បទយកការណ៍៖ គ្រួសារសពអំពាវនាវឲ្យ​សមត្ថកិច្ចរកការពិតចំពោះការស្លាប់របស់​អ្នកស្រី ហួត​ សារ៉ាវឌី

អ្នកស្រី ញ៉ែម សារ៉ាន់ ដែលជាម្តាយអ្នកស្រី ហួត សារ៉ាវឌី

កញ្ញា ជុង ហ្សាឌីណា កូនស្រីពៅរបស់អតីតតារាសម្តែង ហួត សារ៉ាវឌី និងសមាជិកគ្រួសារដទៃទៀតបាននាំអ្នកសារព័ត៌មានវីអូឌីទៅកន្លែងដែលសមត្ថកិច្ចនិងក្រុមគ្រួសារបានរកឃើញសាកសពអ្នកស្រី ហួត សារ៉ាវឌី និងស្វាមីរបស់គាត់ត្រង់ចំណុចគីឡូម៉ែត្រលេខ៩២លើផ្លូវជាតិលេខ១ក្នុងឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

P34534shoto_Template_872x562
កញ្ញា ជុង ហ្សាឌីណានិងគូដណ្តឹង គឺលោក អេង ណារ៉ូត

អ្នកស្រី ហួត សារ៉ាវឌី និងស្វាមីត្រូវគេរកឃើញថាស្លាប់នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៦ និងជាជំហានដំបូងសមត្ថកិច្ចមូលដ្ឋានបានសន្និដ្ឋានថាបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍។ ទោះយ៉ាងណាការសន្និដ្ឋាននេះមិនបានធ្វើឲ្យក្រុមគ្រួសារសពអស់ចិត្តនៅឡើយទេ។

កញ្ញា ជុង ហ្សាឌីណា រៀបរាប់ថាកញ្ញាបានសម្រេចដាក់ពាក្យបណ្តឹងនៅអធិការដ្ឋានស្រុកកំពង់ត្របែកនៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ ដើម្បីឲ្យសមត្ថកិច្ចបន្តស៊ើបអង្កេតលើករណីស្លាប់របស់អ្នកស្រី ហួត សារវឌី និងស្វាមីរបស់គាត់ ដោយកញ្ញាបានបង្ហាញទឡ្ហីករមួយចំនួន។

កញ្ញាបន្តថា៖ គឺខ្ញុំអត់សុខចិត្តទេព្រោះអីគឺមើលតាមស្លាកស្នាមនិងភស្តុតាងជាក់ស្តែងមិនមែនជាគ្រោះថ្នាក់ចរាចរណ៍ទេ គឺជាការសម្លាប់រំលោភ…វាច្បាស់ត្រង់ថាម៉ាក់តេមកប្រាប់ថាមានគេឡើងមកវាយគាត់ ហើយមានទូរស័ព្ទមានពេលវេលាម៉ោងម៉ាក់តេ(ទូរស័ព្ទ)មកច្បាស់លាស់ ហើយពេលមកដល់កន្លែក(កើតហេតុ)មានដំបងមានអីអ៊ីចឹងទៀតគឺច្បាស់អ៊ីចឹងហ្មង

គូដណ្តឹងកញ្ញា ជុង ហ្សាឌីណា គឺលោក អេង ណារ៉ូត ដែលបានទទួលសាកសពអ្នកស្រី ហួត សារ៉ាវឌី និងស្វាមីនៅថ្ងៃកើតហេតុមានប្រសាសន៍ថា លោកពិបាកជឿថាការស្លាប់នេះជាករណីគ្រោះថ្នាក់ចរាចរណ៍។ រៀបរាប់បណ្ដើរធ្វើកាយវិកាពន្យល់បណ្ដើរលោក អេង ណារ៉ូត ឲ្យដឹងថាមួកសុវត្ថិភាពរបស់ជនរងគ្រោះមិនមានការខូចខាតនោះទេ រីឯដងខ្លួនជនរងគ្រោះក៏មិនមានស្នាមដាច់រលាត់អ្វីដែលអាចនាំឲ្យសន្និដ្ឋានបានថាជាគ្រោះថ្នាក់ចរាចរណ៍នោះដែរ។

