បទយកការណ៍៖ ការយល់​ដឹងពីសិទ្ធិនិង​ច្បាប់​ជួយ​ឲ្យ​ស្រ្តី​ផ្សព្វផ្សាយស្រាបៀរ​រួចផុតពី​អំពើហិង្សា

នារីផ្សព្វផ្សាយស្រាបៀរនៅតាមភោជនីយដ្ឋានមួយចំនួននាពេលកន្លងមកត្រូវគេដឹងថាតែងជួបអំពើហិង្សាដោយពាក្យសម្តីឬហិង្សាលើរាងកាយពីសំណាក់ភ្ញៀវដែលទទួលសេវារបស់ពួកគាត់ស្របពេលកន្លែកផឹកស៊ីកំពុងរីករាលដាលគួរឲ្យកត់សម្គាល់។ នៅតាមកន្លែងនោះ ការពិសាគ្រឿងស្រវឹងគឺជៀសមិនផុតនោះទេ។

ស្រ្តីផ្សព្វផ្សាយស្រាបៀរលើកឡើងថានៅប៉ុន្មានឆ្នាំចុងក្រោយនេះភ្ញៀវរបស់ពួកគាត់ហាក់មិនហ៊ានប្រើអំពើហិង្សាលើពួកគាត់ដូចកាលពី៥ឬ១០ឆ្នាំមុននោះទេ ដោយថាស្រ្តីបានយល់ដឹងពីសិទ្ធិរបស់ខ្លួននិងមានការជួយជ្រោមជ្រែងពីអង្គការសង្គមស៊ីវិលនិងអាជ្ញាធរ។

មានសម្បុរស កម្ពស់ប្រហែល១ម៉ែត្រ៦០ ពាក់អាវយឺតស ស្លៀកខោខៅប៊យនិងមានបង់ក្រមារនៅនឹងកផង ស្រីយ៉ា ជាឈ្មោះរបស់នារីផ្សព្វផ្សាយស្រាបៀរម្នាក់ដែលអ្នកសារព័ត៌មានវីអូឌីដាក់ឲ្យ។ ស្រីយ៉ា វ័យ២៦ឆ្នាំ ឲ្យដឹងថានាងមានស្រុកកំណើតនៅខេត្តកំពតនិងបានមកធ្វើការនៅជាអ្នកផ្សព្វផ្សាយស្រាបៀរនៅទីក្រុងភ្នំពេញប្រហែលជា១០ឆ្នាំមកហើយ។ កញ្ញា ស្រីយ៉ា រំឭកថាកាលនាងធ្វើការជាអ្នកផ្សព្វផ្សាយស្រាបៀរដំបូងៗ នាងបានឃើញនិងជួបអំពើហិង្សាទាំងពាក្យសម្តីនិងហិង្សាលើរាងកាយពីភ្ញៀវបុរសៗជាញឹកញាប់។

ស្រីយ៉ា រៀបរាប់ទៀតថា៖ ហើយមួយទៀតតែងមានអំពើហិង្សាលើស្រ្តីផ្សព្វផ្សាយស្រាបៀរ…ដូចជាហៅហ្ងែង ជួនកាលទះកំផ្លៀង ជួនកាលទៀតបង្ខំយើងឲ្យផឹក ភាគច្រើនគាត់គិតថាស្រ្តីផ្សព្វផ្សាយស្រាបៀរចង់ទៅក្រៅជាមួយគាត់ពេលយើងស្រវឹងអីអ៊ីចឹងទៅ ពេលយើងអត់ទៅតែងមានរឿងកើតឡើង

ស្រីយ៉ា បញ្ជាក់ថាស្រ្តីផ្សព្វផ្សាយស្រាបៀរដែលជាបុគ្គលិករបស់ក្រុមហ៊ុនគឺមានការជួយអន្តរាគមន៍ពីក្រុមហ៊ុនភ្លាមៗពេលមានបញ្ហាជាមួយភ្ញៀវកើតឡើង។ ចំពោះករណី ស្រីយ៉ា វិញ នាងមិនមែនជាបុគ្គលិកពេញម៉ោងឲ្យក្រុមហ៊ុនស្រាបៀរទេ តែនាងជាអ្នកធ្វើការយកកម្រៃពីក្រុមហ៊ុនតាមរយៈចំនួនផលិតផលដែលខ្លួននាងលក់បាន។ នាងថាធ្វើដូច្នេះនាងអាចឆ្លៀតពេលលក់គ្រឿងក្រអូបបានខ្លះៗក្រៅពីម៉ោងធ្វើការ។

