វិភាគ៖ តើការសម្រេចចិត្តរបស់មេដឹកនាំគួរផ្អែកលើអ្វីដើម្បីអាចទទួលយកបានទាំងអស់គ្នា?

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពីពេល​កន្លង​មក

នៅសប្តាហ៍នេះនាយករដ្ឋមន្រ្តីបានកែប្រែសេចក្តីសម្រេចចិត្តចំនួន៣ដងក្នុងរយៈពេលជាង១០ម៉ោងក្នុងសំណុំរឿងតែមួយ គឺករណីទំនាស់ពាក្យសំដីរវាងឧត្តមសេនីយផ្កាយបីនិងនគរបាលចរាចរណ៍។

កាលពីម៉ោង២ជាងពាក់កណ្តាលអាធ្រាត្រថ្ងៃទី៣០ខែមិថុនា លោកនាយករដ្ឋមន្រ្តីបានប្រកាសនៅលើហ្វេសប៊ុករបស់លោកថាដកតំណែងឧត្តមសេនីយ៍ផ្កាយបី លោក ម៉ម ស្រ៊ីមវណ្ណា ក្រោយពីមានការបង្ហោះវីដេអូតាមប្រព័ន្ធសង្គមរឿងមន្រ្តីនគរបាលចរាចរណ៍ឃាត់រថយន្តដែលមានឧត្តមសេនីយ៍រូបនោះធ្វើដំណើរជាមួយ។

ប៉ុន្តែនៅម៉ោងជាង៨ព្រឹកថ្ងៃដដែលនេះ លោក ហ៊ុន សែន បានបង្ហោះសារតាមហ្វេសប៊ុក ដោយកែសម្រួលការសម្រេចចិត្តរបស់លោកវិញ ដោយថាដកតែតួនាទីលោក ម៉ម ស្រ៊ីមវណ្ណា ពីអគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប៉ុន្តែរក្សាទុកឋានន្តរសក័ជាឧត្តមសេនីយឯកនៃនគរបាលជាតិតទៅទៀត។

កាសែតខ្មែរថាមស៌ ភ្នំពេញប៉ុស្តិ៍និងខេមបូឌា ដេលី រហូតមកដល់ថ្ងៃទី១ខែកក្កដានេះ នៅតែមិនប្រើគោរមងាររបស់ថ្នាក់ដឹកនាំក្នុងអត្ថបទព័ត៌មាន(រូបថតដោយលោក សាម សុជាទិញ)

លុះដល់ម៉ោងជាង៥កន្លះល្ងាចថ្ងៃដដែលនេះ លោក ហ៊ុន សែន បានសរសេរថា “ខ្ញុំសម្រេចចិត្តនិរាករណ៌ចោលនូវ អនុក្រិត្យដែលខ្ញុំបានចុះហត្ថលេខាលើករណី ឧត្តមសេនីយ៌ ម៉ម ស្រ៊ីមវណ្ណា កាលពីព្រឹកមិញនេះចាប់ពីពេលនេះតទៅ”

លោកនាយករដ្ឋមន្រ្តីលើកហេតុផលនៃការផ្លាស់ប្តូរការសម្រេចរបស់លោកលើកទី៣នេះថាមកពីគូជម្លោះទាំងពីរបានចាប់ដៃគ្នា ហើយទទួលស្គាល់កំហុសរៀងៗខ្លួនព្រមទាំងបានប្តេជ្ញាចិត្តថាកសាងខ្លួនឲ្យក្លាយទៅជាមន្ត្រីល្អដើម្បីបម្រើប្រទេសជាតិ។

មុននេះមួយថ្ងៃប្រមុខរដ្ឋាភិបាលបានថ្លែងថាករណីលោក កឹម សុខា លោកបានត្រជាក់ចិត្តវិញហើយ ប៉ុន្តែលោកថាមេដឹកនាំគណបក្សប្រឆាំងរូបនោះបានធ្វើឲ្យលោកក្តៅចិត្តវិញនៅពេលលោក កឹម សុខា មានប្រសាសន៍តាមសារព័ត៌មានថា លោកនាយករដ្ឋមន្រ្តីកំពុងភ័យពីការចាញ់ឆ្នោត។ បន្ទាប់ពីលោក កឹម សុខា លើកឡើងដូចនេះ លោក ហ៊ុន សែន បានព្រមានថា លោក កឹម សុខា នឹងត្រូវជាប់ឃុំគ្មានថ្ងៃចេញវិញនោះទេ។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី យល់ថាការបង្ហាញនេះថាមេដឹកនាំរដ្ឋាភិបាលធ្វើសេចក្តីសម្រេចចិត្តទៅតាមអារម្មណ៍ច្រើនជាងតាមច្បាប់។

