ទើបតែជាលើកទី២ប៉ុណ្ណោះ ដែលកីឡាករថៃYorth Phith Ek មកជាន់សង្វៀនប្រទេសកម្ពុជា ដោយការប្រកួតលើកទី១របស់គេត្រូវបានកីឡាករជើងខ្លាំងរបស់កម្ពុជា ពេជ្រ ម្ទេសខ្មាំង វាយអោយចាញ់នៅលើសង្វៀន។ ជាមួយលទ្ធផលដែលធ្លាប់ស្ដែងឡើង មានការព្យាករណ៍ជាច្រើនថាគេនឹងអាចចាញ់ដូចមុន ដោយសារតែ ម៉ន វិរៈ និងពេជ្រ ម្ទេសខ្លាំងមិនធម្មតាប្រហែលគ្នា។ យ៉ាងណាមិញ ការឡើងរេញរបស់គេជាមួយម៉ន វិរៈ កាលពីថ្ងៃអាទិត្យនៅទូរស្សន៍អាស៊ីអាគ្នេយ៍គឺគេបានតាមស្មើ។
លោក ថៃ អ៊ូ បានអះអាងថា កីឡាករ Yorth Phith Ek បើធៀបនឹងសមត្ថភាពរបស់ម៉ន វិរៈ គឺគេនៅមានកម្រិតនៅឡើយដោយសារតែម៉ន វិរៈ ការប្រកួតគឺល្អទាំងស្នៀត បច្ចេកទេសនិងប្រវត្តិឡើងរេញ។ លោកថាការចាញ់ក្រោមដៃ ពេជ្រ ម្ទេសខ្មាំង គឺបានបង្ហាញថាកីឡាកររបស់ខ្លួននឹងអាចពិបាកឈ្នះឬស្មើ ដោយសារតែ ម៉ន វិរៈ គឺជាល្អម្នាក់នៅក្នុងសង្វៀនប្រដាល់កម្ពុជា។ ប៉ុន្តែលោកថាហេតុផលដែលកីឡាកររបស់ខ្លួនធ្លាក់ដៃគឺបណ្ដាលមកពីគេជិះឡានផ្លូវឆ្ងាយនិងសម្រាកអត់បានគ្រប់ពេលមកប្រកួតនៅស្រុកខ្មែរប៉ុណ្ណោះ ដោយសារតែនៅស្រុកថៃ កីឡាករ Yorth Phith Ek ក៏មិនមែនធម្មតា។ លោកបានរំឭកថាកាលពេលប៉ះគ្នាជាមួយជើងខ្លាំង ពេជ្រ ម្ទេសខ្មាំង ថ្វីដ្បិតតែកីឡាករថៃរូបនេះ ទៅមិនរួចជាមួយនឹងកីឡាករកម្ពុជាក៏ពិតមែន ប៉ុន្តែបញ្ហាកម្រាលរេញមានភាពរអិល បញ្ហាភ្លាត់ស្នៀតក៏ជួយអោយការប្រកួតរបស់កីឡាករ Yorth Phith Ek មិនសូវបានល្អផងដែរ។ អ៊ីចឹងហើយទើបលោកយល់ថាលទ្ធផលស្មើគ្នាជាមួយម៉ន វិរៈ គឺជារឿងដែលកីឡាកររបស់លោកធ្វើបាន ក្នុងពេលដែល ម៉ន វិរៈ និងពេជ្រ ម្ទេសខ្មាំង គឺមានសមត្ថភាពម្យ៉ាងម្នាក់។ លោកថាមួយថ្ងៃបន្ទាប់មកដល់កម្ពុជា កីឡាកររូបនេះ បាយមិនសូវបាននិងគេមិនសូវលក់ទេ ដោយសារតែការជិះឡានផ្លូវឆ្ងាយ ហាក់មិនសូវអំណោយផលសម្រាប់កីឡាករ Yorth Phith Ek ។ គាប់ជួនជាម៉ន