ព័ត៌មានលើបណ្តាញសង្គមហ្វេសប៊ុកកំពុងជះឥទ្ធិពលលើបណ្តាញផ្សព្វផ្សាយជាប្រពៃណីរួមមានកាសែត ទស្សនាវដ្តី វិទ្យុ និងទូរទស្សន៍ជាដើម។
កាលពីមុន រឿងខ្លះដែលអ្នកនយោបាយចាត់ទុកថាជារឿងអាម៉ាសឬជារឿងមិនមានផលប្រយោជន៍ដល់ខ្លួនគឺសារព័ត៌មានដែលមិនឯករាជ្យមួយចំនួនក៏មិនហ៊ានផ្សាយដែរ។ ប៉ុន្តែបច្ចុប្បន្ន រឿងរសើបមួយចំនួនត្រូវបានគេផ្សាយតាមហ្វេសប៊ុកដែលមនុស្សគ្រប់គ្នាអាចមើលឃើញដោយគ្រាន់តែមានស្មាតហ្វូនហើយភ្ជាប់អ៊ីនធឺណែត។
នៅសប្តាហ៍នេះមានរឿងពីរដែលគួរឲ្យចាប់អារម្មណ៍នោះគឺការរិះគន់តាមហ្វេសប៊ុកលើគម្រោងប្តូរឈ្មោះឆ្នេរអូឈើទាលនៅខេត្តព្រះសីហនុទៅដាក់ឈ្មោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្ទាប់មករដ្ឋាភិបាលក៏បានប្រកាសថាមិនមានការប្តូរឈ្មោះទេ។
រឿងមួយទៀតគឺករណីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជិះម៉ូតូមិនពាក់មួកសុវត្ថិភាពក៏ត្រូវរងការរិះគន់ច្រើនដែរនៅតាមហ្វេសប៊ុក។ ប៉ុន្តែនៅថ្ងៃទី២៤ខែមិថុនា លោក ហ៊ុន សែន បានជិះម៉ូតូទៅបង់ប្រាក់ផាកពិន័យនៅប៉ុស្តិ៍នគរបាលសង្កាត់ចតុមុខចំនួន១៥ ០០០រៀល។
ទាំងនេះជាឧទាហរណ៍ជាក់ស្តែងដែលអ្នកនយោបាយកាន់អំណាចហ៊ានចេញមុខទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន បើទោះជាមជ្ឈដ្ឋានខ្លះយល់ថានេះជាឆាកល្ខោនសំដែងទាក់ទាញការគាំទ្រមុនពេលបោះឆ្នោតក៏ដោយ។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី មានប្រសាសន៍ថា លោកនៅចាំមើលទៀតថាតើសកម្មភាពនេះនឹងនៅតែបន្តដោយឆន្ទៈឬគ្រាន់តែជាការសំដែង។
លោកមានប្រសាសន៍ថា៖ “ខ្ញុំគិតថាជាគំរូវិជ្ជមានមួយនៃការផ្លាស់ប្តូរ ប៉ុន្តែយើងនឹងរង់ចាំមើលទៀតថាតើអ្នកកាន់អំណាចដទៃទៀតមន្រ្តីជាន់ខ្ពស់ដទៃទៀតនឹងយកគំរូល្អហ្នឹងមកប្រើឬអត់? វាមានទស្សនៈពីរកំពុងតាមដាន តើរឿងហ្នឹងវាជាសុឆន្ទៈពិតប្រាកដឬវានៅតែជារឿងកំប្លែងដែលយើងឃើញមុនមក…”។
ដោយឡែកមន្រ្តីម្នាក់នៃក្រសួងអប់រំកម្ពុជាដែលជាប់ចោទពីបទបៀតបៀនផ្លូវភេទស្រ្តីជាជនជាតិកូរ៉េនោះត្រូវបានដកចេញពីប្រធាននាយកដ្ឋានតម្រង់ទិស។ ប៉ុន្តែចំណាត់ការនេះធ្វើឡើងក្រោយពីកាសែតឯករាជ្យមួយចំនួនបានផ្សាយរឿងនេះធ្វើឲ្យមានការចាប់អារម្មណ៍ពីសាធារណៈជន ពិសេសមានការរិះគន់ជាច្រើននៅតាមហ្វេសប៊ុក។
ទោះជាយ៉ាងណាមានករណីជាច្រើនទៀតដែលអ្នកប្រើហ្វេសប៊ុកត្រូវបានជាប់ពន្ធនាគារដោយសារតែការរិះគន់បែបចោទប្រកាន់ទៅលើមេដឹកនាំគណបក្សកាន់អំណាចនិងមន្រ្តីរដ្ឋាភិបាល។
តើនៅមានរឿងអ្វីទៀតដែលអ្នកនយោបាយគួរហ៊ានចេញមុខទទួលខុសត្រូវដូចគ្នានេះដែរ?
