បទយកការណ៍៖ ពិធីបុណ្យសាសនាត្រូវបានអ្នកនយោបាយធ្វើជាមធ្យោបាយបន្ថយកម្តៅនយោបាយនៅកម្ពុជា

លោក កឹម សុខា បានបង្ហាញខ្លួនជាលើកដំបូងក្នុងពិធីរាប់បាត្រនៅស្នាក់ការគណបក្ស បន្ទាប់ពីមានការតាមចាប់ខ្លួននាពេលកន្លងមក (រូបភាពពីហ្វេសប៊ុករបស់លោក កឹម សុខា)

សំឡេងបួងសួងរបស់លោកតាអាចារ្យសុំឲ្យមានសន្តិភាពក្នុងប្រទេសកម្ពុជាត្រូវបានបន្លឺឡើងក្នុងពិធីរាប់បាត្រតាមបែបព្រះពុទ្ធសាសនាដែលមានព្រះសង្ឃនិមន្តចូលរួមកើនឡើងដល់ជាង៣០០អង្គ ខណៈគណបក្សសង្គ្រោះជាតិគ្រោងនិមន្តតែ១២៣អង្គតំណាងឲ្យសមាជិករដ្ឋសភាទាំងមូល។

ការធ្វើពិធីរាប់បាត្រតាមបែបព្រះពុទ្ធសាសនានៅព្រឹកថ្ងៃទី០៧ ខែមិថុនានេះ គណបក្សប្រឆាំងថាដើម្បីឧទ្ទិសកុសលទៅដល់ព្រលឹងបុព្វបុរសដែលស្នេហាជាតិឲ្យតាមជួយថែរក្សាកម្ពុជាឲ្យរួចផុតពីបញ្ហានយោបាយ។ ជាពិសេសការបួងសួងបន្ទន់ចិត្តដល់អ្នកកាន់អំណាចឲ្យមានការគោរពសិទ្ធិមនុស្ស គោរពលទ្ធិប្រជាធិបតេយ្យ និងគោរពអភ័យឯកសិទ្ធិសភាតាមរដ្ឋធម្មនុញ្ញនៃកម្ពុជា។

ពលរដ្ឋម្នាក់រស់នៅក្នុងទីក្រុងភ្នំពេញដែលបានចូលរួមក្នុងពិធីរាប់បាត្រនេះអ្នកស្រី ម៉ី សារ៉េន លើកឡើងថាការចូលរួមក្នុងពិធីបុណ្យនេះគឺដើម្បីឧទិ្ទសកុសលទៅដល់អ្នកដែលបានស្លាប់ដោយអយុត្តិធម៌និងសុំឲ្យបុព្វការីជនខ្មែរឲ្យជួយថែរក្សាហើយជំរុញឲ្យអ្នកនយោបាយទាំងអស់យោគយល់គ្នាជៀសវាងការប្រើហិង្សាលើអ្នកទន់ខ្សោយ។

ស្លៀកសំពត់ខ្មៅជាមួយនឹងអាវសហើយដៃកាន់ប្រាក់មួយចំនួនសម្រាប់រាប់បាត្រព្រះសង្ឃ អ្នកស្រី សារ៉េន បន្តថាអ្នកស្រីមើលឃើញពីបញ្ហាតានតឹងនៃនយោបាយសព្វថ្ងៃដោយសារមានការគំរាមចាប់ខ្លួន លោក កឹម សុខា ការវាយតំណាងរាស្ត្រ ការឃុំឃាំងមន្ត្រី សិទ្ធិមនុស្ស មន្រ្តី គ.ជ.ប និងអ្នកតំណាងរាស្ត្រផងដែរ។

អ្នកស្រីបន្ថែមថា៖ ខ្ញុំឃើញថាវាមានភាពច្របូកច្របល់ខ្លាំងណាស់ បើសិនជាយើងធ្វើបុណ្យ ដើម្បីបន្ធូរអារម្មណ៍នាំគ្នាធ្វើបុណ្យដើម្បីយើងគិតថាការធ្វើបុណ្យគឺជាអំពើល្អដែលធ្វើឲ្យយើងគោរព។ យើងធ្វើអ្វីដែលគោរពត្រូវទៅតាមព្រះពុទ្ធសាសនារបស់យើង កុំយកអំពើរហិង្ស អំពើវាយដំមកធ្វើបាបលើគ្នា ហើយគាបសង្កត់ផ្លូវចិត្តដល់អ្នកទន់ខ្សោយធ្វើបាបដល់ជនក្រីក្រ អ្នកដែលមានអំណាចចេះតែមានទៅ អ្នកដែលឈ្នះធ្វើអ្វីក៏ចេះតែឈ្នះ

