹត្តិការណ៍ចាប់​ផ្ដើម គឺមាន​​បេក្ខជនចូលរួម​​សរុប​​​​៣២​​​រូប ហើយ​តម្រូវ​​ឲ្យ​​​​ឡើង​ប្រកួត​គ្នា​​​​​​ចាញ់​ធ្លាក់​ៗ រហូត​នៅ​សល់​តែ​​​​៤​នាក់​​​ចុង​ក្រោយ​។ ​​​​

ឆ្លង​កាត់​កា​រប្រកួត​​​​​​​​​​​​ដែលត្រូវ​គេ​មើលឃើញ​ថា​ម្នាក់​ៗ​​​សុទ្ធ​តែ​ប្រឹង​អស់​ពី​សមត្ថភាព​​​នោះ កីឡាករ​ជើង​ចាស់ ​យិន បូរិន បាន​ត្រឹម​​ចំណាត់​ថ្នាក់​លេខ​​​​​៤ ដោយ​ទទួល​បាន​ពាន​កិត្តិយ​សមួយ ទឹក​​ប្រាក់​​​៥០០ដុល្លារនិង​កីឡាករ​ ​ចាន់ គង់​រាជ ​​ទទួ​ល​បាន​ចំណាត់ថ្នាក់​​លេខ​​៣ ​ ទទួល​បាន​ពាន​កិត្តិយស​មួយ អម​ដោយ​​​ទឹក​ប្រាក់​​​​​៧៥០​ដុល្លារ។ ​​​​​ ដោយ​ឡែក​​​​សម្រាប់​កា​រប្រកួត​​​​​​​​​​​​​​​​​របស់​គូ​ឯកគឺ​កីឡាករ​ ពេជ្រ ម្ទេស​ខ្មាំង ដែល​អ្នក​ណា​ក៏​ទទួល​ស្គាល់​ជា​ជើង​ខ្លាំង​កំពុង​ឡើង​សន្ទុះ​នៅ​លើ​សង្វៀន​នោះ ​​បាន​​​ក្លាយ​ជា​ម្ចាស់ជើង​ឯក ​​ ​​​​​បន្ទាប់​ពី​​បាន​វាយ​ផ្ដួល​កីឡាករ​​​ ​​​ឡូយ វ៉ាន់ឌី ​ឲ្យ​ស្គាល់​​​បរាជ័យ​​​​ដោយ​ពិន្ទុ​។ ​កីឡាករ​​​​​​ពេជ្រ ម្ទេសខ្លាំង ត្រូវគេ​ឃើញ​​​​​​​​​​​មិន​មែន​ឈ្នះ​ងាយ​នោះ​ទេ ​ថ្វីដ្បិតតែ​បច្ចេក​ទេសនិង​បទពិសោធន៍​​​របស់​កីឡាករ​រូប​នេះ​ គួរ​តែ​ឈ្នះ​គូ​ប្រកួត​ដោយ​ងាយ​​​ជាង​នេះ​យ៉ាង​ណា​ក្ដី​។ ​នោះ​គឺ​ដោយ​សារ​តែ​ឡូញ វ៉ាន់ឌី ​ក៏​បាន​បញ្ចញ​អស់​​​​ស្នៀត​ដែល​​​គ្រូចែក​​អោយនិង​​​ស្ទុះវាយ​លុយ​​​ដោយ​​​ស្ដាយ​​​កម្លាំង​​​​​ដើម្បី​​ចង់ឈ្នះ​ដូច​គ្នា​។

ជាក់ស្ដែង​នៅ​ទឹក​ទី​​​២ ​និង​ទី​៣ ​អ្នកណា​ក៏ឃើញ​នោះដែរ​ថា​​អ្នកទាំង​ពីរ​​​​វាយគ្នា​​​​ទៅវិញ​ទៅ​មក ដោយ​​​​​​កីឡាករ​​​​​ម្ទេ​ស​ខ្មាំង​ល្អ​កែងនិង​ម៉ាត់ ប៉ុន្តែ​ក៏​ត្រូវ​​គូ​ប្រកួត​​​​​​​សង​វិញ​ដោយ​​​​​​ជង្គង់ ម៉ាត់​​និង​ទាត់​​​​​​​​​សឹង​នឹង​ទ្រម​ខ្លួន​ត្រឡប់​មក​វិញ​ផងដែរ។ ​ថ្វី​ដ្បិត​ថា​​​​បាន​ត្រឹម​តែ​​ជើង​ឯក​រង ប៉ុន្តែ​ឡូញ វ៉ាន់​ឌី ​​ដែល​ជា​ជើង​ថ្មី​ហាក់​បាន​​​​​​​​​​​​​​​កន្ទ្រាក់​​​​​​​​មហាជន​​​ឲ្យ​កត់សម្គាល់​ពី​​សមត្ថភាព​របស់​គេ​ពី​កា​រប្រកួត​នេះ​។ ​​

