វិភាគ៖ តើ​កត្តា​អ្វី​ខ្លះ​ដែល​ជំរុញ​ឲ្យ​ការ​នាំ​ចេញ​អង្ករ​ធ្លាក់​ចុះ​រយៈ​ពេល​៨​ខែ​ឆ្នាំ​នេះ?

អង្ករ សែនពិដោរ

របាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងថា ការនាំចេញអង្ករកម្ពុជាទៅបរទេសបានធ្លាក់ចុះជាង៦ភាគរយនៅក្នុងរយៈពេល៨ខែក្នុងឆ្នាំ២០១៦នេះ ធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៥កន្លងមក។

តួលេខនៃការនាំចេញអង្ករកម្ពុជាចេញផ្សាយដោយសហព័ន្ធស្រូវអង្ករកម្ពុជា ដែល VOD ទទួលបាននាពេលថ្មីៗនេះ បានឲ្យដឹងបន្ថែមថាចំនួននៃការនាំចេញអង្ករកម្ពុជា បានធ្លាក់ចុះពីចំនួនជាង៣៤ម៉ឺនតោននៅចន្លោះខែមករាដល់ខែសីហាឆ្នាំ២០១៥ មកនៅជាង៣២ម៉ឺនតោននៅក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៦នេះឬស្មើនឹងជាង ៦ភាគរយ។

របាយការណ៍ដដែលនេះបានបញ្ជាក់ថា ការនាំចេញអង្កររបស់កម្ពុជាបានកើនឡើងរហូតនៅក្នុងរយៈពេល៦ឆ្នាំចុងក្រោយនេះ ប៉ុន្តែប្រទេសនេះមិនអាចសម្រេចតាមគោលដៅនាំអង្ករចេញ១លានតោននៅក្នុងឆ្នាំ២០១៥នោះឡើយ ខណៈដែលការនាំចេញនៅឆ្នាំ២០១៥បានត្រឹមចំនួនជាង៥៣ម៉ឺនតោនប៉ុណ្ណោះ។

ស្រូវប្រាំងដែលក្រៀមស្វិតដោយសារគ្មានទឹករបស់ពលរដ្ឋសៀមរាប(រូបថត៖ បូ សាវី)
ស្រូវប្រាំងដែលក្រៀមស្វិតដោយសារគ្មានទឹករបស់ពលរដ្ឋសៀមរាប (រូបថត៖ បូ សាវី)

សហព័ន្ធស្រូវអង្ករកម្ពុជាមិនបានបញ្ជាក់ពីមូលហេតុនៃការធ្លាក់ចុះការនាំចេញអង្ករនេះទេ ប៉ុន្តែរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជាចេញផ្សាយដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនាពេលថ្មីៗនេះបានឲ្យដឹងថា គ្រោះរាំងស្ងួតអូសបន្លាយយូរកាលពីចុងឆ្នាំ២០១៥កន្លងមក ត្រូវបានគេបន្ទោសថាជាមូលហេតុចម្បងដែលបានធ្វើឲ្យប៉ះពាល់ដល់ផលិតកម្មកសិកម្មនៅតាមបណ្ដាខេត្តជាច្រើននៅក្នុងប្រទេសកម្ពុជា។

ប៉ុន្តែវាបានបន្សល់ទុកនូវចំណោទមួយថា ក្រៅពីបញ្ហាគ្រោះរាំងស្ងួតដែលកើតចេញពីបាតុភូត El Nino តើកត្តាអ្វីទៀតដែលជំរុញដល់ការធ្លាក់ចុះការនាំចេញអង្កររបស់ប្រទេសកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ?

