មានការភ្ញាក់ផ្អើលមិនតិចទេ បន្ទាប់កីឡាករជើងខ្លាំង សេក គឹមរួន ដែលគេស្គាល់ជាកីឡាករល្អម្នាក់ត្រូវបានកីឡាករថៃឈ្មោះ Kolap Dam វាយឲ្យចាញ់នៅលើសង្វៀន។ នេះជាការប៉ះគ្នាលើកទី១របស់ពួកគេ ហើយការប្រកួតរបស់គូនេះក៏បន្សល់នូវស្នាមបែករយះធំៗរៀងខ្លួន។
ការប្រកួតដែលបានធ្វើឡើងនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍នេះត្រូវគេកត់សម្កាល់មានការផ្ដោតការចាប់អារម្មណ៍ចំពោះគូនេះជាងគេ ដោយសារតែកីឡាករម្ខាងៗសុទ្ធតែមានសភាពបែកឈាម។
តាំងពីទឹកទី២ កីឡាករទាំងពីរត្រូវបែករយះរៀងខ្លួនតែម្ដង ដោយកីឡាករកម្ពុជា សេក គឹមរួន បែករយះត្រង់ម្ដុំសៀតផ្កាខាងស្ដាំ ហើយកីឡាករថៃបែករយះត្រង់តំបន់នោះដូចគ្នា ហើយស្នាមបែកមានសភាពដូចគ្នា។ សភាពហូរឈាមត្រូវគេឃើញបាញ់ចេញដូចគេបាចទឹក ជាពិសេសគឺកីឡាករកម្ពុជា ដោយគេមិននឹកស្មានកីឡាករូបនេះនឹងឈានដល់អាចបញ្ចប់ទឹកទី៥។
កីឡាករថៃមិនសូវមានឈាមហូរខ្លាំងដូចកីឡាករកម្ពុជាទេ បើទោះជាស្នាមរយះរបស់គេមានសភាពធំ។ នោះគឺបណ្ដាលមកពីកីឡាករ សេក គឹមរួន បែករយះត្រូវចំសៀតផ្កា។ យ៉ាងណាមិញ ឈាមដែលបានហូរចេញក៏មិនចំបរិវេណភ្នែកនោះដែរ ទើបអាចអោយគេបន្តការប្រកួតបណ្ដើរជូតឈាមបណ្ដើរបានដល់ចប់ទឹកទី៥។
កីឡាករកម្ពុជាមិនសូវមានឱកាសវាយត្រូវកីឡាករថៃប៉ុន្មានទេ បន្ទាប់ពីសភាពបែករយះរបស់គេមានឈាមហូរដាប។ ប៉ុន្តែក្នុងទឹកទី៤គេក៏ព្យាយាមវាយត្រូវកន្លែងស្នាមបែករបស់កីឡាករ Kolap Dam ដែលបានធ្វើឲ្យកីឡាករថៃហូរឈាមរំខានដល់ការប្រកួត។ ក្នុងទឹកទី៥ គូនេះត្រូវគេឃើញវាយគ្នាទៅវិញទៅមកក្រោមដំណក់ឈាមហូរដាបមុខរៀងខ្លួន ដោយកីឡាករថៃហាក់ដាក់សម្ពាធមកលើកីឡាករ សេក គឹមរួន បានច្រើននៅប៉ុន្មានវិនាទីមុនចប់ទឹក ដោយសារតែឃើញកីឡាករកម្ពុជាមានឈាមហូរខ្លាំង។
សេក គឹមរួន ត្រូវគណៈកម្មការប្រកាសឲ្យចាញ់ បើទោះជាការប្រកួត៥ទឹក គេបានប្រឹងអស់ពីលទ្ធភាព។
ការប្រកួតរបស់គូនេះទទូលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយយោងតាមការប្រកាសរបស់គណៈកម្មការប្រដាល់គឺនឹងឲ្យពួកគេប៉ះគ្នាជាថ្មីម្ដងទៀតក្នុងពេលដ៏ខ្លី ដើម្បីសងសឹក។
លោក ញាណ សុញាណ អ្នករៀបចំការប្រកួតប្រដាល់ប្រចាំទូរទស្សន៍អាស៊ីអាគ្នេយ៍បានអះអាងថាលោកនឹងរៀបចំអោយកីឡាករ សេក គឹមរួន និងកីឡាករថៃ Kolap Dam ប៉ះគ្នាជាលើកទី២ បន្ទាប់ពីកីឡាករគូនេះបើកឆាកប្រយុទ្ធគ្នាស្វិតស្វាញបានល្អ។ យ៉ាងណាក៏ដោយលោកថាកីឡាករទាំងពីរមិនទាន់ច្បាស់ថានឹងត្រូវប៉ះគ្នាពេលណាអោយប្រាកដនោះទេ ដោយសារតែកីឡាករទាំងពីរមានរបួសរៀងខ្លួនសម្រាប់ការប្រកួតលើកនេះ។
លោកថាដោយសារតែកីឡាករថៃនិងកម្ពុជាសុទ្ធតែបែករយះមិនខុសគ្នា ដូច្នេះបើទោះជាចង់អោយប៉ះគ្នាក៏ត្រូវរង់ចាំអោយផុតយ៉ាងហោច៣សប្ដាហ៍នោះដែរ ដើម្បីអោយបាត់ឈឺមុខរបួស។ សម្រាប់ការប្រកួតអន្តរជាតិមួយគូទៀត កីឡាករ ម៉ន រដ្ឋា បានត្រឹមតែស្មើប៉ុណ្ណោះជាមួយកីឡាករថៃឈ្មោះ Kiev Ba ក្រោយបញ្ចប់ការប្រកួត៥ទឹក៕