កីឡាករផ្សេងទៀត​ដែលបាន​ចូលរួម​ប្រកួតយកពានរង្វាន់​
កីឡាករផ្សេងទៀត​ដែលបាន​ចូលរួម​ប្រកួតយកពានរង្វាន់​

ចំណាត់ថ្នាក់លេខ​​​១​ទទួល​បាន​ទឹក​ប្រាក់​​ចំនួន​​​៤ពាន់​ដុល្លារនិង​ពាន​ជើង​ឯកមួយ​។ កីឡាករ​រូប​នេះ​ត្រូវ​បាន​ប្រកាស​ថា​នឹង​​​បាន​តំណាង​​ឲ្យ​ប៉ុស្ដិ៍​លេខ​​​៥​ចេញ​ទៅ​ប្រកួត​​​​​​​​​នៅ​ក្នុង​ប្រទេស​ថៃ​ក្នុង​ពេល​ខាង​មុខ ​​ដោយ​ក្នុង​នោះ​​ក៏​ទទួល​បាន​ប្រាក់ខែ​ឧបត្ថម្ភ​​​​​​​ចំនួន​​​២​ខែ​​ពី​​កម្មវិធី​ផងដែរ។ ​​​​ចំណាត់​ថ្នាក់​លេខ​​​២ គឺកីឡាករ​ ​​​​​ឡូញ វ៉ាន់ឌី ​​ក៏​​ទទួល​​បា​ន​​ពាន​កិត្តិយស​មួយ​ផងដែរ អម​ដោយទឹក​ប្រាក់​ចំនួន​២០០០​ដុល្លារ។ ​កីឡាករ​រូប​នេះ ត្រូវ​គេ​ឃើញ​​​​​ពេញ​​ចិត្ត​​នឹង​ទទួល​​យក​​លទ្ធផល​ដែល​​​​​​​ខ្លួន​ប្រកួត​ចាញ់ ដោយ​សារ​តែ​​ក្នុង​​​​​​​​​ពិភព​ប្រដាល់​​​គឺ​គេ​ទើប​តែ​ហក់​ចូល​ក្រោយនិង​​​​​​មិន​​អាច​ប្រដូច​​សមត្ថភាព​​​ទៅ​នឹង​​​ពេជ្រ ម្ទេស​ខ្មាំង​ដែល​​​​​ជា​រៀម​ច្បង​នោះ​ឡើយ​។

​​កីឡាករ​ជើង​ឯកបាន​ប្រកាស​​ក្រោយ​ពី​​ប្រកួត​ឈ្នះថានេះ​គឺ​ជា​អ្វី​ដែល​​គេ​​ចង់​បាន​បំផុត​​​​​​ដោយ​​សារ​តែ​​​​ការ​​ប្រឹង​ប្រែង​​នៅ​លើ​សង្វៀន​​កន្លង​មក​​​ បើទោះជា​មាន​ឈ្មោះ​បោះ​សំឡេង ប៉ុន្តែ​គេ​មិន​ទាន់​មាន​ឈ្មោះ​ថា​​​​ម្ចាស់ខ្សែ​ក្រវាត់ឬ​ជា​ម្ចាស់ជើង​ឯក​​​​ណា​មួយ​ឡើយ​។ ​​​​​​​​​​ពេជ្រ ម្ទេសខ្មាំង ​ប្រកាស​ថា​​​​​​​ ​​​​ឪពុក​ម្ដាយនិង​សាច់​ញាតិ​របស់​លោក គឺ​ពិត​ជា​​​សប្បាយ​ចិត្ត​​​​​​​​​ប​ន្ទាប់​ពីលោក​​អាចដណ្ដើម​បាន​ពាន​ជើង​ឯក​​​នៅ​​មុនឱកាស​បុណ្យ​ចូលឆ្នាំ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