នៅទីបំផុត ការប្រកួតជាលើកទី៣រវាងកីឡាករកម្ពុជា ឡុង សុភី និងកីឡាករថៃ Chhuok Chhai ត្រូវបានបញ្ចប់ដោយកីឡាករកម្ពុជាជាអ្នកបរាជ័យ ខណៈដែលការប្រកួតដែលអ្នកទាំងពីរជួបគ្នាកាលពី២លើកមុន គឺរកមិ
នឃើញចាញ់ឈ្នះ។
លទ្ធផលដែលទើបស្ដែងឡើងក្នុងជំនួបជាលើកទី៣នេះ កីឡាករកម្ពុជាក៏រងការរិះគន់ច្រើនណាស់ផងដែរ បន្ថែមពីលើកការបរាជ័យ រហូតដល់អ្នកគាំទ្រភាគយល់ថាគឺជាជំនួបខាតច្រើនរបស់គេនោះផង។
លោក ញាណ សុធី អ្នករៀបចំការប្រកួតប្រចាំនៅទូរទស្សន៍អាស៊ីអាគ្នេយ៍បានអះអាងថា ធៀបនឹងការប្រកួតរវាងកីឡាករ ឡុង សុភី មកពីក្លិបសាលវ័ន្តកីឡា និងកីឡាករថៃ Chhouk Chhai កាលពី២លើកមុន លោកចាត់ទុកការប្រកួតរបស់ពួកគេកាលពីថ្ងៃទី២០ សីហា មានលទ្ធផលមិនសូវល្អ។
ហេតុផលដែលលោកយល់ឃើញបែបនោះ គឺដោយសារតែពេញរយៈពេល៥ទឹករបស់អ្នកទាំងពីរនៅលើសង្វៀន គឺមិនសូវមានភាពរស់រវើក ដោយលោកបានហៅថាអ្វីដែលបានស្ដែងឡើងគឺបង្ហាញពីភាពកំសោយរ
បស់កីឡាករទាំងពីរនោះផង ដោយលោកបានសង្កត់ទម្ងន់ជាងគេទៅលើកីឡាករកម្ពុជា។
លោកថាការប្រកួតកន្លងមក ឡុង សុភី មិនដែលបណ្ដោយគូប្រកួតវាយចេញបានច្រើននិងមិនទុកមុខអោយដៃគូនោះទេ ជាពិសេសអោយតែកីឡាករដែលត្រូវប៉ះកណ្ដាប់ដៃជាមួយនោះ មិនសូវវាយចេញបានល្អ។ ប៉ុន្តែសម្រាប់ការប្រកួតជាមួយដៃគូចាស់គឺ Chhouk Chhai លើកនេះ លោកថា ឡុង សុភី ប្រកួតមិនសូវល្អ ដោយកីឡាករថៃមិនទាំងបញ្ចេញបច្ចេកទេសណាមួយគួរអោយកត់សម្គាល់ផង ក៏បណ្ដោយអោយការប្រកួតអួសបន្លាយដល់៥ទឹក ហើយកីឡាកររូបនេះហាក់មិនបានបញ្ចេញថ្វីដៃតែម្ដង។
លោកចាត់ទុកថាសកម្មភាពប្រកួតមិនរស់រវើករបស់កីឡាករទាំង២ បណ្ដាលមកពី ឡុង សុភី ប្រកួតមិនអស់ដៃនិងគិតតែពីអោបៗបេះមិនចេញ ទើបធ្វើអោយការប្រកួតរបស់គូនេះមិនសូវទាក់ភ្នែក។ អ៊ីចឹងហើយទើបលោកយល់ស្របថាការប្រកួតេដែលបានធ្វើឡើងកាលពីថ្ងៃអាទិត្យដែលជាជំនួបសងសឹកនោះ គឺធ្វើអោយ ឡុង សុភី
ខាតធ្ងន់ដោយសារតែការប្រកួតរបស់គេត្រូវបញ្ចប់ ដោយកីឡាករថៃឈ្នះពិន្ទុ ហើយគេក៏ត្រូវមហាជនកត់សម្គាល់ថាប្រកួតមិនសូវល្អឬធ្លាក់ដៃទៅទៀត។
លោក ញាណ សុធី ទទួលស្គាល់ថាការប្រកួតរបស់កីឡាករកម្ពុជាមានការប្រែប្រួលពីល្អមកជាចុះខ្សោយស្ទើរតែគ្រប់កីឡាករ គឺមិនមែនតែ ឡុង សុភី នោះទេ ដែលបញ្ហានេះអាចបណ្ដាលមកពីក្រោយពីមានឈ្មោះល្បីក៏ចេះតែប្រហែសខ្លួន ហើយបណ្ដោយអោយសមត្ថភាពដែលធ្លាប់តែឈានឡើងក៏មានការប្រែប្រួល។
លោកនិយាយថា «ឥឡូវពិបាកមែនទែន កីឡាករណាក៏ដូចកីឡាករណាដែរ (កីឡាករកម្ពុជា) គឺប្រកួតយូរទៅមិនដឹងណាមិនដឹងណីទេ!»។