លោកបន្ថែមថា៖ តាមកោសលវិច័យរបស់ប៉ូលីស ខ្ញុំនៅហ្នឹងដែរឃើញថាមួកសុវត្ថិភាពរបស់គាត់មានសភាពធម្មតាទាំងគន្លឹះអីនៅធម្មតាអត់មានបុកដាច់អីគឺគន្លឹះនៅធម្មតា…មានជាំនៅក្បាលជង្គង់បន្តិចទេ។ ក្រៅពីហ្នឹងនៅស្អាតភ្លឹងទាំងអស់ អត់មានដាច់រលាត់អីបន្តិចទេ។ ជាក់ស្តែងពេលមកដល់ឃើញខោនៅកំភួនជើងបើដូចគាត់(នគរបាល)ថាគ្រោះថ្នាក់ចរាចរណ៍អូសទៅរបូតខោ មានន័យថាវាអាចដាច់រយះរយាយដោយសារគ្រួសតែនេះអត់មានទេនៅស្អាតភ្លឹង…ពេលមកដល់ឃើញខោនៅត្រឹមកំភួនជើងហើយ

ចំណែកប្អូនស្រីបង្កើតរបស់អ្នកស្រី ហួត សារ៉ាវឌី គឺអ្នកស្រី ហួត ម៉ាន់ណារ័ត្ន បានអះអាងថានៅម៉ោងជិត៨យប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៦ បងស្រីរបស់អ្នកស្រីបានទូរស័ព្ទប្រាប់ក្រុមគ្រួសារថាមានក្មេងស្ទាវប្រហែលប្រាំនាក់បានស្ទាក់វាយពួកគាត់ និងបានសុំឲ្យបងប្អូនទៅជួយជាបន្ទាន់។

អ្នកស្រីបន្ថែមថា៖ “ម៉ោង៧និង៤៥នាទី(ល្ងាច)គាត់ខលមកហើយពួកខ្ញុំនៅជុំគ្នាទាំងអស់មានប្អូនខ្ញុំម្នាក់ទៀតជាអ្នកលើក(ទូរស័ព្ទ)បើកសំឡេងចេញមកក្រៅឮទាំងអស់គ្នាឮប្រាប់ថាគាត់ដួលហើយ ខ្ញុំក៏យកទូរស័ព្ទមកស្តាប់ឲ្យជិតហើយសួរថាថីបានដួល គាត់(អ្នកស្រី ហួត សារ៉ាវឌី)ប្រាប់ថាមានក្មេងស្ទាវប្រាំនាក់កាក់វាយគាត់ ឥឡូវគាត់ដួលធ្លាក់ចូលស្ពានហើយ

អ្នកស្រី ហួត ម៉ាន់ណារ័ត្ន ឲ្យដឹងដែរថាបន្ទាប់ពីបានទទួលទូរស័ព្ទពីបងស្រីក្រុមគ្រួសារបានចេញទៅរកនិងព្យាយាមទូរស័ព្ទទៅរកអ្នកស្រី ហួត សារ៉ាវឌី ប៉ុន្តែអ្នកស្រីថាមិនមានអ្នកទទួលនិងរកមិនឃើញនោះទេ។ អ្នកស្រីថាលុះព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៦ ទើបមានអ្នកដំណើរទូរស័ព្ទមកក្រុមគ្រួសារថាបានឃើញសាកសពអ្នកស្រី ហួត សារ៉ាវឌី នៅកន្លែងកើតហេតុ។

