នៅព្រឹកថ្ងៃអង្គារនេះ ពិធីច្រត់ព្រះនង្គ័លបានប្រារព្ធឡើងយ៉ាងអធិកអធមនៅខេត្តសៀមរាប ក្រោមព្រះរាជធិបតី របស់សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
លទ្ធផលនៃការផ្សងប្រផ្នូល គោឧសភរាជក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លបានបង្ហាញថា ឆ្នាំនេះភោគផលកសិកម្មនឹងទទួលបានផលល្អប្រសើរ។
ក្រោយការប្រកាសបែបនេះកសិករដែលចូលរួមពិធីនោះបង្ហាញក្តីសង្ឃឹមថាភោគផលកសិកម្មរបស់ពួកគេនឹងបានល្អតាមប្រផ្នូលគោឧសភរាជ។
នង្គ័លចំនួន៣បានភ្ជួរចប់ចំនួន៣ជុំនៅខាងមុខទីលានជល់ដំរីនៃប្រាសាទអង្គរធំ។ គោមួយនឹមដែលមានសម្បុរត្នោតត្រូវបានព្រលែងឲ្យបរិភោគអាហារទាំង៧មុខដែលដាក់នៅលើជើងពានរៀបទុកជាស្រេចរួមមានស្រូវ ពោត សណ្តែក ល្ង ស្មៅ ទឹក និងស្រា។ ពេលនោះគោឧសភរាជបានបរិភោគអាហារ៣ប្រភេទច្រើនជាងគេរូមមានសណ្ដែក ពោត និងស្រូវ។
នៅចំពោះព្រះភ័ក្រព្រះមហាក្សត្រព្រះបាទបរមនាថ នរោត្តម សីហមុនី ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល អាចារ្យព្រាហ្មបរោហិតបានប្រកាសថា គោឧសភរាជបានបរិភោគសណ្តែក៩៥% ពោត៩០% និងស្រូវ៩០% ដែលមានន័យថាភោគផលកសិកម្មឆ្នាំនេះបានផលល្អប្រសើរ។
ក្រោយពីអាចារ្យព្រាហ្មបរោហិតបានប្រកាសថានៅឆ្នាំនេះភោគផលកសិកម្មបានល្អប្រសើរនោះ ប្រជានុរាស្ដ្រខ្មែរក៏បានអបអរសាទរយ៉ាងកងរំពង ដោយពួកគេសង្ឃឹមថាទិន្នផលកសិកម្មនៅឆ្នាំនេះនឹងល្អប្រសើរជាងឆ្នាំមុន។
ក្នុងទឹកមុខញញឹមញញែមអមដោយសំលៀកបំពាក់កសិករផងនោះស្រ្តីវ័យ៦០ឆ្នាំ មកពីស្រុកជីក្រែង ខេត្ដសៀមរាប អ្នកស្រី មាស លាភ និយាយថាតាមដំណាលពីអតីតកាលរបស់ព្រះរាជពិធីច្រត់ព្រះនង្គ័លនេះ ប្រជាកសិករខ្មែរមានជំនឿខ្លាំងលើប្រផ្នូលគោឧសភារាជបរិភោគចំណីអាហារទាំង៧មុខ។ ស្ដ្រីមេមាយរូបនោះ បន្ដទាំងទឹកមុខស្រស់ស្រាយថាប្រជាកសិករសង្ឃឹមនឹងបានផលច្រើនលើការធ្វើស្រែចំការរបស់ពួកគេ។ អ្នកស្រីបន្ដថា៖ “អេក្មួយខ្ញុំថាគោហូបស្រូវនេះវាថាបានផលច្រើន បើថាគោហូបស្រូវបានស្រូវហើយ យើងជឿតាមថាដូចចាស់ៗពីដើមយើងធ្លាប់ថាខែវស្សាភ្ជួររាស់ហើយ”។
មិនត្រឹមតែប៉ុណ្ណោះទេអបិយជំនឿក្នុងព្រះរាជពិធីនោះក៏មានប្រជារាស្ដ្រខ្លះបានយកសំណល់អាហារមួយចំនួនដែលសល់ពីគោឧសភរាជបរិភោគ ទៅរក្សាទុកដោយតាមកត់សំគាល់ថាអាហារទាំងនោះនឹងផ្ដល់ក្ដីសុខដល់ពួកគេ។
កំពុងអង្គុយសំឡឹងទៅកាន់ទីលានច្រត់ព្រះនង្គ័លស្ដ្រីវ័យជាង៥០មួយរូបទៀត គឺអ្នកស្រី មាស អៀម និយាយថារូបគាត់មានជំនឿទៅលើការប្រផ្នូលគោឧភសរាជបរិភោគអាហារបីមុខច្រើនជាងគេ ដោយអ្នកស្រីថាប្រផ្នូលនេះឃើញថាមានឥទ្ធិពលស័ក្ដសិទ្ធិតាំងពីបុរាណរហូតដល់បច្ចុប្បន្ននេះ។ ស្ដ្រីវ័យចំណាស់រូបនោះសំដែងការសប្បាយរីករាយនៅពេលឃើញគោបរិភោគស្រូវ ពោត និងសណ្តែកច្រើនជាងគេ។ អ្នកស្រីបន្ដថា៖ “ខ្ញុំអររំភើបឃើញគោបរិភោគស្រូវ ខ្ញុំអរខ្ញុំធ្វើស្រែ ខ្ញុំអរសង្ឃឹមស្រែស្រូវបានផលល្អដូចប្រផ្នូលចឹងឯងខ្ញុំសង្ឃឹមខ្ញុំរំភើបមែន”។