នាងបន្តទៀតថា៖ “យើងធ្វើអ៊ីចឹងយើងមានសិទ្ធិសេរីភាព យើងចង់រកការងារកន្លែងណាផ្សេងទៀតក៏បានដែរ តែបើស៊ីប្រាក់ខែ គេតម្រូវឲ្យយើងលក់ឲ្យបានគ្រប់ផែនការរបស់គេ យើងពិបាកលក់ ហើយមើលសម្រស់ខ្លួនឯងផង បើយើងស្អាតទាក់ទាញលក់(ស្រាបៀរ)បានច្រើន បើនេះអ៊ីចឹងពិបាកលក់

ស្រីយ៉ា ឲ្យដឹងទៀតថានាងធ្វើការចាប់ពីម៉ោង១១ថ្ងៃត្រង់រហូតដល់ម៉ោង១ឬ២រសៀល និងពេលល្ងាចនាងធ្វើការពីម៉ោង៦ទៅដល់ម៉ោង៩ឬ១០យប់។ នាងថាចំណូលប្រចាំខែរបស់នាងមិនទៀងទាត់នោះទេ ជួនកាលថាបានសល់ខ្លះក្រោយពីទូទាត់ចំណាយលើបន្ទប់ជួលនិងម្ហូបអាហារនិងពេលខ្លះមិនគ្រាន់ក៏មានដែរ។

ត្រលប់មកនិយាយពីបញ្ហារបស់ស្រ្តីផ្សព្វផ្សាយស្រាបៀរនេះវិញ កញ្ញាស្រីយ៉ា រៀបរាប់ថាប្រហែលជា២ឬ៣ឆ្នាំចុងក្រោយនេះ នាងសង្កេតឃើញថាភ្ញៀវមិនសូវហ៊ានប្រើអំពើហិង្សាមកលើស្រ្តីនោះទេ ដោយថាស្រ្តីភាគច្រើនបានយល់ដឹងពីសិទ្ធិរបស់ខ្លួន និងមានការផ្សព្វផ្សាយច្រើនពីអង្គការនិងស្ថាប័នរដ្ឋឲ្យប្រជាពលរដ្ឋយល់ដឹងពីសិទ្ធិរបស់ស្រ្តីទាំងនេះ។

កញ្ញាបន្តទៀតថា៖ ជាពិសេសនោះ គឺគេនិយាយឡើងទាក់ទងនឹងច្បាប់ មិនត្រឹមតែអង្គការផ្សព្វផ្សាយទេ សូម្បីក្រសួងក៏(ផ្សព្វផ្សាយ)ដឹងច្បាប់ច្រើនដែរ អ៊ីចឹងធ្វើអ្វីមួយគេថាប្រយ័ត្នខុសច្បាប់ តែនៅតែមានអតិថិជនមួយចំនួនបំពានដែរ ប៉ុន្តែគាត់(អតិថិជន)ខុសគាត់ទទួល ច្បាប់គេអត់លើកលែងទេ

កញ្ញា ស្រីយ៉ា រៀបរាប់ទៀតថានាងបានដឹងពីសិទ្ធិរបស់ខ្លួននិងកន្លែងដែលខ្លួនត្រូវទៅរកអន្តរាគមន៍ពេលមានបញ្ហាតាមរយៈការចូលរួមក្នុងវគ្គបណ្តុះបណ្តាលរបស់អង្គការមួយចំនួននាពេលកន្លងមក។ ស្រីយ៉ា លើកឡើងដែរថាបើទោះបីជានារីផ្សព្វផ្សាយស្រាបៀរយល់ដឹងពីច្បាប់និងសិទ្ធិរបស់ខ្លួនខ្លះៗមែនក៏ដោយ តែកញ្ញាថាពួកកញ្ញាគ្មានអំណាចអ្វីទៅតតាំងជាមួយភ្ញៀវនោះទេ បើសិនជាសមត្ថកិច្ចមិនជួយអន្តរាគមន៍ឲ្យទាន់ពេលនោះ។