អ្នកស្រីបន្តថា៖ “គេ(អ្នកដំណើរ)ចុះទៅមើលទៅឃើញទូរស័ព្ទគាត់(អ្នកស្រី ហួត សារ៉ាវឌី)នៅជិតដៃគាត់អ៊ីចឹងក៏គេយកលេខទូរស័ព្ទដែលបងស្រីធំខ្ញុំគាត់ចុចមកលេខចុងក្រោយគេហ្នឹង ចុចទៅបងស្រីធំខ្ញុំ គេសួរបងស្រីធំខ្ញុំថាស្គាល់ម្ចាស់លេខទូរស័ព្ទហ្នឹងអត់ បងស្រីធំខ្ញុំថាស្គាល់ជាប្អូនខ្ញុំ គេសួរទៀតថាប្អូនបងស្រីឬប្រុស បងស្រីខ្ញុំថាស្រី អ៊ីចឹងគេថាឲ្យតាំងស្មារតីសម្រួលអារម្មណ៍ទៅ ប្អូនស្រីបងស្លាប់បាត់ហើយនិងមនុស្សប្រុសនៅក្បែរនោះនៅមានដង្ហើមតែគ្មានសង្ឃឹមទេ

អធិការស្រុកកំពង់ត្របែកខេត្តព្រៃវែងលោក សួន សំអឿន មានប្រសាសន៍ពេលជួបជាមួយក្រុមគ្រួសារសពនៅអធិការដ្ឋានថា មូលហេតុដែលនាំឲ្យសមត្ថកិច្ចហ៊ានសន្និដ្ឋានជំហានដំបូងថាអ្នកស្រី ហួត សារ៉ាវឌី និងស្វាមីស្លាប់ដោយគ្រោះថ្នាក់ចរារណ៍ គឺដោយសារតែម៉ូតូមានការខូចខាតផ្នែកខាងមុខនិងអ្នកស្លាប់មានស្នាមរលាត់ដាច់មួយចំនួនលើដងខ្លួន។ ម្យ៉ាងទៀតលោកថារបាយការណ៍របស់មន្ទីរពេទ្យបង្អែកស្រុកកំពង់ត្របែកបញ្ជាក់ថាបុរសជាប្តីមានជាតិអាកុលក្នុងខ្លួនទើបលោកថា អ្នកបើកបរអាចស្រវឹងពេលកំពុងបើកបរនិងអាចងាយបង្ករគ្រោះថ្នាក់ចរាចរណ៍។

54dsfjkldag
ម៉ូតូជនរងគ្រោះ

ចំណែកនាយការិយាល័យស្តីទីនៃការិយាល័យស៊ើបការណ៍របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃលោក ចាន់ សុវណ្ណ ដែលបានចុះជួបក្រុមគ្រួសារសពនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែកកាលពីថ្ងៃទី១៨ ខែមេសា បានប្រាប់ក្រុមគ្រួសារសពថា សមត្ថកិច្ចនៅតែបន្តស៊ើបអង្កេតករណីស្លាប់នេះបន្តទៀត ហើយថាការសន្និដ្ឋានថាស្លាប់ដោយគ្រោះថា្នក់ចរាចរណ៍នេះគ្រាន់តែជាការសន្និដ្ឋានជំហានដំបូងតែប៉ុណ្ណោះ។

លោកបន្ថែមថា៖ ឯកឧត្តម នាយឧត្តមសេនីយ៍អគ្គស្នងការបានចាត់ឲ្យជំនាញខ្ញុំមកនេះចុះមកជាបន្ទាន់ដើម្បីស្រាវជ្រាវឲ្យឃើញមូលហេតុច្បាស់លាស់ ដើម្បីរាយការណ៍ជូនគាត់ក៏ដូចជាឲ្យក្រុមគ្រួសារជនរងគ្រោះអស់ចិត្ត… ឥឡូវនេះយើងមិនទាន់មានអំណះអំណាងច្បាស់លាស់ទេ។ យើងឃើញស្លាកស្នាម យើងឃើញរូបថត ប៉ុន្តែយើងមិនទាន់សន្និដ្ឋានថារឿងស្អីឲ្យជាក់លាក់ទេ តែជាបឋមយើងសន្និដ្ឋានថាគ្រោះថ្នាក់ចរាចរណ៍ហ្នឹងហើយអានេះជាបឋម