ពាក់កន្សែងជាមួយនឹងអាវស សំពត់ខ្មៅ ដៃកាន់ប្រអប់បាយត្រៀមនឹងរាប់បាត្រ អ្នកស្រី ជឿន យឿន មកពីសង្កាត់ឬស្សីកែវមានប្រសាសន៍ថាអ្នកស្រីជឿថាព្រះពុទ្ធសាសនាអាចជួយជំរុញឲ្យមានសន្តិភាពក្នុងប្រទេសកម្ពុជា។ អ្នកស្រីបន្ថែមថាការធ្វើបុណ្យរាប់បាត្រនេះគឺដើម្បីបញ្ជៀសកុំឲ្យមានការប្រើហិង្សា ការយាយី គំរាមកំហែងចាប់ចងតំណាងរាស្រ្ត។

អ្នកស្រីបន្ថែមថា៖ មិនចង់ឲ្យមានអំពើហិង្សាទេរវាងខ្មែរនឹងខ្មែរ សូមឲ្យស្រឡាញ់គ្នាខុសត្រូវអ្វីយើងនិយាយច្បាប់ មិនឲ្យវៃមិនឲ្យដំ ចាប់ដាក់គុកដាក់ច្រវ៉ាក់អញ្ចឹងទេ ឲ្យធ្វើអំពើល្អមិនឲ្យប្រើអំពើហិង្សាទេ

ពលរដ្ឋម្នាក់ទៀតសម្បុរខ្មៅទាបមកពីខេត្តស្វាយរៀង ដើម្បីប្រគេនទឹកសុទ្ធដល់ព្រះសង្ឃ លោក ឡុង សុខុម មានប្រសាសន៍ថាទាំងពលរដ្ឋនិងអ្នកនយោបាយទាំងអស់ធ្វើអ្វីមួយកុំឲ្យរំលងនូវព្រះពុទ្ធសាសនា។ លោកបន្ថែមថាពិធីបុណ្យរាប់បាត្រតាមបែបព្រះពុទ្ធសាសនានេះអាចជួយឲ្យអ្នកមានជំលោះទាស់ទែងគ្នាឈប់អាក់អន់ចិត្តគ្នា ទើបធ្វើឲ្យប្រទេសជាតិមានសេចក្ដីសុខ សម្បូរសប្បាយ និងសន្តិភាព។

លោកបន្ថែមថា៖ ធ្វើបុណ្យនេះសូមឲ្យអ្នកមានអំណាចទាំងអស់ឲ្យមានចិត្តធម៌មេត្តាករុណានៅលើជាតិខ្មែរយើងនេះអនុគ្រោះគ្នាឲ្យបានជាប់យើងសុខសប្បាយទាំងអស់គ្នាតរៀងទៅ

ដៃកាន់ចានស្រាក់ដាក់បាយសម្លសម្រាប់រាប់បាត្រ ពលរដ្ឋម្នាក់ទៀតដែលរស់នៅសង្កាត់ចាក់អង្រែក្រោមអ្នកស្រី ណុប ចាន់ធូ មានប្រសាសន៍ថាការធ្វើបុណ្យថ្ងៃនេះគឺដើម្បីបន់ស្រន់ឲ្យមានការបញ្ចុះកំដៅនយោបាយនៅកម្ពុជានិងការចរចាគ្នាឲ្យសន្តិវិធី។ ប៉ុន្តែអ្នកស្រីបន្ថែមថា ដើម្បីឲ្យមានការដោះស្រាយបញ្ហានយោបាយ បញ្ហាសង្គម ដូចជាជម្លោះដីធ្លី និងការគាបសង្កត់ផ្សេងៗលុះត្រាតែមានការចូលរួមពីរដ្ឋាភិបាល។

អ្នកស្រីបន្ថែមថា៖ ដើម្បីឲ្យមានវប្បធម៌សន្ទនានិងដើម្បីឲ្យដោះលែងអ្នកជាប់ទោសទាំងប៉ុន្មាននាក់នោះ ហើយសូមឲ្យខ្មែរទាំងអស់ សូមឲ្យឈប់ឈ្លោះគ្នាចាប់ដៃគ្នាឡើងកសាងប្រទេសជាតិ