ក្រុមអ្នកនៅក្នុងឧស្សាហកម្មស្រូវអង្ករកម្ពុជារាប់ចាប់ពីកសិកររហូតដល់ក្រុមហ៊ុននាំអង្ករចេញបានលើកឡើងថា បម្រែបម្រួលអាកាសអូសបន្លាយយូរកាលពីឆ្នាំមុន ពុំមែនជាមូលហេតុតែមួយគត់នោះឡើយ ប៉ុន្តែវាពាក់ព័ន្ធទៅដល់បញ្ហាលំបាកក្នុងផលិតកម្មដំណាំស្រូវ រហូតដល់ការប្រកួតប្រជែងយ៉ាងខ្លាំងនៅលើទីផ្សារអន្តរជាតិពីសំណាក់ប្រទេសនាំចេញអង្ករធំៗនៅលើពិភពលោក។

អនុប្រធានសហព័ន្ធស្រូងអង្ករកម្ពុជា លោក ហ៊ុន ឡាក់ បានឲ្យដឹងថា តម្លៃអង្ករមានការប្រកួតប្រជែងខ្ពស់របស់ប្រទេសជិតខាងកម្ពុជា មានថៃនិងវៀតណាម គឺជាមូលហេតុចម្បងមួយដែលជំរុញឲ្យការនាំចេញអង្កររបស់កម្ពុជាពិបាកដណ្ដើមទីផ្សារអន្តរជាតិ ខណៈដែលទិន្នផលស្រូវរបស់ប្រទេសទាំងពីរនោះមានកម្រិតខ្ពស់ជាងប្រទេសកម្ពុជា។

លោក ហ៊ុន ឡាក់ ថ្លែងថា៖ “តម្លៃអង្ករនៅប្រទេសជិតខាងមានថៃនិងវៀតណាម គាត់លក់ទាប។ អីចឹងអ្នកបញ្ជាទិញ មិនអាចយកពីប្រទេសកម្ពុជា មានតម្លៃខ្ពស់ជាងប្រទេសថៃនិងវៀតណាមបានទេ។ អីចឹងត្រូវតែមានតម្លៃប្រហាក់ប្រហែលឬខ្ពស់ជាងបន្តិច ចំពោះប្រទេសមាន EBA ដូចទៅប្រទេសនៅសហគមន៍អឺរ៉ុប។ ចំណែកប្រទេសនៅអាស៊ានយើងហ្នឹង ដែលមិនពាក់ព័ន្ធនឹង EBA ទេ បើតម្លៃយើងខ្ពស់ជាងថៃនិងវៀតណាម គេពិបាកនឹងទិញណាស់។ អីចឹងយើងមិនអាចបញ្ចេញអង្ករទៅទីផ្សារដែលយើងធ្លាប់ធ្វើកន្លងមកទេ។ អីចឹងហើយបានជាមិនមានកំណើ់នកើននៃការនាំចេញ”។

លោក ហ៊ុន ឡាក់ ដែលជាប្រធានក្រុមហ៊ុននាំអង្ករចេញ Mekong Oryza Trading ផងដែរនោះ បានបន្ថែមថា ក្រៅពីការប្រកួតប្រជែងដ៏ក្លៀវក្លានៅលើទីផ្សារអន្តរជាតិ ការនាំចេញអង្ករកម្ពុជាបានប្រឈមនឹងការដាច់ស្តុក ដែលបណ្ដាលមកពីកង្វះដើមទុនសម្រាប់ប្រមូលទិញស្រូវពីប្រជាកសិករនៅទូទាំងប្រទេស។

លោកថ្លែងបន្តថា៖ “ចំណុចទី២ គឺស្តុករបស់យើងក៏មិនសម្បូរដែរ ដោយវាពាក់ព័ន្ធទៅនឹងទុនយើងមានកម្រិត។ អីចឹងវាធ្វើឲ្យការនាំចេញមានកម្រិតដែរ”។

លោកឲ្យដឹងថា កង្វះខាតដើមទុនបានជំរុញឲ្យមានលំហូរស្រូវទៅកាន់ប្រទេសជិតខាងទាំងពីរ ហើយអ្នកពាក់ព័ន្ធក្នុងឧស្សាហកម្មស្រូវអង្ករកម្ពុជាបានស្នើសុំការជួយជ្រោមជ្រែងពីរដ្ឋាភិបាលខាងផ្នែកហិរញ្ញវត្ថុនិងការទប់ស្កាត់ការនាំចេញស្រូវទៅកាន់ប្រទេសវៀតណាមនិងថៃ។