វិរៈ មានថ្វីដៃល្អដែលលោកទទួលស្គាល់ជាយូរមកហើយផង ទើបលោកយល់ថាការប្រកួតរវាងគូនេះ គឺលោកមិនហ៊ានសង្ឃឹមច្រើនទេ។ លោកថាកីឡាករ Yorth Phith Ek បានធ្វើអោយលោកពេញចិត្តដោយសារតែការប្រកួតដែលបានស្ដែងឡើង គឺ ម៉ន វិរៈ ចង់យ៉ាប់ម្ដងៗ ហើយគេអាចតាមស្មើនៅលើសង្វៀន។ បើទោះជាទឹកទី៥ និងទីចុងទឹកទី៤ កីឡាករកម្ពុជាមានឱកាសវាយចូលបានច្រើន ប៉ុន្តែលោកថាបើធៀបនឹងការប្រកួតតាំងពីដំណាក់កាលដំបូង កីឡាករខ្លួនហាក់មានប្រៀបជាង។
គូរនេះ លោក ថៃ អ៊ូ នឹងស្នើអោយមានការប៉ះប្រកួតគ្នាជាថ្មីម្ដងទៀត ដោយសារតែលទ្ធផលស្មើបានធ្វើអោយភាគីខាងកីឡាករលោកក៏មិនទាន់អស់ចិត្ត ហើយភាគីខាងកីឡាករម៉ន វិរៈ ក៏ចង់អោយមានការប៉ះគ្នាជាថ្មី។ យ៉ាងណាក៏ដោយ លោកថាមិនទាន់ច្បាស់រឿងដាក់ថ្ងៃអោយពួកគេប៉ះគ្នានោះទេ ដោយសារតែច្បាប់នៅក្នុងសហព័ន្ធប្រដាល់ថៃ កីឡាករទោះល្អ ឬមិនល្អ គឺមិនសូវអោយចេញប្រកួតញឹកដូចគ្នានឹងកីឡាករនៅកម្ពុជា។
ផ្អែកតាមការប្រកួតគេឃើញ កីឡាករថៃ Yorth Phith Ek មានឱកាសវាយល្អតិចជាងកីឡាករម៉ន វិរៈដាច់ឆ្ងាយ។ ក្រៅពីវាយចេញបានច្រើន គេឃើញកីឡាករកម្ពុជាមានឱកាសវាយឌឺបញ្ឆេះកំហឹងរបស់កីឡាករថៃបានច្រើននោះផង។ អ៊ីចឹងហើយទើបចុងទឹកទី២ និងពេញមួយទឹកទី៣ គេឃើញកីឡាករថៃ វាយប្ដូរបានល្អមួយប្រាវដែលរុញអោយលទ្ធផលរបស់អ្នកទាំងពីរក្លាយជាស្មើគ្នាផ្ទុយពីការព្យាករណ៍។ នៅចុងទឹកទី៤និងដើមទឹកទី៥ កីឡាករកម្ពុជានៅតែរក្សាឱកាសវាយចូលបានល្អ ប៉ុន្តែនៅចុងទឹកទី៥ និងដើមទឹកទី៤ កីឡាករថៃល្អជាង ទើបធ្វើអោយជ័យជម្នះបែងចែកមិនចេញរវាងគូនេះ។ កីឡាករកម្ពុជាដែលមានមោទនភាពថាឈ្នះគូប្រកួតរបស់ខ្លួនតាំងពីដំបូងហាក់ស្រងាកចិត្ត ប៉ុន្តែនោះក៏ទំនឹងកើតចេញពីភាពមើលស្រាលទៅលើកីឡាករ Yorth Phith Ek នោះដែរទើបកីឡាកររូបនេះ វាយបណ្ដើរលេងសើចបណ្ដើរបណ្ដាលអោយបាត់បង់ជំហរប្រកួត ទើបកីឡាករថៃមានឱកាសវាយបកវិញ៕