ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរសម្រាប់ឆ្នាំនេះមានរយៈពេល៤ថ្ងៃគឺចាប់ពីថ្ងៃទី១៣ដល់១៦ខែមេសា។ ក្នុងរយៈពេល៤ថ្ងៃនៃថ្ងៃបុណ្យចូលឆ្នាំខ្មែរនេះ ប្រជាពលរដ្ឋខ្មែរតែងតែងធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាននានាឬក៏ធ្វើដំណើរវិលទៅកាន់ស្រុកកំណើត។ ទន្ទឹមនឹងនោះដែរ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ អគ្គិភ័យ ចោរលួច និងចោរឆក់ជាដើមក៏តែងតែកើតមានផងដែរ។
ក្នុងន័យរក្សាសន្តិសុខនិងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៨ខែមេសា បានបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនិងអាជ្ញាធរ ការពារសន្តិសុខនិងសុវត្ថិភាពជូនប្រជាពលរដ្ឋនៅពេលចូលឆ្នាំខ្មែរខាងមុខនេះ។ លោកបន្តថានៅពេលចូលឆ្នាំម្តងៗ លោកតែងតែយកចិត្តទុកដាក់គ្រប់ពេលវេលាសូម្បីតែពេលយប់ក៏ដោយ។
លោក ហ៊ុន សែន បានថ្លែងថា៖ “នៅពេលដែលមន្រ្តីរបស់យើងលង់លក់ក្នុងដំណេកឬប្រជាពលរដ្ឋលង់លក់នៅក្នុងដំណេក ខ្ញុំព្រះកុរណាខ្ញុំ នៅតាមដានសភាពការណ៍នៅឡើយទេ ជាមួយមន្រ្តីមួយចំនួនដែលអាចធ្វើទំនាក់ទំនងបាន។ ពេលហ្នឹងអត់មានមេទ័ព មេប៉េអឹម មេប៉ូលិសណា បិទទូរស័ព្ទ ហៅទូរស័ព្ទរកមិនឃើញ ហើយអាឡៃស្រវឹងទេ។ តិចថាអូលោក ហ៊ុន សែន សប្បាយណាស់ពេលចូលឆ្នាំ ទូរស័ព្ទប៉ុន្មានបើកទាំងអស់”។ លោកបញ្ជាក់បន្ថែមថា៖ “ក្នុងឋានៈជានាយករដ្ឋមន្រ្តី ខ្ញុំព្រះករុណាខ្ញុំ មិនដែលបានធូរចិត្ត នៅពេលវេលាបុណ្យធំៗនោះទេ។ …នេះជាកាតព្វកិច្ចពីលើដល់ក្រោម ព្រោះគេឲ្យយើងមកឈរកន្លែងហ្នឹង គេឲ្យយើងទទួលខុសនិងត្រូវ មិនមែនទទួលតែអាត្រូវទេ”។
ជាមួយគ្នានេះដែរអាជ្ញាធរមានសមត្ថកិច្ចអះអាងថាខ្លួនបានរៀបចំជាស្រេចសម្រាប់ការពារសន្តិសុខនិងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោក អេង ហ៊ី មានប្រសាសន៍ថាមន្ត្រីកងរាជអាវុធហត្ថនៅគ្រប់លំដាប់ថ្នាក់បានទទួលការណែនាំឲ្យពង្រាយកម្លាំងសម្រាប់សម្រួលនិងត្រួតពិនិត្យចរាចរណ៍នៅតាមទីប្រជុំជនជាពិសេសនៅរាជធានីភ្នំពេញ ពេលដែលប្រជាពលរដ្ឋចេញនិងចូលរាជធានី។ លោកបន្តថាកម្លាំងកងរាជអាវុធហត្ថក៏ត្រូវបានពង្រាយនៅតាមវត្តអារាមនិងកន្លែងរៀបចំពិធីផ្សេងៗដើម្បីត្រៀមទប់ស្កាត់បទល្មើសផ្សេងៗដូចជាក្រុមក្មេងទំនើងនិងចោរឆក់ជាដើម។ លោកបន្តថាកន្លងមកមានករណីចោរឆក់និងអំពើហិង្សាបង្កឡើងដោយក្មេងទំនើងមួយចំនួនបានកើតឡើង តែលោកថាត្រូវបានកម្លាំងកងរាជអាវុធហត្ថទប់ស្កាត់បានទាន់ពេល។