លោក កឹម សុខា ដែលបានស្នាក់នៅគណបក្សជាង១០ថ្ងៃមកហើយ ដើម្បីគេចចេញពីការតាមចាប់ខ្លួនបានបង្ហាញមុខនៅចំពោះអ្នកគាំទ្ររាប់រយនាក់និងព្រះសង្ឃរាប់រយអង្គ។ លោកថ្លែងថា ការធ្វើពិធីបុណ្យតាមបែបព្រះពុទ្ធសាសនានេះគឺដើម្បីរំលឹកដល់វិញ្ញាណខក្ខរបស់បុព្វបុរសខ្មែរឲ្យប្រោសព្រំដល់កម្ពុជាឲ្យទទួលបាននូវសុខសន្តិភាព យុត្តិធម៌ ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យដែលប្រជាពលរដ្ឋចង់បាន។  លោកបន្ថែមថាការធ្វើពិធីបុណ្យដាក់បាត្រនេះ ជាការតស៊ូមតិដោយប្រកាន់ជាប់នូវធម៌អហិង្សា។

លោកបន្ថែមថា៖ “ការតស៊ូចាំបាច់តែងតែមាននូវការលះបង់ ដូច្នេះបើសិនឧបសគ្គកាន់តែធំ ខ្ញុំជឿថាប្រជាពលរដ្ឋយល់កាន់តែច្បាស់ និងហ៊ានលះបង់កាន់តែខ្ពស់។ នេះហើយដែលជាអ្វីដែលយើងប្រារព្វពិធីសាសនាថ្ងៃនេះ អញ្ចឹងយើងសូមបួងសួងដល់ព្រះពុទ្ធព្រះធម៌ព្រះសង្ឃដែលយើងប្រារព្ធពិធីថ្ងៃនេះ សូមឧទ្ទិសដល់គុណបុណ្យទាំងអស់ឲ្យជួយធ្វើយ៉ាងណាឲ្យទឹកដីកម្ពុជាមានសន្តិភាព”។

ព្រះពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋដែលរដ្ឋធម្មនុញ្ញចែងថាជាតិ សាសនា ព្រះមហាក្សត្រ ដូច្នេះព្រះពុទ្ធសាសនាក៏ដើរតួសំខាន់ក្នុងការជំរុញឲ្យមានសុខសន្តិភាពសម្រាប់ប្រទេសជាតិ។

ចៅអធិការវត្តអង្គពពេលក្នុងស្រុកបរសេដ្ឋខេត្តកំពង់ស្ពឺ ព្រះតេជគុណ ចាន់ កំសាន្ត ដែលនិមន្តចូលរួមក្នុងពិធីរាប់បាត្រនេះមានសង្ឃដីកាថា មាគានៃព្រះពុទ្ធសាសនាអាចជួយកាត់បន្ថយនូវកម្ដៅនយោបាយបាន តាមរយៈការអប់រំឲ្យមានសេចក្ដីស្ងប់ក្នុងចិត្តប្រកាន់នូវធម៌អហិង្សា។

ព្រះអង្គសម្ដែងថា៖ កាលណាយើងធ្វើសកម្មភាពអហិង្សាធ្វើឲ្យយើងទទួលបានជោគជ័យដូចជំនាន់ព្រះមាមកធ្វើបាបព្រះអង្គចងសម្លាប់ចង់ព្យាបាតយ៉ាងណាព្រះអង្គធ្វើអត់ដឹងអត់លឺ បុណ្យកុសលធ្វើឲ្យមាចុះចាញ់ដោយខ្លួនឯង។ អញ្ចឹងបើយើងអាចរៀបចំនិមន្តព្រះសង្ឃរាប់បាត្រ ធ្វើនូវបុណ្យកុសល និងអំពើជាច្រើនដែលអហិង្សា ហើយកាលណាយើងធ្វើអហិង្សាទៅលើអ្នកដទៃ អ្នកដទៃនោះរមែងមានចិត្តទន់ឬធ្វើឲ្យអ្នកនោះឯងមានចិត្តស្ងប់

ព្រះអង្គ ចាន់ កំសាន្ត បន្តថាព្រះពុទ្ធសាសនាបានទូន្មានមនុស្សកុំឲ្យធ្វើអំពើអាក្រក់ បៀតបៀន ចងគំនុំនឹងគ្នាដោយព្រះធម៌សំដែងថា «បែកបាក់សាមគ្គីស្លាប់ រួបរួមសាមគ្គីរស់»។

ព្រះអង្គបន្តថា៖ “ប្រសិនបើមនុស្សយើងចេះឲ្យតម្លៃគ្នា គោរពគ្នា គោរពសិទ្ធិគ្នា ប្រទេសជាតិយើងនឹងរុងរឿងចម្រើន ហើយនឹងមានសេចក្ដីសុខ”៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