ការប្រកួតប៉ះគ្នារវាងកីឡាករកម្ពុជា ឯម សុធី មកពីក្លិបឫទ្ធិពោធិសែនជ័យ និងកីឡាករថៃឈ្មោះ Kiev Ba កាលពីថ្ងៃអាទិត្យទី១០ កក្កដា នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីកីឡាករថៃបានក្លាយជាអ្នកសន្លប់គួរអោយភ្ញាក់ផ្អើល។ នេះជាការប៉ះគ្នាលើកទី២ ក្នុងពេលដែលការប៉ះគ្នាលើកទី១កីឡាករឯម សុធី គឺជាអ្នកចាញ់ពិន្ទុ។
ការប្រកួតសងសឹកដែលមានអ្នកស្នេហាប្រដាល់តាមដានយ៉ាងណែនតាន់តាប់នៅក្នុងសង្វៀននេះ ធ្វើអោយគូប្រកួតទាំងពីរកន្ទ្រាក់បាននូវការចាប់អារម្មណ៍តាំងពីដើមទីតែម្ដង នៅពេលម្នាក់សម្រុកដោយមិនសំចៃដៃ។ គ្រាន់តែលោកអាជ្ញាកណ្ដាលបញ្ជាអោយធ្វើការប្រកួត កីឡាករឯម សុធី ដែលកាលពីមុនបានបង្ហាញនូវភាពញញើតញញើមក្នុងការវាយសម្រុកបានស្ទុះវាយកែងនិងម៉ាត់ទៅលើកីឡាករថៃ ធ្វើអោយឆាកប្រយុទ្ធឡើងកម្តៅ។ ម្នាក់ៗមិនបានសម្ដែងនូវអារម្មណ៍ខ្លាចគ្នាដូចកាលប៉ះគ្នាកាលពីលើកទី១នោះទេ។ ផ្ទុយទៅវិញកីឡាករកម្ពុជាបានបើកឆាកប្រយុទ្ធធ្វើអោយកីឡាករថៃបែករយះចំខាងលើថ្ងាស់ដូចគេយកឡាមមកអា បណ្ដាលអោយបែកឈាមតែម្ដង។
ត្រឹមតែពាក់កណ្ដាលទឹកទី១ប៉ុណ្ណោះ កីឡាករថៃដែលអ្នកណាក៏ស្គាល់ថាធ្លាប់ស៊ីកីឡាករល្អ
ៗរបស់កម្ពជានាពេលកន្លងមក បានក្លាយជាអ្នករបួសនិងមានឈាមហូរស្រោចមុខ។ កីឡាករថៃក៏ត្រូវលោកអាជ្ញាកណ្ដាលរាប់ដល់៨នៅក្នុងពេលនោះផងដែរ។ Kiev Ba មិនបានចុះញ៉មចំពោះការប្រឈមនេះទេ ផ្ទុយទៅវិញគេកាន់តែប្រឹងសម្រុកតប–ត ក្រោយពីរាប់ដល់៨។ គូនេះវ៉ៃគ្នាទៅវិញទៅមក ដោយសូម្បីតែស្នូរជួង និងលោកអាជ្ញាកណ្ដាលបញ្ជាក់អោយឈប់ ក៏នៅតែបន្តវាយគ្នាដោយមិនខ្វល់ពីការរិះគន់។ លោកអាជ្ញាកណ្ដាលបានការព្រមានពួកគេក្នុងពេលដែលពិធីករអត្ថាធិប្បាយក៏បានចំអកថាអោយប្រឹងវាយគ្នាលែងស្ដាប់ជួងយ៉ាងនេះគឺពិតជាចុះមកដល់ក្រោយរេញវាយគ្នាបន្តទៀត។ អ្នកទស្សនាទះដៃផងនិងស្រែកកញ្ជ្រោលផង បន្ទាប់ពីឃើញកីឡាករទាំងពីរវាយគ្នាលែងខ្វល់ឈឺសាច់និងកាន់តែស្រែកខ្លាំងៗថែមទៀត នៅពេលពួកគេវាយគ្នាក្រោយស្នូរជួងចប់ទឹកទី១បន្លឺឡើង។
ចូលដល់ទឹកទី២ កីឡាករ Kiev Ba ដែលមានកំហឹងព្រោះតែមានស្នាមរយះ បានបើកឆាកប្រយុទ្ធយ៉ាងកំរោលទៅលើកីឡាករកម្ពុជា។ ប៉ុន្តែនៅពាក់កណ្ដាលទឹកកីឡាករឯម សុធី ក៏បើកឆាកប្រយុទ្ធតប–តមកវិញ ដោយប្រថុយវាយកែងហើយបណ្ដាលអោយស្នាមបែកលើក្បាលរបស់កីឡាករថៃកាន់តែហូរឈាមខ្លាំង។ ២–៣កែងចុងក្រោយរបស់កីឡាករកម្ពុជា ធ្វើអោយកីឡាករថៃដួលខ្ពោកក្រោកប្រកួតលែងរួចតែម្ដងនៅចុងទឹកទី២។ លោកអាជ្ញាកណ្ដាលបានបញ្ឈប់ការប្រកួតនៅ មុនចប់ទឹក ដោយសារតែកីឡាករថៃដួលខ្ពករាប់ដល់១០ និងសភាពឈាមដែហូរក៏មានកម្រិតខ្លាំងចំពោះកីឡាករថៃ។ ជើងខ្លាំង Kiev Ba ដែលត្រូគេស្គាល់ថាខ្លាំងក្រោយពីឈ្នះកីឡាករកម្ពុជារាប់មិនអស់ត្រូវគេឃើញគ្រាហ៍ចុះដោយមិនអស់ចិត្តនោះទេ ទើបគេឃើញគណកម្មការប្រកាសអោយពួកគេប៉ះគ្នាម្ដងទៀត ដើម្បីសងសឹក។
លោកញាណ សុធី អ្នករៀបចំការប្រកួតប្រចាំទូរទស្សន៍អាស៊ីអាគ្នេយ៍ បានអះអាងថា រវាងកីឡាករ ឯម សុធី និង Kiev Ba ពួកគេប៉ះគ្នា២លើកហើយ ដោយលើកទី១កីឡាករថៃបានយកឈ្នះដោយពិន្ទុនិងលើកទី២ដែលបានប៉ះគ្នានោះ គឺកីឡាករកម្ពុជាមិនត្រឹមតែឈ្នះពិន្ទុក្នុងន័យសងសឹកប៉ុណ្ណោះទេគឺថែមទាំងបានយកឈ្នះដោយវាយថៃអោយសន្លប់ក្នុងទឹកទី២គួរអោយសរសើរ៕