ហេតុផលដែលមានការបញ្ហានោះកើតឡើង លោកថាមិនមែនដោយសារតែបញ្ហាតម្លៃខ្លួននៅទាបដូចមុននោះទេ ដោយសារតែភាពជាក់ស្ដែង គឺទាំងសង្វៀនរបស់លោកនិងសង្វៀនរបស់បណ្ដាប៉ុស្ដិ៍ផ្សេង សុទ្ធតែបានដំឡើងតម្លៃខ្លួនអោយកីឡាករ ជាពិសេសសម្រាប់កីឡាករដែលមានឈ្មោះបានឡើងសង្វៀនអន្តរជាតិប្រកួត
ជាមួយកីឡាករបរទេស។
ប៉ុន្តែអាចមកពីកង្វះខាតកីឡាករហើយតម្រូវអោយកីឡាករល្បីៗឡើងរេញរហូតដល់៣ដងទៅ៤ដង ក្នុងមួយខែ
ទើបធ្វើអោយកីឡាករខ្លះមិនហ៊ានវាយអស់សមត្ថភាពទេ ដើម្បីទុកកម្លាំងឡើងរេញបន្ទាប់ និងកីឡាករខ្លះទើបតែឡើងរេញនៅប៉ុស្ដិ៍ផ្សេង ហើយក៏ទទួលវាយនៅសង្វៀនរបស់លោក ដែលសូម្បីតែលោកផ្ទាល់ ក៏អះអាងថាមិនអាចទប់ស្កាត់បញ្ហានេះបាន។
យ៉ាងណាមិញ លោកមិនទាន់ដឹងថាហេតុផលដែល ឡុង សុភី ប្រកួតមិនសូវរស់រវើកក្នុងជំនួបសងសឹកជាមួយកីឡាករថៃ Chhouk Chhai ដោយសារតែហេតុផលណាមួយនោះទេ គឺគ្រាន់តែលោកសម្ដែងអារម្មណ៍សោកស្ដាយដែលការប្រកួតនោះគឺទាំងលោកនិងមហាជន សុទ្ធតែរំពឹងថានឹងធ្វើអោយកក្រើកអ្នកស្នេហាប្រដាល់ដោយសារតែជាជំនួបសងសឹកជាមួយដៃគូចាស់ ប៉ុន្តែចុងក្រោយបែរជាការប្រកួត៥ទឹករបស់ពួកគេគឺមិនមានភាពទាក់ទាញ។
លោកថាការប្រកួតបែបហ្នឹងបានធ្វើអោយមានការកត់សម្គាល់ថា ឡុង សុភី ប្រកួតធ្លាក់ដៃភាគច្រើន ក្នុងពេលដែលចប់ការប្រកួតគឺ ឡុង សុភី ក៏ចាញ់ពិន្ទុកីឡាករថៃនោះផង។ ការប្រកួតរបស់អ្នកទាំងពីរកាលពី២លើកមុន
លោកថាស្មើគ្នាទាំង២លើក ដោយធៀបនឹងការប្រកួតលើកចុងក្រោយដែលជាជំនួបលើកទី៣ គឺការប្រកួតលើកមុនល្អជាងដាច់តែម្ដង ដោយសារតែ ឡុង សុភី កាលនោះប្រកួតបានរស់រវើក។
ឆ្លើយតបនឹងការលើកឡើងនេះ ឡុង សុភី និយាយថាហេតុផលដែលខ្លួនប្រកួតមិនសូវរស់រវើកមិនមែនជាកំហុសរបស់ខ្លួននោះទេ គឺដោយសារតែ កីឡាករ Chhouk Chhai ប្រកួតបិទស្នៀតជាប់រហូត ដែលបណ្ដាលអោយលោកធ្វើអ្វីក៏មិនបានប៉ុណ្ណោះ។ លោកថាមិនមែនជារឿងងាយស្រួលនោះទេ ដោយពេលចូលកៀកក៏ត្រូវកីឡាករថៃស្ទុះអោប ដែលមិនអាចអោយលោកវាយកែង និងម៉ាត់បានតាមការគ្រោងទុក។
ក្នុងនោះលោកក៏ចាត់ទុកថាលទ្ធផលដែលលោកប្រកួតចាញ់ក្នុងជំនួបសឹកនោះ គឺជារឿងមិនអស់ចិត្តនោះផង
ដោយលោកបញ្ជាក់ថាបើទោះជាប្រកួតមិនសូវបានរស់រវើក តែលោកវាយចេញបានច្រើនជាងកីឡាករថៃ។ យ៉ាងណាមិញ លោក ញាណ សុធី និយាយថា ឡុង សុភី វាយចេញបានច្រើនមែន ប៉ុន្តែបណ្ដាលមកពីកម្រិតវាយត្រូវមានបរិមាណតិចជាងកីឡាករថៃ ទើបជំនួបសងសឹករបស់អ្នកទាំងពីរគឺកីឡាករថៃជាអ្នកឈ្នះពិន្ទុ៕