លោកបន្ថែមថា៖ “បាទរៀងរាល់ឆ្នាំតែងតែមានហើយជម្លោះ…ចំពោះបញ្ហាក្មេងទំនើងហ្នឹងដូចជាមិនមានបញ្ហាប្រឈមអីទេ នៅពេលដែលកម្លាំងរបស់យើងល្បាតឃើញអ៊ីចឹងគ្រាន់តែឃាត់ហើយណែនាំនិងឲ្យទៅវិញ(ដោះលែង) ”។
លោកបន្តថាជារៀងរាល់ឆ្នាំកម្លាំងកងរាជអាវុធហត្ថតែងតែអនុវត្តភារកិច្ចការពារសន្តិសុខជូនប្រជាពលរដ្ឋបានទៅតាមតួនាទី។ លោកបន្ថែមថា៖ “ការបង្ការ ការការពារ ការរក្សាសណ្តាប់ធ្នាប់ ការបង្ក្រាប ការស្រាវជ្រាវ ការជួយសង្គ្រោះ គឺយើងបានធ្វើជារៀងរាល់ឆ្នាំ”។
ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦ ក៏បានណែនាំដល់ថ្នាក់ដឹកនាំ កងកម្លាំងនគរបាលជាតិនិងអាជ្ញាធរដែនដីទាំងអស់ ឲ្យសហការគ្នាឲ្យបានហ្មត់ចត់ក្នុងការការពារសន្តិសុខនិងថែរក្សាសណ្តាប់ធ្នាប់សាធារណៈឲ្យបានប្រសើរក្នុងឱកាសចូលឆ្នាំថ្មី។ លោកក៏បានណែនាំដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឲ្យប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់និងមហន្តរាយផ្សេងៗដែលអាចនឹងកើតមានជាយថាហេតុផងដែរ។
ជាមួយគ្នានោះដែរលោករដ្ឋមន្រ្តីក៏បានណែនាំដល់គណៈបញ្ជាការឯកភាពខេត្តសៀមរាបត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំនិងឥស្សរជនជាន់ខ្ពស់ជាតិនិងអន្តរជាតិដែលបានអញ្ចើញចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត។
ចំណែកឯស្នងការនគរបាលខេត្តសៀមរាបលោក សត ណាឌី ប្រាប់វីអូឌីថាខេត្តនេះរំពឹងថានឹងមានចំនួនភ្ញៀវជាតិនិងអន្តរជាតិចូលមកទស្សនានៅខេត្តសៀបរាបមិនតិចជាង១លាននាក់នោះទេ។ លោកថាកាលពីឆ្នាំ២០១៥ក៏មានចំនួនភ្ញៀវចូលមកលេងនៅខេត្តនេះក្នុងឱកាសបុណ្យចូលឆ្នាំប្រហាក់ប្រហែល១លាននាក់ដែរ។ លោកបន្ថែមថានៅឆ្នាំនេះ ខេត្តរបស់លោកបានដាក់កម្លាំងចម្រុះចំនួន២០០០នាក់ ដើម្បីរក្សាសន្តិសុខនិងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ភ្ញៀវជាតិអន្តរជាតិ និងមន្ត្រីជាន់ខ្ពស់ដែលចូលរួមកម្មវិធីអង្គរសង្រ្កាន្តនៅខេត្តសៀមរាប។
លោកបន្តថា៖ “ឆ្នាំមុនការប៉ាន់ស្មានរបស់យើងថា៥០ម៉ឺននាក់ ប៉ុន្តែប្រជាពលរដ្ឋឡើងដល់១លាននាក់ ហើយឆ្នាំនេះអាចកើនលើសហ្នឹងទៅទៀត ព្រោះកន្លែងកម្សាន្តសប្បាយបានបង្កើតឲ្យមានច្រើន(កន្លែង)ជាឆ្នាំមុន”។