លោកមានប្រសាសន៍ថា៖ “គឺការដោះស្រាយបញ្ហានយោបាយទៅតាមអារម្មណ៍នេះគឺយើងឃើញមានច្រើន ហើយកាន់តែច្រើនឡើងៗ។ ស្ថានភាពនេះក្នុងនាមយើងពលរដ្ឋគឺយើងគ្រាន់តែមានការព្រួយបារម្ភថាកាលណាយើងឲ្យអ្នកដឹកនាំគ្រប់ស្រទាន់ជាន់ថ្នាក់ដោះស្រាយរឿងរ៉ាវសង្គមដោយប្រើអារម្មណ៍ផ្ទាល់ខ្លួន នេះជាបញ្ហាមួយដែលនាំអោយមានគ្រោះថ្នាក់ ហើយវានឹងអាចបង្កើតឲ្យមាន គេហៅថាអំពើអយុត្តិធម៌ផ្សេងៗទៀត ដោយយើងអត់បានព្រៀងទុក ដោយសារតែពេលណាអារម្មណ៍ល្អទៅដោះស្រាយល្អ ពេលណាអារម្មណ៍ខឹងទៅ ដោះស្រាយមិនល្អទៅ

លោកលើកឧទាហរណ៍ថា៖ ប៉ុន្មានថ្ងៃមុនដែលយើងមានលឺសូរពាក្យអសុរោះអី ចេញមកពីប្រមុខរដ្ឋាភិបាល ហើយពេលនោះយើងឃើញថាអ្នកនាំពាក្យរដ្ឋាភិបាលបានថាអាហ្នឹងវាមកពីមានអ្នកធ្វើអោយខឹង តែតាមពិតអ្នកដឹកនាំត្រូវមានភាពអត់”។

អ្នកវិភាគបានកត់សំគាល់ថា ការចាប់ឃុំសកម្មជនគណបក្សប្រឆាំងគឺច្រើនតែធ្វើឡើងចំពេលលោក សម រង្ស៊ី និងលោក ហ៊ុន សែន វាយប្រហារពាក្យសំដីដាក់គ្នាទៅវិញទៅមក។ ប៉ុន្តែអ្នកទាំងនោះតែងត្រូវបានដោះលែងវិញនៅពេលមេដឹកនាំគណបក្សកាន់អំណាចនិងមេដឹកនាំគណបក្សប្រឆាំងចាប់ដៃគ្នាថតរូបសែលហ្វីឬពិសាអាហារជុំគ្នាឬក៏បានការចរចាដោះដូរអ្វីមួយ។

គេនៅចាំបានថានៅពេលគណបក្សសង្រ្គោះជាតិមិនព្រមចូលសភាក្រោយបោះឆ្នោតឆ្នាំ២០១៣ តំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សនេះចំនួន៧រូបត្រូវបានចាប់ឃុំខ្លួន ប៉ុន្តែនៅពេលលោក សម រង្ស៊ី ប្រកាសថាព្រមចូលសភាហើយ តុលាការបានដោះលែងអ្នកទាំងនោះវិញ។

មួយវិញទៀតករណីចាប់ខ្លួនលោក មាជ សុវណ្ណរ៉ា និងសកម្មជនជាង១០រូបទៀតកើតឡើងស្របគណបក្សសង្រ្គោះជាតិប្រកាន់ជំហរតឹងលើការកែប្រែច្បាប់បោះឆ្នោត។ ប៉ុន្តែសកម្មជនទាំងនោះត្រូវបានដោះលែងវិញភ្លាមៗក្រោយពេលលោក ហ៊ុន សែន និងលោក សម រង្ស៊ី ទៅលេងអង្គរវត្តរួមពេលចូលឆ្នាំថ្មី។ ទោះជាយ៉ាងណានៅពេលនេះសកម្មជនគណបក្សប្រឆាំងនិងមន្រ្តីសិទ្ធិមនុស្ស រួមទាំងមន្រ្តី គ.ជ.ប ម្នាក់ ត្រូវបានចាប់ឃុំខ្លួន ស្របពេលគណបក្សសង្រ្គោះជាតិមិនព្រមដាក់បេក្ខភាពអនុប្រធានរដ្ឋសភាចូលជំនួសតំណែង លោក កឹម សុខា ដែលត្រូវបានសមាជិកសភាគណបក្សប្រជាជនកម្ពុជាដកចេញ។