កញ្ញាបន្ថែមថា៖ បើសិនជាស្រ្តីប្តឹងគាត់ធ្វើជាមិនដឹង មកដល់គាត់ឈរធ្វើស្រឡាំងកាំង ឯងមានរឿងអី ទៅចរចាជាមួយគេនោះ(ភ្ញៀវ)ហើយ ឯងទៅផ្ទះវិញទៅ អត់ជួយអន្តរាគម៍ឲ្យគ្នាធ្វើម៉េចទៅអ៊ីចឹង ឧទាហរណ៍ស្ត្រីគ្នាខ្ញុំ ថ្ងៃមុនមានរឿងពាក់ព័ន្ធបញ្ហាជាមួយភ្ញៀវ គាត់(សមត្ថកិច្ច)មកដោះស្រាយៗរឿងអីហ្អា ហើយគេវាយគាត់(ស្រ្តី)ហ្នឹង គាត់(សមត្ថកិច្ច)ធ្វើអត់ដឹងអត់ឮម៉េចបានគាត់អត់ជួយ

ទាក់ទងជាមួយសុវត្ថិភាពស្ត្រីផ្សព្វផ្សាយស្រាបៀរនេះដែរ អនុប្រធានសមាគមស្រ្តីផ្សព្វផ្សាយស្រាបៀរនៅកម្ពុជា លោកស្រី លី លក្ខិណា មានប្រសាសន៍ថាស្រ្តីផ្សព្វផ្សាយស្រាបៀរនៅកម្ពុជាមុនឆ្នាំ២០១០មានការបៀតបៀននិងទទួលអំពើហិង្សាពីភ្ញៀវច្រើន។ ដោយឡែកលោកស្រីថានៅក្រោយឆ្នាំ២០១០ រហូតមកដល់បច្ចុប្បន្ននេះ សុវត្ថិភាពរបស់ស្រ្តីមានលក្ខណៈល្អប្រសើរ ដោយថាមានការយកចិត្តទុកដាក់ច្រើនពីក្រសួងកិច្ចការនារី ក្រសួងមហាផ្ទៃ និងអង្គការពាក់ព័ន្ធជាច្រើនទៀត។

លោកស្រីបន្តទៀតថាសមាគមរបស់អ្នកស្រីបានបណ្តុះបណ្តាលស្រ្តីលើចំណុច៣សំខាន់រួមមានបញ្ហាយ៉ែនឌ័រ ការបៀតបៀនផ្លូវភេទ និងសិទ្ធិរបស់ស្រ្តី។ ជាមួយគ្នានេះដែរ លោកស្រីថាក្រសូងមហាផ្ទៃក៏បានផ្តល់លេខទូរស័ព្ទទាន់ហេតុការណ៍ ១២៨៨ សម្រាប់ស្ត្រីរាយការណ៍ពេលមានបញ្ហាជាមួយភ្ញៀវនិងមានអន្តរាគមន៍ភ្លាមៗពីអាជ្ញាធរមូលដ្ឋាន។

លោកស្រីបន្ថែមថា៖ អ៊ីចឹងស្រ្តីមួយចំនួនគាត់បានយល់ដឹងច្រើនថាអំពើហិង្សាទាក់ទងនឹងយ៉ែនឌ័រ និងណាមួយទៀតមានច្បាប់ក្នុងប្រទេសយើងជួយ អ៊ីចឹងគាត់ហ៊ាននិយាយជាមួយភ្ញៀវថាគាត់មកធ្វើការគាត់ធ្វើយកតែប្រាក់ខែទេ បើភ្ញៀវអង្គុយលូកលាន់លើគាត់លើសលួសពេកគាត់មិនអាចទទួលយកបានគាត់សុំចេញ