មិនត្រឹមតែប៉ុណ្ណោះ លោកថាខេត្តនេះក៏បានត្រៀមរថយន្តនិងមន្ត្រីពន្លត់អគ្គិភ័យសម្រាប់ជួយសង្គ្រោះពេលមានហេតុការណ៍អគ្គិភ័យកើតឡើងផងដែរ។ លោកបន្ថែមថា៖ “អគ្គិភ័យឆ្នាំនេះអាកាសធាតុក្តៅក៏យើងចាប់អារម្មណ៍ដែរ ជាដំបូងយើងបានផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋចូលរួមទប់ស្តាត់ និងទី២ត្រៀមកម្លាំងហ្វឹកហាត់ទប់ស្កាត់ពេលមានអគ្គិភ័យកើតឡើង”។
បើតាមលោក សត ណាឌី នៅខេត្តសៀមរាបមិនសូវមានបញ្ហាចោរឆក់ ចោរប្លន់ អ្វីនោះទេតែលោកថាបញ្ហាប្រឈមក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនោះ គឺការកកស្ទះចរាចរណ៍។ ទោះយ៉ាងណា លោកថាកម្លាំងសមត្ថកិច្ចក្នុងខេត្តនេះបានដាក់ត្រៀមជួយសម្រួលចរាចរណ៍តាមគោលដៅសំខាន់ៗរួចហើយដែរសម្រាប់សម្រួលចរាចណ៍ជូនអ្នកធ្វើដំណើរ។
ងាកមកខេត្តទេសចរណ៍ជាប់មាត់សមុទ្រឯនោះវិញ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន អះអាងថាសមត្ថកិច្ចក្នុងខេត្តរបស់លោកបានត្រៀមជាស្រេចហើយដែរដើម្បីជួយសម្រួលចរាចរណ៍ ត្រួតពិនិត្យចរាចរណ៍ ដើម្បីបញ្ចៀសការកកស្ទះនិងគ្រោះថ្នាក់ចរាចរណ៍។ លោកបន្តថាសមត្ថកិច្ចក៏ត្រូវដាក់ពង្រាយដើម្បីរក្សាសន្តិសុខជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំនេះផងដែរ។ លោកឲ្យដឹងថាកាលពីឆ្នាំ២០១៥មានភ្ញៀវទេសចរណ៍ធ្វើដំណើរទៅកាន់ខេត្តជាប់មាត់សមុទ្រមួយនេះចំនួន៧ម៉ឺននាក់ ហើយលោកថាក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីឆ្នាំនេះអាចនឹងឡើងដល់ជិត៨ម៉ឺននាក់។ លោកបន្តថាដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំរយៈពេល៤ថ្ងៃនេះកម្លាំងចម្រុះក្នុងខេត្តនេះចំនួន៤០០នាក់ត្រូវបានដាក់ពង្រាយនៅតាមគោលដៅសំខាន់ៗ។
លោកបន្ថែមថា៖ “កងកម្លាំងការពារសន្តិសុខយើងបានត្រៀមហើយ កុំបារម្ភរៀងរាល់ឆ្នាំយើងមានកម្លាំងការពារគ្រប់គ្រាន់…សម្រាប់បទពិសោធន៍កន្លងមកប៉ុណ្ណឹងល្មមហើយគ្រាន់ហត់នឿយបន្តិច…សម្រាប់អគ្គិភ័យយើងមានឡាន៦គ្រឿងហើយបម្រុងនិងមកដល់ថែមពីរគ្រឿងទៀតឡើង៨គ្រឿង”។
កាលពីឆ្នាំ២០១៥ក្នុងឱកាសបុណ្យចូលឆ្នាំអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍មានចំនួន២៦នាក់និងរងបួសធ្ងន់ស្រាលជាង២០០នាក់។ ចំនួនគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងជាង១០០ករណីនិងបានបង្កឲ្យខូចខាតយានយន្តសរុបជិត២០០គ្រឿងក្នុងនោះមានម៉ូតូជាង១៥៧គ្រឿង រថយន្តធុនតូចនិងធំជិត៤០គ្រឿង ព្រមទាំងយានយន្តផ្សេងទៀត៕