លោកបន្តទៀថា សមត្ថកិច្ចនឹងស៊ើបអង្កេតករណីនេះតាមរយៈការប្រមូលភស្តុតាងពីក្រុមគ្រួសារនិងអាជ្ញាធរថ្នាក់ក្រោម។ លោកបញ្ជាក់ថា លោកបានជូនដំណឹងទៅថ្នាក់លើនៅក្រសួងមហាផ្ទៃពីសំឡេងសន្ទនាតាមទូរស័ព្ទដែលក្រុមគ្រួសារថាជនរងគ្រោះជាម្តាយបានសុំឲ្យជួយមុនពេលស្លាប់រួចរាល់ហើយដែរ។

ក្នុងវ័យ៦៦ឆ្នាំ អ្នកស្រី ញ៉ែម សារ៉ាន់ ដែលជាម្តាយអ្នកស្រី ហួត សារ៉ាវឌី ឈរក្បែរធាតុនិងរូបថតកូនស្រីលើផ្ទះប្រក់ស័ង្គសី រៀបរាប់ពីជីវប្រវត្តិកូនអ្នកស្រីថា ក្នុងវ័យ១៧ឆ្នាំ អ្នកស្រី ហួត សារ៉ាវឌី បានរៀបការជាមួយបុរសជនជាតិចិនម្នាក់ និងមានកូនស្រី២នាក់។ អ្នកស្រីបន្តថាក្រោយពីប្តីស្លាប់ដោយជំងឺបេះដូងរីក អ្នកស្រី ហួត សារ៉ាវឌី បានចូលប្រឡូកក្នុងវិស័យសិល្បៈដោយបានថតភាពយន្តមួយចំនួននិងបានចូលរួមសម្តែងជាមួយក្រុមកំប្លែងផងដែរ។

អ្នកស្រីបន្ថែមថា៖ “ច្រៀងនៅផ្កាឈូកទិព្វ ច្រៀងពីហ្នឹងរហូតមកដើរច្រៀងការលេងកំប្លែងជាមួយកូនកុយ នាយក្រឹម ច្រៀងជាមួយ ខាត់ សុឃីម អីអ៊ីចឹងតៗមក

អ្នកស្រីរៀបរាប់ទាំងទឹកភ្នែកថា កូនអ្នកស្រីចាប់ផ្តើមធ្លាក់ខ្លួននៅពេលដែលឈ្មួញបង្ខំទិញផ្ទះអ្នកស្រីនៅតំបន់បឹងកក់ ដោយថាដើម្បីអភិវឌ្ឍ។ អ្នកស្រីបន្តថា៖ “ជិវិតវាកម្សត់ណាស់ តាំងពីបែកពីម៉ែបងប្អូនទៅអត់មានដំបូលនៅ ដើរនៅតែតាពាស បានជួបការកូនប្រុសហ្នឹង(ប្តីក្រោយ)ក៏ជាអ្នកក្រ…រកបានលុយបន្តិចបន្ទួចហ្នឹងរកស៊ីចិញ្ចឹមគ្នា ខ្ញុំក៏មិនដឹងថាវាទៅរស់នៅពិបាកយ៉ាងហ្នឹងទេ

និយាយបណ្ដើរយកក្រមាជូនទឹកភ្នែកបណ្ដើរ អ្នកស្រី ញ៉ែម សារ៉ាន់ អំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ចស្វែងរកការពិតនៃការស្លាប់របស់កូនអ្នកស្រី។ អ្នកស្រីបន្ថែមថា៖ សូមឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរកជនដៃដល់ដែលថាវាយពួកវាហ្នឹង សូមឲ្យលោកជួយស្រាវជ្រាវរកការពិតឲ្យឃើញ ខ្ញុំមិនជំទាស់នឹងសមត្ថកិច្ចទេ សូមឲ្យសមត្ថកិច្ចជួយខ្ញុំផង ជួយស្រាវជ្រាវឲ្យបានឃើញការពិត

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