ជាង សំនៀង ​​ដាក់ជើង​ខ្លាំង​ថៃ​​ឲ្យ​សន្លប់​ទឹ​​ក៣

ជា សំនៀង ការប្រកួតអន្តរជាតិកាលពីថ្ងៃអាទិត្យទី១៨ ខែកញ្ញា ជាមួយ កីឡាករថៃ Kang Sayam

ការប្រកួតអន្តរជាតិកាលពីថ្ងៃអាទិត្យទី១៨ ខែកញ្ញា នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ កីឡាករ ជា សំនៀង ត្រូវគេឃើញលេងម៉ាអស់ដៃតែម្ដង ខណៈដែលកីឡាករថៃ Kang Sayam  គឺជាជើងខ្លាំងម្នាក់នៅតែត្រូវសន្លប់ក្នុងទឹកទី៣ដោយជៀសមិនផុត។ ការប្រកួតគូនេះក៏ធ្វើអោយជក់ចិត្តណាស់ដែរទម្រាំរកឃើញចាញ់ឈ្នះ។

មានការកត់សម្គាល់យ៉ាងខ្លាំងក្នុងពេលកីឡាករ ជា សំនៀង មកពីក្លិបកងពលតូចឆ័ត្រយោង៩១១ ប្រកួតជាមួយកីឡាករថៃ Kang Sayam  ក្នុងនាមជាគូអន្តរជាតិកាលពីថ្ងៃអាទិត្យនោះ។

ក្នុងទឹកទី១ កីឡាករទាំងពីរមានភាពប្រដេញគ្នាទាំងកណ្ដាប់ដៃ កែង និងទាត់ធ្វេងស្ដាំ។ ប៉ុន្តែឈានដល់ដើមទឹកទី២ កីឡាករថៃចាប់ផ្ដើមមានកម្រិតល្អជាង ជាពិសេសគេឃើញកីឡាករថៃធាក់បានល្អធ្វើអោយកីឡាករកម្ពុជាដួលផ្ញារជើងម្ដងជាពីរដងនោះផង។

ប៉ុន្តែឈានដល់ចុងទឹក កីឡាករថៃចាប់ផ្ដើមចាញ់ប្រៀបវិញម្ដង ដោយសារតែជើងខ្លាំងកម្ពុជាទំនងជាដឹងនូវចំណុចខ្សោយរបស់គូប្រកួត ខុសពីការរប្រកួតដើមទី។ នៅចុងក្នុងទឹកនេះ កីឡាករថៃត្រូវគេឃើញទ័លទីម្ដងៗ ប៉ុន្តែមិនទាន់អីទេ ដោយសារតែគ្រាន់តែរងកណ្ដាប់ដៃបណ្ដាលអោយដួលអុកគូទក៏ដល់ទឹកទាន់។

នៅទឹកទី៣ កីឡាករថៃ ដែលអ្នកណាក៏មើលឃើញថាជាជើងខ្លាំង និងមានប្រវត្តិវ៉ៃស៊ីកីឡាករកម្ពុជារាប់មិនអស់នាពេលមុននោះបានបង្កើនសមត្ថភាពធ្វើអោយកីឡាករ ជា សំនៀង ក្លាយជាជនរងគ្រោះវិញម្ដង តែស្ថានភាពនេះមិនបានយូរអង្វែងនោះទេ ដោយសារតែកីឡាករកម្ពុជាបានបន្តឈ្នះប្រៀបដូចគ្នានឹងនៅចុងទឹកទី២ដូច្នេះដែរ។ អ៊ីចឹងហើយទើបកីឡាករថៃ គឺបើទោះជាខ្លាំង និងល្បីឈ្មោះយ៉ាងណាក៏នៅតែគេចមិនរួចពីកណ្ដាប់ពេញបន្ទុករបស់កីឡាករកម្ពុជា នឹងត្រូវបណ្ដាលអោយរាប់ដល់៨។