លោកថ្លែងថា៖ “មានការឆ្លើយតបជាវិជ្ជមានខ្លះៗដែរ ប៉ុន្តែវាមិនបានដូចអ្វីដែលយើងចង់បាន។ យើងត្រូវការធ្វើជាជំហ៊ានៗ។ មួយទៀត យើងក៏បានស្នើទុន២០ទៅ៣០លានដុល្លារ សម្រាប់រដូវកាលខែ១០និង១១ខាងមុខហ្នឹង ធ្វើម៉េចឲ្យអ្នកផលិតស្រូវ រោងម៉ាស៊ីនកិនស្រូវ បានទុនបញ្ចូលជាមួយដើមទុនរបស់គាត់ ដើម្បីប្រមូលទិញស្រូវចូលស្តុក ទុកសម្រាប់ការងារផលិតនាំចេញនៅដើមឆ្នាំក្រោយ”។

ទោះជាយ៉ាងណា ការធ្លាក់ចុះការនាំចេញអង្កររបស់កម្ពុជាមានជាប់ពាក់ព័ន្ធនឹងទំហំទិន្នផលកសិកម្មដ៏ទាប បើធៀបទៅនឹងប្រទេសជិតខាង ខណៈដែលគ្រោះរាំងស្ងួតបណ្ដាលមកពីបាតុភូត El Nino បានវាយប្រហារទៅលើតំបន់អាស៊ីអាគ្នេយ៍ទាំងមូល ហើយលោកបន្ទោសបញ្ហានេះទៅលើកង្វះខាតបច្ចេកទេសនិងកង្វះខាតទឹកគ្រប់គ្រាន់សម្រាប់ស្រោចស្រព។

លោក ហ៊ុន ឡាក់ ថ្លែងថា៖ «ក៏ប៉ុន្តែមានការខុសគ្នាត្រង់ថា ទិន្នផលយើងនៅតិចជាងគេ។ នៅវៀតណាម មួយហិចតា គេធ្វើបានយ៉ាងតិច៥តោនឡើងទៅ ក្នុងពេលដែលយើងធ្វើបានជាមធ្យមពី២.៩តោនទៅ៣.២តោន ក្នុងមួយហិចតា។ គេប្រើជីច្រើន គេបុកយកតែទិន្នផលខ្ពស់ទេ អីចឹងកសិករគេលក់តម្លៃប្រហែលនឹងកម្ពុជាយើង គេនឹងចំណេញ តែកសិករយើងលក់ពិបាកចំណេញ ដោយសារទិន្នផលយើងមិនទាន់ឆ្លើយតបនឹងអ្វីដែលវិវត្តជាក់ស្ដែងតាមបច្ចេកវិទ្យាកសិកម្មចុងក្រោយ»។

ខណៈដែលលោក ហ៊ុន ឡាក់ បានគូសបញ្ជាក់ពីផលវិបាកកើតចេញពីការប្រកួតប្រជែងពីសំណាក់ប្រទេសជិតខាងនោះ ប្រធានសហព័ន្ធអង្គការកសិករកម្ពុជាដើម្បីអភិវឌ្ឍន៍ លោក សំអាត វាសនា បានបង្ហាញពីបញ្ហាប្រឈម៦ចំណុចសំខាន់ៗរបស់ប្រជាកសិករកម្ពុជានាពេលសព្វថ្ងៃ ក្នុងនោះកង្វះខាតប្រភពទឹកនិងប្រព័ន្ធស្រោចស្រព។