នៅពេលដែលរឿងអាស្រូវស្នេហាដែលគេចោទថាពាក់ព័ន្ធនឹងលោក កឹម សុខា ត្រូវបានបែកធ្លាយទាំងអង្គភាពប្រឆាំងអំពើពុករលួយ ទាំងតុលាការ និងតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាមួយចំនួនបានចាត់ទុកថា ករណីនេះជារឿងធ្ងន់ធ្ងរធ្វើឲ្យចលាចលសង្គម។ ពួកគេជំរុញឲ្យលោក កឹម សុខា ចេញមុខទទួលខុសត្រូវ។
បន្ទាប់មកមន្រ្តីសិទ្ធិមនុស្ស៤រូប មន្រ្តី គ.ជ.ប ម្នាក់ និងមេឃុំគណបក្សប្រឆាំងមួយរូបទៀតត្រូវអាជ្ញាធរចាប់ឃុំខ្លួនពាក់ព័ន្ធរឿងស្នេហានេះ។ ប៉ុន្តែស្របពេលនោះនៅតាមបណ្តាញហ្វេសប៊ុកបានរិះគន់ជាបន្តបន្ទាប់ទៅលើចំណាត់ការនេះថាជារឿងនយោបាយដើម្បីបង្រ្កាបគណបក្សប្រឆាំងមុនពេលបោះឆ្នោត។
ពីមុនគេចាត់ទុកករណីនេះថាជារឿងបុគ្គលឯកជន ប៉ុន្តែពេលនេះត្រូវបានទាញការចាប់អារម្មណ៍ពីអង្គការសហប្រជាជាតិ សហភាពអ៊ឺរ៉ុបដែលជាម្ចាស់ជំនួយធំមួយរបស់កម្ពុជា រួមទាំងបណ្តាស្ថានទូតបរទេសជាច្រើនទៀត ខណៈលោក កឹម សុខា ត្រូវសមត្ថកិច្ចប៉ុនប៉ងចាប់ខ្លួន។
អ្នកប្រើហ្វេសប៊ុកបានប្រៀបធៀបចំណាត់ប្រឆាំងនឹងលោក កឹម សុខា ដោយថាដើម្បីរកយុត្តិធម៌ឲ្យ ខុម ចាន់តារ៉ាទី ហៅស្រីមុំ នោះទៅនឹងករណីសម្លាប់ ពិសិដ្ឋ ពីលិកា ទូច សូនិច និងការជះទឹកអាស៊ីតលើនាង តាត ម៉ារីណា រួមទាំងការបាញ់ប្រហារតារាចម្រៀងផ្សេងទៀតថា ការអនុវត្តច្បាប់នៅកម្ពុជាមានស្តង់ដាពីរ។ អ្នកប្រើហ្វេសប៊ុកបានជំរុញឲ្យអ្នកនយោបាយហ៊ានចេញមុខទទួលខុសករណីទាំងអស់នេះដែរ។
ជាមួយគ្នានោះករណីបាញ់សម្លាប់បាតុករនៅផ្លូវវ៉េងស្រេង ករណីគប់គ្រាប់បែកលើបាតុករនៅមុខអតីតរដ្ឋសភាកាលពីឆ្នាំ១៩៩៧ ករណីបាញ់សម្លាប់លោក ជា វិជ្ជា និងលោក ឈុត វុទ្ធី ជាដើមនោះ ក៏អ្នកប្រើហ្វេសប៊ុកលើកយកមកបង្ហាញក្នុងន័យជំរុញឲ្យអ្នកនយោបាយចេញមុខទទួលខុសត្រូវផងដែរ។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី កត់សំគាល់ថាការរិះគន់តាមហ្វេសប៊ុកកំពុងតែជាសម្ពាធធ្ងន់មួយទៅលើអ្នកដឹកនាំ ប៉ុន្តែលោកថាអ្នករិះគន់ខ្លះក៏រងសម្ពាធពីអ្នកនាំដឹកនាំវិញដែរ។