ជាមួយគ្នានេះដែរ អង្គការ CARE Cambodia ដែលបានធ្វើការលើកកម្ពស់សិទ្ធិស្រ្តីផ្សព្វផ្សាយស្រាបៀរដែរនោះឲ្យដឹងថាស្រ្តីទាំងនេះអាចទទួលបានសុវត្ថិភាពនៅកន្លែងការងារបានលុះណាតែមានការសហការគ្នាល្អរវាងក្រសួងពាក់ព័ន្ធជាមួយស្ថាប័នឯកជននិងពីបុគ្គលដែលពាក់ព័ន្ធ។ នេះបើតាមអ្នកប្រឹក្សាផ្នែកទំនាក់ទំនងរបស់អង្គការ CARE Cambodia លោកស្រី Jenny Conrad។ លោកស្រី Jenny Conrad ឲ្យដឹងតាមរយៈសារអេឡិចត្រូនិចទៀតថាក្រសួងការងារក៏បានដាក់បញ្ចូលស្រ្តីផ្សព្វផ្សាយស្រាបៀរឲ្យស្ថិតក្រោមច្បាប់ស្តីពីការងារ ដែលអាចឲ្យស្រ្តីទាំងនេះបានទទួលការគាំពារដោយច្បាប់និងទទួលអត្ថប្រយោជន៍ផ្សេងៗទៀតដូចបុគ្គលិកក្នុងវិស័យដទៃដែរ។

លោកស្រីបន្តទៀតថាការផ្លាស់ប្តូរឥរិយាបថរបស់ប្រជាពលរដ្ឋចំពោះស្រ្តីផ្សព្វផ្សាយស្រាបៀរគឺជារឿងចាំបាច់ក្នុងការធានាថាស្រ្តីទាំងនោះបានទទួលការគាំពារប្រកបដោយសេចក្តីថ្លៃថ្នូរ។

វីអូឌីមិនអាចសុំការអត្ថាធិប្បាយពីក្រសួងកិច្ចការនារីបានទេ ដោយមន្ត្រីដែលវីអូឌីបានទាក់ទងអះអាងថាខ្លួនកំពុងជាប់ប្រជុំ។

យ៉ាងណាក៏ដោយ កញ្ញា ស្រីយ៉ា សំណូមពរឲ្យអាជ្ញារធរមូលដ្ឋានក៏ដូចជាកម្លាំងសមត្ថកិច្ចខិតខំបន្ថែមទៀតជួយដល់ស្ត្រីដែលបម្រើការក្នុងសេវាកំសាន្ត ដោយមិនមានការរើសអើស។

កញ្ញាបន្ថែម៖ “ជាសំណូមពរដល់អាជ្ញាធរឬក៏ភូមិឃុំ-សង្កាត់ហ្នឹងជួយគាំទ្រដល់ស្រ្តីធ្វើការនៅក្នុងសេវាកំសាន្ត មិនមែនតែស្រ្តីផ្សព្វផ្សាយស្រាបៀរទេ…នៅពេលមានអំពើហិង្សាឬការបៀតបៀនផ្លូវភេទកើតឡើង គាត់មិនត្រូវចាត់ទុកថាអតិថិជនជាមនុស្សសំខាន់នោះទេ គាត់ចាត់ទុកថានារីជាជនរងគ្រោះជាមនុស្សសំខាន់បំផុត អ៊ីចឹងគាត់ត្រូវធ្វើម៉េចជួយដល់ស្រ្តីហ្នឹងឲ្យរួចផុតពីការបៀតបៀនឲ្យរួចផុតពីអំពើហិង្សានៅកន្លែងធ្វើការ

បើតាមរបាយការណ៍របស់អង្គការ CARE Cambodia ចេញផ្សាយកាលពីចុងឆ្នាំ២០១៣ ស្រ្តីផ្សព្វផ្សាយស្រាបៀរមានចំនួនជាង៤ពាន់នាក់ ហើយពួកគាត់ភាគច្រើនជាអ្នកធ្វើការយកកម្រៃជើងសារពីក្រុមហ៊ុន។ របាយការណ៍ដដែលឲ្យដឹងទៀតថាស្រ្តីទាំងនេះប្រឈមនឹងការទទួលទានគ្រឿងស្រវឹងក្នុងកម្រិតខ្ពស់និងរងនូវអំពើហិង្សាច្រើន។ ជាមួយគ្នានោះដែររបាយការណ៍បញ្ជាក់ថា៦៧ភាគរយនៃពួកគាត់ត្រូវបានភ្ញៀវបៀតបៀនផ្លូវភេទ ហើយមាន៣៨ភាគរយនៃពួកគាត់ទទួលអំពើហិង្សាលើរាងកាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