លោក សំអាត វាសនា មានប្រសាសន៍ថា៖ “បញ្ហាប្រឈមរបស់កសិករយើងជាទូទៅ សព្វថ្ងៃពួកគាត់ប្រឈមបញ្ហា៦ចំណុចធំៗ។ ទី១ គាត់ខ្វះប្រភពទឹកនិងប្រព័ន្ធស្រោចស្រព។ ទី២ គាត់ខ្វះទុនដើម្បីគាំទ្រសកម្មភាពផលិតកម្មរបស់គាត់ ហើយប្រសិនបើគាត់ខ្ចីលុយពីធនាគារ ពីម៉ាយក្រូហិរញ្ញវត្ថុ ដោយសារអត្រាការប្រាក់ខ្ពស់ពេក។ ទី៣ បច្ចេកទេសក្នុងការផលិត ក៏ជាបញ្ហាប្រឈមផងដែរ ពីព្រោះសព្វថ្ងៃនៅខាងក្រសួងកសិកម្មបានផ្សព្វផ្សាយហើយ ប៉ុន្តែនៅមានកម្រិតនៅឡើយទេ មិនបានផ្សព្វផ្សាយឲ្យទូលំទូលាយដល់មូលដ្ឋានដែលកសិកររស់នៅឲ្យបានគ្រប់ទិសទីនៅឡើយទេ។ ទី៤ វាពាក់ព័ន្ធទៅនឹងពូជស្រូវដែលមានន័យថា ពូជឲ្យសុទ្ធហើយមានគុណភាពខ្ពស់ មិនទាន់មានការផ្សព្វផ្សាយឲ្យបានទូលំទូលាយនៅឡើយទៅដល់កសិករ។ ទី៥ វាពាក់ព័ន្ធទៅនឹងធាតុចូលកសិកម្មមានតម្លៃខ្ពស់និងមានគុណភាពមិនទៀងទាត់។ ទី៦ គឺទីផ្សារដែលកសិករធ្វើបានហ្នឹង មិនទៀងទាត់ ហើយផលិតផលលក់នៅលើទីផ្សារមិនសមាមាត្រទៅនឹងថ្លៃដើមផលិត”។

យោងតាមតួលេខរបស់ក្រសួងកសិកម្មកម្ពុជាបានឲ្យដឹងថា ផ្ទៃដីដាំដុះដំណាំស្រូវមានទំហំជាង៣លានហិចតា នៅចន្លោះឆ្នាំ២០១១ដល់ឆ្នាំ២០១៥កន្លងមក ប៉ុន្តែអ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយម លោក ចាន់ យុត្ថា បានបញ្ជាក់ថា ប្រព័ន្ធធារាសាស្ត្រកម្ពុជាមានត្រឹមប្រហែល៦៥ភាគរយនៃផ្ទៃដីដាំដុះសរុបនៅទូទាំងប្រទេស។

លោក ចាន់ យុត្ថា ថ្លែងថា៖ “ប្រព័ន្ធធារាសាស្ត្រកម្ពុជាអត់ទាន់បានគ្របដណ្ដប់ក្នុងក្របខ័ណ្ឌផ្ទៃដីបង្កបង្កើនផល ១០០ភាគរយទេ។ មកដល់ពេលនេះ យើងអាចវាយតម្លៃបានថា [យើងកសាងបានប្រព័ន្ធធារាសាស្ត្រ]បានក្នុងរង្វង់៦៥ភាគរយនៃផ្ទៃដីបង្កបង្កើនផលរបស់យើង ហើយយើងបាននឹងកំពុងបន្តអភិវឌ្ឍបន្តទៀត រហូតបានគ្របដណ្ដប់ក្នុងក្របខណ្ឌទូទាំងប្រទេស”។

បើតាមលោក ចាន់ យុត្ថា ប្រទេសកម្ពុជាត្រូវការថវិកាប្រហែល១ពាន់លានដុល្លារបន្ថែមទៀតសម្រាប់យកទៅកសាងប្រព័ន្ធធារាសាស្ត្រថ្មីនិងថែទាំហេដ្ឋារចនាសម្ព័ន្ធចាស់ ខណៈដែលក្រសួងរបស់លោកទទួលបានកញ្ចប់ថវិកាជាតិផ្ដល់ដោយរដ្ឋាភិបាលប្រហែល៤០លានដុល្លារប៉ុណ្ណោះនៅក្នុងឆ្នាំនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