ការប្រកួត៥ទឹករវាងកីឡាករសូត្រ ប៊ុនធី និងកីឡាករថៃ Num Satoek នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ កាលពីថ្ងៃអាទិត្យទី១៥ ឧសភា គេកត់សម្គាល់ថាកីឡាករទាំង២បើកឆាកប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញក្រោយបញ្ចប់៤ទឹក។ កុំតែទឹកចុងក្រោយ កីឡាករកម្ពុជាមានឱកាសវ័ធចេញបានល្អលើគូប្រកួតបានបន្តិច ប្រហែលជាជ័យជម្នះមិនមែនជារបស់គេនោះឡើយ។
ការប្រកួតគូនេះ ទាំងកីឡាករកម្ពុជា និងកីឡាករថៃបានបញ្ចេញអស់ពីសមត្ថភាពតែម្ដង ដោយគេចាត់ទុកថាជាការប្រកួតដែលមានភាពរស់រវើកដោយកម្រ។ កីឡាករសូត្រ ប៊ុនធី ដែលឆ្លងកាត់ការប្រកួតបាន៧៣លើក ឈ្នះ៦៣លើក ចាញ់៩លើក និងស្មើ១លើក ត្រូវគេឃើញពិបាកវាយលុកបំផុតទម្រាំវាយចូលមួយដៃៗឬមួយជើងទៅលើកីឡាករថៃដែលធ្លាប់ប្រកួតបានដល់៨០លើក ឈ្នះ៦៣លើក ចាញ់១៦លើក និងស្មើ១លើក នាំមុខផ្នែកបទពិសោធន៍លើសង្វៀន។ យ៉ាងណាមិញ កីឡាករសូត្រ ប៊ុនធី ក៏នៅតែមានសំណាងគ្រប់គ្រងឱកាសវាយលុកបានល្អ ទើបធ្វើអោយអ្នកទស្សនាស្រែកបន្ទរហ៊ោកញ្ជ្រៀវអបអរយ៉ាងកងរំពង គ្រប់ពេលគេវាយត្រូវកីឡាករថៃ។ ក្នុងទឹកបើកឆាកកីឡាករកម្ពុជាជាអ្នកនាំមុខ បន្ទាប់ពីកីឡាករថៃក៏មិនសូវវាយសម្រុកតបតដែលមានន័យថាទំនងមកពីគេទុកពេលស្ទាបស្ទង់សមត្ថភាព។ នៅទឹកទី២កីឡាករ Num Satoek ជាអ្នកមានប្រៀបនាំមុខវិញម្ដង ដែលអ្នកណាក៏មើលឃើញថាកីឡាករថៃសូត្រ ប៊ុនធី សឹងនឹងត្រូវវាយខ្ទប់នៅជាប់ ខ្សែសង្វៀនពិបាករកឱកាសតប–តវាយបក។ ឈានដល់ទឹកទី៣អ្នកទាំងពីរបង្កើនឆាកប្រយុទ្ធកាន់តែឡើងកំដៅ ដែលអាចនិយាយបានថាគឺមើលលែងដឹងអ្នកណាមានប្រៀបជាងអ្នកណាតែម្ដង ដោយសារតែភាគីបង្គោលក្រហមខាងកម្ពុជាក៏ខ្លាំង ហើយភាគីខាងថៃក៏វាយប្ដូរបានល្អ ដែលមានន័យថាអ្នកទាំងពីរលែងខ្វល់ពីរឿងគ្រោះថ្នាក់លើរេញ។ ឆ្លងកាត់ការប្រកួតពេញរយៈពេល៤ទឹក អ្នកទស្សនា និងគណកម្មការផ្ដល់ពិន្ទុចាប់ផ្ដើមច្របូកច្របល់រកការបែងចែកផ្ដល់ពិន្ទុអោយអ្នកណានាំមុខលែងឃើញ ដែលបណ្ដាលមកពីភាគីម្ខាងៗបញ្ចេញសមត្ថភាពបានល្អរៀងខ្លួន ហើយត្រូវគេមើលឃើញថាក្ដោបក្ដាប់ជ័យជម្នះបាន២ទឹកម្នាក់។ ការប្រកួតរបស់ពួកគេ ទើបតែត្រូវកាត់ក្ដីដោយទឹកចុងក្រោយប៉ុណ្ណោះ ដោយសារតែកីឡាករសូត្រ ប៊ុនធី មានឱកាសវាយកែងវាយបានល្អជាង ដោយបានទាំងធ្វើអោយកីឡាករថៃចង់បែកអំពិល និងបាត់បង់ជំហរវាយលុកនាំអោយគេវាយលែងសូវបានល្អ។ កីឡាករកម្ពុជាបានទទួលលទ្ធផលឈ្នះពិន្ទុត្រង់ចំណុចនេះឯង ដោយអ្នកណាៗក៏មើលឃើញថាទឹកទី៥ ជាទឹកដែលជួយអោយគេមានសំណាងសម្រាប់ការប្រកាសលទ្ធផល។
លោកថៃ អ៊ូ អ្នកដឹកនាំកីឡាករថៃមកប្រកួតបានទទួលស្គាល់ថា ការប្រកួតដែលបានធ្វើឡើង គឺកីឡាករកម្ពុជា ទើបតែមានប្រៀបលើកីឡាករ Num Satoek ក្នុងទឹកទីចុងក្រោយបានបន្តិចប៉ុណ្ណោះ បន្ទាប់ពីការបញ្ចប់ទឹក៤ទឹក គឺ ពួកគេប្រហាក់ប្រហែលគ្នា។ លោកបានទាំងហៅតែទឹកទី៥ ជាទឹកខ្មោចអោយ ទើបនាំអោយ សូត្រ ប៊ុនធី នាំមុខលើកីឡាកររបស់ខ្លួននោះផង។ លោកនិយាយថា៖ “បើទឹកទី៥អាកូនសិស្សខ្ញុំទប់បានត្រឹមតែប្រហាក់ប្រហែលដូចទឹកទី៤ លទ្ធផលហ្នឹងគឺអាសិស្សរបស់ខ្ញុំឈ្នះបាត់ហើយ ចឹងបានថាវាស៊យ ដែលមកត្រូវប៉ុន្មានកែងរបស់អាក្រហម(សូត្រ ប៊ុនធី) ទើបធ្វើអោយសិស្សខ្ញុំចាញ់ពិន្ទុ!”។ លោកស្ដែងការសោកស្ដាយ ហើយក៏បានកោតសរសើរចំពោះសូត្រ ប៊ុនធី ផងដែរ ដែលមានសំណាងប្រមូលកម្លាំងបានល្អក្នុងវាយឈ្នះដាច់តែម្ដងនៅទឹកទី៥។ យ៉ាងណាលោកថា គូនេះនឹងត្រូវប៉ះគ្នាជាថ្មីម្ដងទៀត ដោយសារតែពួកគេប្រកួតគ្នាទាក់ទាញ ហើយកីឡាករថៃរបស់លោកក៏មិនសូវអស់ចិត្ត៕