ក្ដីរំភើបមិនមែនកើតឡើងទៅលើតែប្រជាកសិករប៉ុណ្ណោះទេ ប្រជានុរាស្ដ្រប្រហែលជិត១ម៉ឺននាក់ដែលចូលរួមក្នុងពិធីច្រតព្រះនង្គ័លនោះក៏បានសម្ដែងការរីករាយគ្រប់ៗគ្នាផងដែរ ខណៈដែលឃើញគោបរិភោគ ស្រូវ ពោត និងសណ្តែកច្រើនជាងគេ។
ទោះជាយ៉ាងណាកសិករខ្លះលើកឡើងការធ្វើស្រែចំការនៅតែប្រឈមខ្លាំងដល់កសិករដោយសារខ្វះទឹកស្រោចស្រប់លើដំណាំកសិកម្ម បណ្ដាលមកពីភាពរាំងស្ងួត។
កសិករមកពីស្រុកពួកនិងក្រុងសៀមរាបលោក ចែត ប៉្រន និងអ្នកស្រី សឿន គីមភក្ដិ ពួកគាត់មានប្រសាសន៍ថាកាលពីឆ្នាំមុនកសិករធ្វើកសិកម្មមិនសូវទទួលផលនោះទេដោយសារអាកាសធាតុក្ដៅ ហើយតម្លៃស្រូវក៏មានតម្លៃថោក។ ប៉ុន្ដែកសិករទាំងនោះសង្ឃឹមនិងជឿជាក់ថានៅរដូវវស្សាឆ្នាំនេះពួកគាត់ប្រកបរបរកសិកម្មនឹងទទួលផលល្អប្រសើរ។ ពួកគាត់បន្ថែម៖ “គោតែហូបរបស់នោះហើយត្រូវតែរីកចំរើន ហូបសណ្ដែករីកចំរើនសណ្ដែក ហូបពោតរីកចំរើនពោត ហូបស្រូវរីចំរើនស្រូវ អ្នកណាហូបច្រើនអានោះហើយប្រឈមតែខែធ្វើស្រែតែអត់ភ្លៀងអត់កើត ឃើញគោសោយស្រូវតាំងពីគេលែងគោមកភ្លាមគោលសោយស្រូវអស់មួយជើងពានភ្លាមនាំគ្នាហ៊ោបណ្ដោយអ្នកធ្វើស្រែចា៎អរ”។
កាលឆ្នាំ២០១៥កន្លងទៅក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លដែលធ្វើខេត្តបាត់ដំបង គោឧសភរាជបានបរិភោគពោតនិងសណ្តែកច្រើនជាងគេក្នុងចំណោមអាហារ៧មុខ។ ព្រះរាជពិធីច្រត់ព្រះនង្គ័លនាទឹកដីអង្គរខេត្ដសៀមរាបនៅឆ្នាំនេះ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាបត្រូវបានព្រះមហាក្សត្រ រាជាអនុញ្ញាតឲ្យធ្វើជាតំណាងរបស់ព្រះអង្គកាន់នង្គ័លទី២ឬហៅថា ស្តេចមាឃ ចំណែកភរិយាលោកគឺលោកស្រី គួយ ណាលីន ដើរតួជាព្រះមេហួ។ ដោយឡែកនង្គ័លទី១តំណាងឲ្យវិស័យកសិកម្ម កាន់ដោយលោក ណៅ ធួក អគ្គនាយករដ្ឋបាលជលផលនៃក្រសួងកសិកម្ម ខណៈលោក អ៊ិន រដ្ឋាសិរី ជំនួយការរដ្ឋមន្ដ្រីក្រសួងព្រះបរមរាជវាំងកាន់នង្គ័លទី៣។
ក្រោយពីបញ្ចប់ព្រះរាជពិធី ប្រជានុរាស្ដ្រខ្មែរបានលើកដៃបួងសួងដល់វត្ថុស័ក្ដសិទ្ធិសូមឲ្យប្រផ្នូលនៅក្នុងព្រះរាជពិធីច្រតព្រះនង្គ័លនេះមានឥទ្ធិពលនិងក្លាយជាការពិត ដើម្បីឲ្យប្រជាកសិករខ្មែរប្រកបរកសិកម្មនេះទទួលផលល្អ។ ខ្ញុំសូមបួងសួងឲ្យប្រផ្នូលនេះក្លាយជាការពិតខ្ញុំរំភើបអរគុណច្រើនដែលបានឃើញបរិភោគស្រូវចឹងណា អរគុណណាស់យីអរមែន ខ្ញុំសុំបួងឲ្យវត្ថុសក្ដិសិទ្ធិនៅក្នុងទឹកដីអង្គរនេះធ្វើម៉េចឲ្យភ្លៀងជោគជាំបបូរឲ្យកសិករយើងធ្វើស្រែចំការ៕