កីឡាករថៃនៅតែបន្តវាយលុកដើម្បីការពារមុខមាត់ បន្ទាប់ពីរាប់មួយលើពីសំណាក់លោកអាជ្ញាកណ្ដាល។ យ៉ាងណាមិញ ជ័យជម្នះដែលកីឡាករថៃ Kang Sayam ធ្លាប់បាន គឺមិនដូចមុនទៀតទេដោយសារតែការប្រកួតរបស់គេលើកនេះ គឺកីឡាករកកម្ពុជាជាអ្នកជោគជ័យ។ ថែមមួយកែងត្រូវចំកណ្ដាលសៀតផ្កា កីឡាករថៃក៏ត្រូវដួលជាលើកទី២ដូចគេរុញ ហើយក៏បញ្ចប់ការប្រកួតតែម្ដងក្នុងទឹកទី៣។

លោក ថៃ អ៊ូ អ្នកដឹកនាំកីឡាករថៃអោយមកប្រកួតនៅ លើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍បានបង្ហាញការសោកស្ដាយ បន្ទាប់ពីកីឡាករជើងខ្លាំងរបស់ខ្លួនទទួលបរាជ័យនៅលើសង្វៀន ហើយថែមទាំងចាញ់ដោយសន្លប់ទៅទៀតក្រោមដៃកីឡាករកម្ពុជា។

លោកថាកីឡាករ Kang Sayam គឺជាជើងខ្លាំងម្នាក់ ហើយលោកក៏មិននឹកស្មានថាកីឡាករ ជា សំនៀង នឹងឈ្នះកីឡាកររបស់ខ្លួនក្នុងទឹកទី៣នោះឡើយ។ យ៉ាងណាមិញ លោកមិនហ៊ាននិយាយថា កីឡាករកម្ពុជាបានឈ្នះការប្រកួតដោយសារតែជើងខ្លាំងរបស់ខ្លួនភ្លាត់ស្នៀតនោះទេ ដោយលោកសរសើរថា ជា សំនៀង នៅក្នុងពេលប្រកួតគឺមានបច្ចេកទេសល្អ ទើបឈ្នះផ្ដួលកីឡាកររបស់ខ្លួន។

លោកនិយាយថា៖ “ខ្ញុំនៅតែថាសំនៀងគាត់សំណាងដែលឈ្នះអាបស់ខ្ញុំ តែបើប៉ះគ្នាលើកក្រោយខ្ញុំជឿថាអាបស់ខ្ញុំ នឹងមិនចឹងទៀតទេ ព្រោះអ្នកមើលប្រដាល់ដឹងហើយថាវាវាយខ្លាំងប៉ុណ្ណា

លោកថានឹងស្នើឲ្យគូទាំងពីរប៉ះគ្នាជាថ្មីម្ដងទៀត ដើម្បីឲ្យអត់ប្រាកដថាកីឡាករកម្ពុជានឹងឈ្នះដដែល ឬនឹងមានលទ្ធផលមួយផ្សេងសម្រាប់ការប្រកួត។

លោក ញាណ សុធី អ្នករៀបចំការប្រដាល់ប្រចាំនៅទូរទស្សន៍អាស៊ីអាគ្នេយ៍ បានអះអាងថាលោកនឹងទទួលយកលក្ខខណ្ឌឲ្យគូទាំងពីរប៉ះគ្នាតាមការចង់បានរបស់លោក ថៃ អ៊ូ ប៉ុន្តែការរៀបចំឲ្យប៉ះគ្នាបានគឺលុះត្រាតែរង់ចាំអោយកីឡាករ ជា សំនៀង និងកីឡាករ Kang  Sayam មានពេលវេលាត្រូវគ្នា។

លោកថាការប្រកួតរវាងកីឡាករទាំងពីរកាលពីថ្ងៃទី១៨ កញ្ញា ទទួលភាពទាក់ទាញ ដូច្នេះគឺវាមិនពិបាកនោះទេក្នុងការរៀបឲ្យកីឡាករទាំងពីរប៉ះគ្នាសងសឹកដើម្បីស្វែងលទ្ធផលចាញ់ឈ្នះម្នាក់ទេ។

សម្រាប់ការប្រកួតអន្តរជាតិមួយគូទៀត កីឡាករ អាំង សំអាត មកពីក្លិបតាព្រហ្មមានជ័យ និងកីឡាករថៃឈ្មោះ To To ក្រោយការប្រកួតពេញ៥ទឹកបានត្រឹមតែស្មើគ្នាប៉ុណ្ណោះ ដោយសារតែអ្នកទាំងពីរសុទ្ធតែល្អដូចគ្នានៅក្នុងការប្រកួត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