លោកយល់ថា៖ “ខ្ញុំគិតថាការអនុវត្តច្បាប់នៅខ្មែរកំពុងរងសម្ពាធនៃការរិះគន់កាន់តែធ្ងន់ពីមហាជន។ អ្នកដឹកនាំទោះចង់ឬមិនក៏ត្រូវបង្ហាញភាពជាគំរូខ្លះ ប៉ុន្តែនេះគ្រាន់តែជាកាយវិការតូចមួយក្នុងចំណោមរឿងអយុត្តិធម៌ រឿងមិនគោរពច្បាប់ច្រើនទៀត។ យើងឃើញ ហើយទោះមានការស្រែកដង្ហោយពីជនរងគ្រោះនិងមហាជនយ៉ាងណាក៏ដោយ ក៏អ្នកដឹកនាំមិនបានខ្វល់ខ្វាយទេ ហើយអ្នកណាហ៊ានខ្លាំងនឹងត្រូវមានទោសខ្លួនឯងទៀត”។
អ្នកប្រឹក្សាយោបល់ឯករាជ្យលោកបណ្ឌិត ចាន់ វិបុល យល់ថារដ្ឋាភិបាលនៅមិនទាន់ចាត់ទុកការបញ្ចេញមតិតាមហ្វេសប៊ុកថាជាផ្លូវការដែលត្រូវយកមកពីចារណាទេដោយសារតែការរិះគន់ខ្លះមានលក្ខណៈមិនសមរម្យនិងមិនមានសំអាងគ្រប់គ្រាន់។
លោកមានប្រសាសន៍ថា៖ “ទី១ការមិនទទួលស្គាល់នូវតម្លៃនៃប្រព័ន្ធហ្វេសប៊ុករបស់រដ្ឋាភិបាល។ ទី២ការប្រើប្រាស់របស់បុគ្គលផ្ទាល់ដែលប្រើអសីលធម៌ ដែលមិនពិតប្រាកដហើយមានការវាយប្រហារជាលក្ខណៈបង្អាប់។ នេះជាចំណុចសំខាន់ពីរ។ ហើយខ្ញុំឃើញថាដើម្បីកាត់បន្ថយអាហ្នឹង អ្នកប្រើប្រាស់គួរតែបង្ហាញនូវសារជាក់លាក់ មិនមានវាយប្រហារជាលក្ខណៈបុគ្គល មានភស្តុតាងគាំទ្រ ហើយនិងគោរពសីលធម៌របស់ខ្លួន…”។
របាយការណ៍មួយបង្ហាញថាគិតត្រឹមខែកក្កដានៅឆ្នាំ២០១៥មានអ្នកប្រើប្រាស់ហ្វេសប៊ុក ២ ៩០០ ០០០ នៅក្នុងប្រទេសកម្ពុជាដែលថាចំនួននេះបានកើនខ្ពស់បើប្រៀបនឹងឆ្នាំ២០១៤ គឺអ្នកប្រើប្រាស់មាន ១ ៧០០ ០០០នាក់។
អ្នកវិភាគនិយាយថានៅពេលអ្នកប្រើប្រាស់ហ្វេសប៊ុកកើនឡើងចំនួនអ្នករិះគន់រដ្ឋាភិបាលក៏កើនឡើង ហើយអ្នកដែលត្រូវបានរដ្ឋាភិបាលចោទប្រកាន់ក៏មានជាបន្តបន្ទាប់ដែរ៕