VOD Hot News App

លោកបណ្ឌិត មាស នី វិភាគថា បើមេដឹកនាំធ្វើសេចក្តីសម្រេចចិត្តផ្អែកលើអារម្មណ៍ច្រើនជាងផ្អែកលើច្បាប់ឬគោលការណ៍នោះលោកថានឹងធ្វើឲ្យប្រព័ន្ធការងារថ្នាក់ក្រោមត្រូវជាប់គាំង។ លោកមានប្រសាសន៍ថា៖ “ការដោះស្រាយបញ្ហាដោយប្រើអារម្មណ៍សម្រាប់កិច្ចការការសម្រេចចិត្តនេះ វានឹងធ្វើឲ្យប្រព័ន្ធដែលនៅខាងក្រោម…វាអត់ដើរហេតុអីបានវាលែងដើរ  ព្រោះអីប្រព័ន្ធហ្នឹងគឺអត់ហ៊ានសម្រេចអី ធ្វើកិច្ចការអី ចាត់វិធានការណ៍អីទេ ដោយខ្លាចក្រែងអារម្មណ៍អ្នកខាងលើមិនពេញចិត្តទៅ វាគ្រោះថ្នាក់អ្នកសម្រេចចិត្តហ្នឹងទៀត។ នេះជារឿងដែលយើងធ្លាប់ឃើញកន្លងមកក្នុងសង្គមខ្មែរ”។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីពាក់កណ្តាលខែមិថុនា ឆ្នាំ២០១៦ លោកបានប្រកាសឲ្យនិស្សិតថ្នាក់វេជ្ជបណ្ឌិតចំនួន៩៩នាក់បានចូលរៀនថ្នាក់ជំនាញគ្រូពេទ្យឯកទេសនៅសាកលវិទ្យាល័យសុខាភិបាល បើទោះជាពួកគេត្រូវបានក្រសួងជំនាញឲ្យធ្លាក់ក្នុងការធ្វើតេស្ដផ្ទាល់មាត់ក៏ដោយ។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា វិភាគថា បើអ្នកនយោបាយកំពូលធ្វើសេចក្តីសម្រេចចិត្តតាមអារម្មណ៍ លោកថានាំឲ្យមនុស្សមួយក្រុមរងគ្រោះ ប៉ុន្តែអ្នកដែលមានខ្នងបង្អែករឹងមាំទទួលបានផលប្រយោជន៍។

លោកយល់ថា៖ ខ្ញុំមើលទៅ ពេលដែលមានការសម្រេចចិត្តបែបនេះប្រជាពលរដ្ឋដែលស្លូតត្រង់មានការលំបាកអាចជួបបញ្ហាហានិភ័យជាទូទៅ ហើយអ្នកដែលមានខ្សែស្រលាយសម្រាប់អ្នកដែលមានខ្នងបង្អែកអី គេទទួលបានផលប្រយោជន៍ពីការអនុវត្តច្បាប់នោះ។ ទាំងអស់នេះវាមិនឆ្លុះបញ្ចាំងពីនីតិរដ្ឋទេ ក៏ប៉ុន្តែវាឆ្លុះបញ្ចាំងពីការដឹកនាំដោយប្រើតាមបុគ្គលឬតាមអារម្មណ៍ទៅវិញ

ក្រុមអ្នកវិភាគបានលើកឡើងថាការសម្រេចមួយដែលអាចទទួលបានទាំងអស់គ្នាគឺត្រូវធ្វើឡើងតាមមតិភាគច្រើនដោយផ្អែកលើគោលការណ៍ឬច្បាប់ដែលអនុម័តឡើងដើម្បីការពារផលប្រយោជន៍រួម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