យោងតាមការប្រកាសរបស់លោកហ៊ុយ យ៉ាឡេង ផលិតកររឿង«វិកលចរឹត»បានអះអាងថា លោកបានដាក់បញ្ចាំងរឿងនេះជាថ្មីទៀតហើយ នៅថ្ងៃទី១១ កុម្ភៈតទៅ ដោយគ្រាន់តែការដាក់បញ្ចាំងលើកនេះគឺបញ្ចាំងតែនៅខេត្តបី និងបញ្ចាំងដាច់ៗថ្ងៃគ្នាមិនដូចមុន។ លោកថានេះជាយុទ្ធនាការបញ្ចាំងរឿងយកលុយទៅថៃ និងដើម្បីអោយអ្នកខេត្តដែលមិនទាន់បានទស្សនាបានទស្សនាមុនរឿង«វិកលចរឹត»ទៅបញ្ចាំងនៅថៃ។
លោកហ៊ុយ យ៉ាឡេង និយាយថាដោយសារតែមានការសំណូមពរ លោកក៏សម្រេច ដាក់បញ្ចាំងម្ដងទៀត តែមិនបញ្ចាំងនៅភ្នំពេញ និងសៀមរាបទេ ដោយសារខាងរោងក៏មិនមានសាលទំនេរ។ លោកថារឿងនេះត្រូវដាក់បញ្ចាំងនៅក្នុងប្រទេសថៃផ្លូវការនៅដើមខែមេសាខាងមុខ គឺមុនចូលឆ្នាំខ្មែរមកដល់ ដោយខាងរោងកុនរបស់ប្រទេសថៃបានចុះកិច្ចព្រមព្រៀងជាមួយគ្នារួចហើយដើម្បីយករឿងរបស់លោកទៅបញ្ចាំង ដោយបង្ហាញពីការពេញចិត្តចំពោះរឿងនោះផង។
មកទល់ពេលនេះខ្សែរឿង«វិកលចរឹត»ត្រូវបានបកប្រែបញ្ចូលសំឡេងជាភាសាថៃបានច្រើនភាគហើយ ដើម្បីយកទៅបញ្ចាំងអោយទាន់ពេលវេលានៅដើមខែមេសា។ អ៊ីចឹងហើយទើបលោកសម្រេចចិត្តដាក់បញ្ចាំងរឿងនេះជាថ្មីម្ដងទៀតនៅខេត្តចំនួន៣ ដើម្បីប្រមូលប្រាក់ទុកធ្វើដើមទន់ទៅធ្វើការឃោសនានៅក្នុងប្រទេសថៃផង និងដើម្បីអោយអ្នកមិនទាន់ទស្សនាបានទស្សនារឿងនេះនៅខេត្តទាំង៣នេះផង។
លោកថាចន្លោះពីថ្ងៃទី១១ ដល់១៤ កុម្ភៈ រឿង«វិកលចរឹត»ដាក់បញ្ចាំងនៅខេត្តបាត់ដំបង ថ្ងៃទី១៨ ដល់១៩ កុម្ភៈ បញ្ចាំងនៅខេត្តកំពង់ចាម និងពីថ្ងៃ២៤ ដល់ថ្ងៃ២៨ កុម្ភៈបញ្ចាំងនៅខេត្តបន្ទាយមានជ័យ។ ក្រោយការទម្លាក់ផ្លាកចេញពីរោងនៅភ្នំពេញ និងសៀមរាប លោកថាទទលបានត្រឹមតែប្រាក់ចំណេញក្នុងម្នាក់៣ពាន់ដុល្លារចែកគ្នា៣នាក់ជាមួយក្រុមអ្នកផលិតករប៉ុណ្ណោះ ទើបលោកត្រូវការថវិកាមួយចំនួនគ្រាន់ធ្វើដើមមុនក្នុងគម្រោងយករឿងទៅបញ្ចាំងនៅថៃដូចជាបកប្រែភាសាថៃ កែសាច់ភ្លេងមួយចំនួន និងចំណាយលើការឃោសនាក្នុងពេលដាក់បញ្ចាំងនៅក្នុងប្រទេសថៃ។
លោកថាការសម្រេចដាក់បញ្ចាំងរឿងជាថ្មី លោកមិនទាន់រំពឹងថាទទួលបានថវិកាចំណេញប៉ុន្មាននៅឡើយទេ ដោយសារតែរឿងរបស់លោកចំនួន២កន្លងមកដូចជារឿង«អាព្រឿងងាប់ហើយ» និងរឿង«អាកុកអាច្រវ៉ា»ដែលលោកយកបញ្ចាំងនៅបាត់ដំបង និងបន្ទាយមានជ័យសុទ្ធតែខាត។ ជាក់ស្ដែងលោកថាក្នុងខេត្តបាត់ដំបងលោកធ្លាប់ខាតជាង១ពាន់ដុល្លារ និងខេត្តបន្ទាយមានជ័យធ្លាប់ខាតជាង៣ពាន់ដុល្លារ ដោយសារតែរោងនៅទីនោះផ្ទុកមនុស្សបានតិច ហើយនៅខេត្តបន្ទាយមានជ័យហាក់មិនសូវមានអ្នកចូលចិត្តទស្សនារឿងខ្មែរ។
យ៉ាងណាមិញ លោកថាត្រូវតែប្រថុយ ដោយសារតែការដាក់បញ្ចាំងលើកនេះ លោកអត់បានចំណាយលុយធ្វើយុទ្ធនាការផ្សព្វផ្សាយធំដុំដូចមុននោះទេ ហើយចំពោះការចំណាយលើក្រុមការងារក៏មិនមានដូចមុន។ លោកថាការដាក់បញ្ចាំងរឿង«វិកលចរឹត»លើកទី២ លោកអត់មានជួលក្រុមផ្សព្វផ្សាយនោះទេ ដោយលោកសុខចិត្តជិះកង់ដើរចែកខិតប័ណ្ណខ្លួនឯង ហើយចំណាយតែថ្លៃបាយទឹក និងការបោះពុម្ភខិត្តប័ណ្ណមួយចំនួនប៉ុណ្ណោះ។
លោកនិយាយថា«ក្រោយបញ្ចប់ការបញ្ចាំងនៅភ្នំពេញ និងសៀមរាប ខ្ញុំបានតែដើមសងគេ ហើយសល់បានម្នាក់៣ពាន់ដុល្លារ តែឥលូវហ្នឹងវាចង់អស់ហើយ ទើបយករឿងហ្នឹងមកបញ្ចាំងម្ដងទៀត ក្រែងបានដើមខ្លះយករឿងទៅថៃនៅដើមខែមេសាហ្នឹង»។
លោកថាក្នុងគម្រោងទៅថៃ លោករំពឹងថារឿង«វិកលចរឹត»នឹងជួយឲ្យលោកសល់លុយសល់កាក់ ខណៈដែលក្រោយបញ្ចប់ការបញ្ចាំងនៅថៃ លោកក៏យកទៅបញ្ចាំងនៅឡាវមួយទៀត ដោយសារតែការដាក់បញ្ចាំងនៅឡាវអាចប្រើភាសាថៃតែមួយបាន។ លោកថាក្រោយយករឿងទៅបង្ហាញនៅប្រទេសចិន លោកពិតជាទទួលបានការយល់ព្រមពីសំណាក់ថៃ និងឡាវដូចការគ្រោងទុក ទើបធ្វើអោយរឿង«វិកលចរឹត»អាចចូលទីផ្សារប្រទេសទាំង២ ដែលតម្រូវអោយលោកត្រូវពន្លឿនលើការបកប្រែបញ្ចូលសំឡេងអោយឆាប់រួចរាល់។ លោកថាមានតែមានវិធីយករឿងទៅបញ្ចាំងនៅថៃ និងឡាវ ប៉ុណ្ណោះ ទើបអាចអោយលោកមានលុយផលិតរឿងបន្តបន្ទាប់ បើមិនដូច្នេះទេ បើរំពឹងការបញ្ចាំងក្នុងស្រុកគឺទប់មិនជាប់ឡើយ។
លោកហ៊ុយ យ៉ាឡេង បន្តថាលោកមិនមែនអត់លទ្ធភាពទិញម៉ូតូជិះមិនបានក្រោយពីរឿអ«វិកលចរឹត»មានអ្នកគាំទ្ររហូតបានចំណេញនោះទេ ប៉ុន្តែមកពីលុយចំណេញនោះតិចពេក ហើយទុកសម្រាប់តែចាត់ចែងការងារបន្តបន្ទាប់ទើបលោកទុកលុយប្រើការ។ ម្យ៉ាងមកពីលោកចូលចិត្តជិះកង់នោះផង ទើបសម្រេចចិត្តមិនទិញម៉ូតូ ហើយបើមានការងារទៅណាឆ្ងាយៗគឺជិះតុកតុក និងរថយន្តឈ្នួល។ លោកនៅតែបដិសេធថាខ្លួនមិនធ្លាប់មានរថយន្តជិះដូចការលើកឡើងនោះទេ ដោយអះអាងថារថយន្តដែលោកធ្លាប់ជារថយន្តរបស់ដៃគូដែលបោះទុនអោយលោកផលិតរឿងអោយតែប៉ុណ្ណោះ ដោយរឿង«វិកលចរឹត»ទើបជារឿងដែលលោកប្រថុយផលិតខ្លួនឯង៕